គឹម សន្តិភាព៖ «មិននឹកស្មានថា សកម្មជន LDP ពូកែជេរ!»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៧ មេសា ២០១៥
- កែប្រែចុងក្រោយ: April 27, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្ដងទៀត លោក គឹម សន្តិភាព មន្ត្រីអ្នកនាំពាក្យ របស់ក្រសួងយុត្តិធម៌ បានប្រតិកម្ម ទៅនឹងការលើកឡើងនានា របស់ក្រុមសកម្មជន របស់គណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ឬបក្ស«ជួង»។ លោក បានសម្ដែងការហួសចិត្ត ទៅលើក្រុមយុវជនទាំងនេះ ដែលលោកចាត់ទុកថា មានជំនាញ ខាង«ជេរ ប្រមាថកាតទាន» ដោយមិនសំចៃមាត់។
ប្រតិកម្មរបស់លោក គីម សន្តិភាព បានធ្វើឡើង បន្ទាប់ពីលោក បានសរសេរបញ្ជាក់ តាមបណ្តាញព័ត៌មានសង្គម របស់ខ្លួនចែកជូនជាសាធារណៈ ថា លោក ខឹម វាសនា ដែលជាប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមានជាប់សាច់ញាតិ ជាមួយលោក ជាម យៀប ឡើយ ព្រោះកន្លងមក មានការលើកយកឈ្មោះ លោក ជាម យៀប មកប្រើប្រាស់ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងនាំឲ្យមានការភាន់ច្រលំ។
ក្នុងសារនៅលើជញ្ជាំងហ្វេសប៊ុក របស់លោក បានសរសេរថា៖ «សូមសមត្ថកិច្ច មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ បើបុគ្គល ខឹម វាសនា ដើរអះអាង ឬប្រើប្រាស់ឈ្មោះ ឯកឧត្តមបណ្ឌិតរដ្ឋ ដើម្បីការពារខ្លួន ឬដើម្បីផលប្រយោជន៏អ្វីមួយ របស់ខ្លួននោះ»។
ការលើកឡើង របស់មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅមិនទាន់មានការបកស្រាយ ដោយផ្ទាល់មាត់ ពីលោក ខឹម វាសនា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅឡើយ។ តែសម្រាប់ក្រុមយុវជន នៃគណបក្សជួងឯណោះវិញ បានចេញមកធ្វើការបដិសេធ យ៉ាងព្រោងព្រាត និងថែមទាំង ធ្វើការវាយប្រហារយ៉ាងចាស់ដៃ ត្រឡប់ទៅលោក គឹម សន្តិភាព វិញ។ គណនីហ្វេសប៊ុកមួយឈ្មោះ រ័ត្ន អារ៉ៃ (Arey Rath) បានលើកជាសំនួរថា៖ «ខ្ញំសូមសួរលោកថា តើលោកបានឮសាធារណៈជន និយាយថា លោក ខឹម វាសនា បានប្រើប្រាស់ឈ្មោះ ឯកឧត្តមបណ្ឌិត ជាទីគោរពរបស់លោក ដើម្បីការពារខ្លួនឫ ផលប្រយោជន៍អ្វីមួយដែរឺទេ មុននឹងលោកសរសេរហ្នឹង? តែបើតាមខ្ញំដឹង មានតែមនុស្ស (...) មិនតិចទេ នៅក្នុង CPP ដែលចូលចិត្តធ្វើរឿងបែបនេះនោះ។»
ឯលោក រឿន ពុទ្ធី (Rean Puthi) អ្នកគាំទ្រលោក ខឹម វាសនា ម្នាក់ទៀត បានលើកឡើងថា៖ «មានតែអ្នកគាំទ្រ បក្សប្រឆាំងមួយចំនួន លាបពណ៍ថា ខឹម វាសនា ជាក្មួយ ជាម យៀប តែ ខឹម វាសនា បានបដិសេធ ជាច្រើនលើកមកហើយ ថាមិនមែនជាក្មួយទេ។ តែពេលនេះ មានអ្នកនិយាយបែបនេះវិញ។»
តបនឹងការវាយប្រហារទាំងនោះ លោក កឹម សន្តិភាព បានស្នើដល់ក្រុមយុវជន ឬថ្នាក់ដឹកនាំគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មុននឹងធ្វើការបិហារ ឬប្រមាថអ្វីមួយ តោងស្វែងយល់ និងមើលឲ្យបានច្បាស់ នូវអត្ថន័យដែលលោក បានសរសេរផ្ទាល់ ក្នុងបណ្តាញសង្គមជាមុនសិន។ លោកបានចោទជាសំនួរថា៖ «សូមបើកភ្នែកអោយធំ សម្លឹងមើលអត្ថន័យរបស់ខ្ញុំ អោយបានច្បាស់លាស់! ត្រង់ណាដែលថា ខ្ញុំចោទប្រធាន LDP នោះ?»
លោក គឹម សន្តិភាព បានសរសេរតប នៅក្នុងវាចាយោបល់ថា៖ «មិននឹកស្មានថា សកម្មជន LDP ពូកែជេរគ្រាន់បើ!»។
យ៉ាងណាក៏ដោយ ប្រធានគណបក្ស«ជួង» លោក ខឹម វាសនា បានថ្លែងតាមវិទ្យុក្នុងស្រុកមួយថា ការប្រកាសរបស់លោក គឹម សន្តិភាព កូនប្រសាររបស់លោក ជាម យៀប ដែលបានអះអាងដូចខាងលើ គឺដូចជាជួយរូបលោក ឲ្យរួចផុតពីការលាបពណ៍ យ៉ាងជ្រះស្រលះទៅវិញ៕