ភ្លៀង​មួយ​មេ​ធំ បង្ក​ជម្លោះ​ទាំង​ព្រឹក នៅ​ស្រុក​ពញ្ញាឮ

ជម្លោះបានផ្ទុះឡើង ស្ទើរស៊ីសាច់ហុតឈាម ព្រោះតែគ្មានលូបង្ហូរទឹកពេលភ្លៀង ដោយសារប្រព័ន្ធបង្ហូលូសាធារណៈមួយ ស្ថិត​នៅ​ជិត​ផ្ទះ​ភាគី​ម្ខាង។ ភាគីនោះ បានធ្វើការហាមឃាត់យ៉ាងទទឹងទិស មិនឲ្យអ្នកណាម្នាក់ បង្ហូរទឹកចូលប្រព័ន្ធលូនោះ និងថែមទាំង គម្រាមប្តឹងទៀតផង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៧ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 28, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីព្រឹក ថ្ងៃទី២៧ ខែមេសានេះ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ បណ្តាលឲ្យមនុស្សម្នា ធ្វើដំណើរនៅតាមដងផ្លូវ ព្រោង​ព្រាតពិបាក ដោយសារកន្លែងខ្លះលិចទឹក និងកន្លែងខ្លះទៀតស្ទះផ្លូវ បញ្ហាទាំងនេះ ស្ទើតែជារឿងធម្មតាទៅហើយ រាល់​ពេល​មានភ្លៀងធ្លាក់ម្តង។ តែអ្វីដែលមិនធម្មតានោះ គឺភ្លៀងមួយមេនេះ បានធ្វើឲ្យគ្រួសារពីរមានជម្លោះជាមួយគ្នា ដោយ​ពាក្យ​សម្តីធ្ងន់ៗ បម្រុងនឹងបង្កររបួសស្នាម ថែមទៀត។

ហេតុការណ៍ដែលបណ្តាល ឲ្យគ្រួសារទាំងពីរ ជាអ្នកជិតខាងជាមួយគ្នា រស់នៅភូមិពោធ៍មង្គល ឃុំព្រែកតាទែន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ឈ្លោះគ្នា រហូតចង់ប្រើប្រាស់ អំពើហិង្សាដាក់គ្នានេះ ដោយសារនៅពេលមានភ្លៀងធ្លាក់ រហូត​ដល់​លិចផ្ទះភាគីម្ខាង ម្ចាស់ផ្ទះភាគីនោះ បានទៅកាយឲ្យទឹក ចេញពីផ្ទះទៅចូលលូ តែគ្រួសារម្ខាងទៀត បាន​ហាម​ប្រាម​ថា មិនឲ្យកាយអ្វីទាំងអស់ ព្រោះលូនោះ នៅជាប់ផ្ទះរបស់ខ្លួន (Sic)។

មេគ្រួសារដែលលិចទឹក អ្នកស្រី លឹម សុខិម បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៥​ថា គាត់គ្រាន់តែចង់រំដោះទឹកភ្លៀងចេញ មិនឲ្យលិចចូលផ្ទះប៉ុណ្ណោះ តែអ្នកម្ចាស់ផ្ទះនៅជាប់លូ មិនឲ្យអ្នកស្រីធ្វើ ហើយថែមទាំងបានជេរប្រមាថ មើលងាយអ្នកស្រី ដោយពាក្យសម្តីផ្សេងៗមិនសមរម្យ ហើយបានបម្រុងប្រើចប ដែល​នៅ​កាន់នឹងដៃគាត់ មកវាយអ្នកស្រីទៀតផង។ លុះត្រាតែមានអ្នកជិតខាងមកជួយ ទើបគាត់ព្រមផ្អាកសកម្មភាព។ អ្នកស្រី​ថា ក្នុងបញ្ហានេះ គ្មានអ្នកណាម្នាក់រងរបួសទេ តែបានឈរឈ្លោះគ្នា ពីចំងាយរៀងខ្លួន។

ចំណែកឯក្រុមគ្រួសារ ភាគីម្ខាងទៀតមានគ្នាពីរនាក់ ស្វាមីឈ្មោះ នៅ ណាង អាយុ៥៦ ឆ្នាំ និងប្រពន្ធឈ្មោះ ខុម អាយុ ៥០ឆ្នាំ មានទីលំនៅក្នុងភូមិកើហេតុខាងលើ បាននិយាយខ្លាំងៗ នៅពេលមេឃកំពុងភ្លៀងថា គ្មានអ្នកណាម្នាក់ អាច​កាយ​លូនេះបានទេ ទោះចង់ទឹកភ្លៀងលិចផ្ទះអ្នកណា ក៏ដោយ។ ភាគីដែលមានផ្ទះជាប់លូខាងលើ បានបន្ថែមទៀតថា គាត់មិនឲ្យភាគីអ្នកស្រី លឹម សុខិម កាយលូទេ ហើយបើនៅតែបន្តធ្វើ គាត់នឹងទៅប្តឹងមេភូមិ ថាបំពារបំពាន​មក​លើ​ផ្ទះ​គាត់។

បើតាមព្រឹទ្ធាចារ្យម្នាក់ នៅក្នុងភូមិនេះ លោកយាយ អ៊ឺន យួន វ័យ៧០ឆ្នាំ ឲ្យដឹងថា គាត់មិនមែនកាន់ជើង លំអៀង​ទៅ​ខាង​ណានោះទេ។ តាមធម្មតា លូត្រូវបានគេធ្វើឡើង សម្រាប់បង្ហូរទឹក។ តែការហាមឃាត់ របស់គ្រួសារលោក នៅ ណាង ជាទង្វើមួយខុស ព្រោះមិនព្រម ឲ្យគេបង្ហូរទឹកចូលទៅក្នុងលូ នៅពេលមានអាសន្ន។ លោកយាយថា ប្រហែល​ជា​គ្រួសារ​នេះ មាន​​គោល​​បំណង ឲ្យអ្នកជិតខាងរបស់ខ្លួន ទទួលរងការខូចខាតមើលទៅ។

នៅក្នុងពេលភ្លាមៗ ទស្សនាវដ្តីមិនអាចជួប ជាមួយលោក យឹម ចេត មេឃុំព្រែកតាទែនបានទេ ដោយលោកមិនទាន់​មកធ្វើការ។ តាមអ្នកភូមិទាំងអស់ ដែលនៅក្នុងហេតុការណ៍ ប្រមាណជា១ម៉ោងជាងនេះ បានឲ្យដឹងថា វាជារឿង​មួយ​មិនត្រឹមត្រូចទេ ព្រោះគ្មានអ្នកណាម្នាក់ មានសិទ្ធកាន់កាប់ លើទ្រព្យសម្បត្តិ៍សាធារណៈដូច្នេះឡើយ។ តែពលរដ្ឋ​អាច​មាន​សិទ្ធិប្រើប្រាស់ និងចូលរួមថែរក្សាការពារ ទ្រព្យសម្បត្តិ៍សាធារណៈបាន។ ម្យ៉ាងទៀត គ្រួសារអ្នកស្រី លឹម សុខិម គួរតែជូនដំណឹងទៅអាជ្ញាធរ (មេភូមិ ឬមេឃុំ ឬតំណាងអាជ្ញាធរណាម្នាក់ទៀត) មុននឹងធ្វើការកាយលូនេះ ដើម្បី​បញ្ជៀស​នូវហេតុការណ៍ ប្រឈមមុខដូចខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...