ខឹម វាសនា ថា​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ «ថោក​ទាប»

ដើម្បីប្រតិកម្ម ទៅនឹងអត្ថបទរបស់ទស្សនាវដ្ដី ដែលចេញផ្សាយ ពីទំនាស់ពាក្យសម្ដី រវាងលោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និងប្រមុខគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យនោះ លោក ខឹម វាសនា បានជ្រើសរើសការឆ្លើយតប ប្រកប​ដោយ​ជំនាញ​មួយ យ៉ាង​ពិសេស​របស់​លោក។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៧ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 27, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សូមមើលចរិតថោកទាប របស់ទស្សនាវដ្តី MONOROOM» នេះជាចំណងជើង ដែលគេអាចមើលឃើញ និងអាច​អាន​បាន នៅលើជញ្ជាំងហ្វេសប៊ុក របស់លោក ខឹម វាសនា «ប្រមុខ»គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ឬហៅថា​បក្ស​ជួង ដើម្បីប្រតិកម្មទៅនឹង អត្ថបទរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៥។ អត្ថបទនោះ បានចុះផ្សាយ ពីការយល់ច្រឡំ រវាងលោក ខឹម វាសនា និងលោក គឹម សន្តិភាព ទាក់ទងនឹង​ការ​ជាប់​សាច់​ឈាម ជាមួយនឹងលោក ជាម យៀប តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា។

» សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ

សរសេរអមជាមួយរូបភាព ផ្តិតពីអេក្រង់អត្ថបទ របស់ទស្សនាវដ្ដីផងនោះ លោក«ប្រមុខ»របស់បក្សជួង បាន​សរសេរ​បន្តថា «ខ្ញុំសង្កេតទស្សនាវដ្តីនេះ​ យូរហើយ និយាយគ្មានវិជ្ជាជីវ:ទេ ចរិតអ្នកសរសេរ គឺមកពី CNRP តែម្តង។ មិន​មែន​ម្តងទេ គឺច្រើនដងហើយ។»

លោក បានបញ្ចប់សេចក្ដីរបស់លោក ដោយធ្វើការវាយតម្លៃ ជាចុងក្រោយថា៖ «ទស្សនាវដ្តីនេះ ថោកទាបណាស់»។

ការលើកឡើងរបស់លោក ខឹម វាសនា បានបង្កឲ្យមានការចែករំលែក នៅលើបណ្ដាញសង្គម យ៉ាងច្រើនកុះករ មក​ដល់​ពេលនេះ មានប្រមាណជាង ៤០០ដង (ឃើញមានប៉ុន្មាននាក់ដែរ ដែលបានចែករំលែក ជាង១០ដង តែម្នាក់ឯង) និង​បង្ក​ឲ្យមានការបញ្ចេញមតិ យោបល់ជាច្រើន ជាពិសេសនោះ គឺបណ្ដាសកម្មជន របស់គណបក្សនេះតែម្ដង។

ប្រិយមិត្តមួយចំនួន បានផ្ញើរសារមកទស្សនាវដ្ដី ដើម្បីចង់ដឹង ពីប្រតិកម្មរបស់ទស្សនាវដ្ដី តបនឹងការវាយតម្លៃ របស់​«ប្រមុខ»​បក្សខាងលើ។ ទស្សនាវដ្ដីឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណ ចំពោះការចាប់អារម្មណ៍ ពីសំណាក់​ប្រិយ​មិត្ត​ទាំងអស់ (រាប់ទាំងប្រិយមិត្ត ក្នុងបក្សជួងផង) តែទស្សនាវដ្ដីមិនមានតួនាទី ក្នុងការឆ្លើយតប ទៅនឹង«ការវាយតម្លៃ ឬ​ការ​លាបពណ៌»ណាមួយ នៅតាមបណ្ដាញសង្គម មកលើទស្សនាវដ្ដីឡើយ។

ដោយឡែក អតីតមន្ត្រីបួនជំនាន់ លោក ព្រហ្ម គិត ដែលសព្វថ្ងៃចូលនិវត្តន៍ នៅក្នុងប្រទេសបារាំង បានសម្ដែងចំណាប់​អារម្មណ៍របស់លោកថា អ្វីដែលជាការលើកឡើង ខាងលើ ជាផ្នែកមួយ នៃយន្ដការ«ជេរ» របស់លោក ខឹម វាសនា និង​គណបក្សរបស់លោក។ ក្រៅពីយន្ដការទាំង៨ចំណុច ដែលសុទ្ធសឹង ជាយន្ដការ«សុបិន្ដ»នោះ លោក ខឹម វាសនា កំពុង​មានចេតនា បណ្ដុះឲ្យមានយន្ដការ«ជេរ»មួយទៀត។ យន្ដការ«ជេរ»នេះ វាស្របទៅនឹងនយោបាយ របស់​ប្រទេស​ជិត​ខាង ដែលមានបំណង ធ្វើយ៉ាងណា ត្រូវបំផ្លាញមូលដ្ឋានគ្រឹះ នៅក្នុងសង្គមខ្មែរ។ លោក ព្រហ្ម គិត បានថ្លែងថា សង្គម​មួយ​ដែលសម្បូរ ទៅដោយមនុស្ស ដែលចេះតែ«ជេរ» ពោរពេញដោយកំហឹង នឹងធ្វើឲ្យសង្គមនោះ មានលក្ខណៈ​ផុយ​ស្រួយ ងាយ​ស្រួលនឹងវាយបំបាក់ ជាទីបំផុត។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងលើកយកការវិភាគ របស់លោក ព្រហ្ម គិត ស្ដីពីយន្ដការ«សុបិន្ដ» ទាំង៨ចំណុច របស់​គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ មកផ្សាយ នៅក្នុងអត្ថបទក្រោយរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...