ស្ត្រីសង្ស័យលួច«កេសដាក់ផ្លែឈើ»ម្នាក់ ត្រូវម្ចាស់ចាប់ទៅឲ្យនគរបាល
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៧ មេសា ២០១៥
- កែប្រែចុងក្រោយ: April 28, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីដែលបង្ករការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ២៤៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចទល់មុខ ផ្ទះធ្វើអាជីវកម្មទឹកអំពៅ។ ស្រ្តីជាប់ចោទម្នាក់ ត្រូវបានចាប់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីកើតមានហេតុការណ៍នេះ ហើយត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ។
កញ្ញា អានី អ្នកលក់ផ្លែឈើនៅផ្សារនាគមាស បានប្រាប់ឲ្យដឹងថា កញ្ញាបានបាត់កេស សម្រាប់ដាក់ផ្លែឈើនេះ ជាបណ្តើរៗ ដោយរកមុខអ្នកលួច មិនដែលឃើញសោះ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រមាណ ជាង១០០កេះទៅហើយ បើគិតមកដល់ថ្ងៃនេះ តែមិនដែលចាប់ដានអ្នកលួចបានទេ។ លុះរហូតមកដល់ខែមេសា អ្នកលក់ផ្លែឈើ នៅតែបន្តបាត់កេសនោះទៀត គាត់មិនអស់ចិត្ត ក៏ចាប់ផ្តើមតាមដាន។
ស្រាប់តែ នៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៥ កញ្ញាបានឃើញស្រ្តីជនសង្ស័យ មាន«កេះផ្លែឈើ»ជាងម្ភៃ នៅនឹងដៃបម្រុងយកទៅផ្ទះ កញ្ញាបានចាប់អារម្មណ៍ថា គាត់មិនមែនជាអ្នកលក់ផ្លែឈើទេ ហេតុអ្វីបានជាមានកេសនេះច្រើនម្លេះ? បន្ទាប់ពីធ្វើការសាកសួរ ស្រ្តីខាងលើបានឆ្លើយ ទាំងរដាក់រដុប និងបានព្យាយាមរត់គេចខ្លួន។
ស្រ្តីដែលត្រូវបានគេសង្ស័យថា ជាចោរលួច«កេសដាក់ផ្លែឈើ»ជាច្រើនខាងលើ ឈ្មោះ រចនា អាយុប្រមាណជា៣០ ឆ្នាំ មានទីលំនៅ ក្នុងទីតាំងកើតហេតុខាងលើបាន បានប្រាប់អ្នកសារព័ត៌មានថា គាត់មិនបានលួចទេ គឺកេះទាំង២៤នោះ គាត់ទិញពីអ្នកអួសរទេះ មិនបានលួច ដូចគេចោទនោះទេ។ ដោយឡែក ប្អូនប្រុសជនសង្ស័យខាងលើ បានបង្ហើបថា បងស្រីខ្លួនមានជួលផ្ទះមួយ ពីស្រ្តីម្នាក់ឈ្មោះ យឿន សម្រាប់ដាក់របស់នេះ ដើម្បីទុកលក់ឲ្យឈ្មួញ ដែលដឹកផ្លែឈើពីតាមខេត្ត។ តែប្អូនប្រុសនោះ មិនបានបញ្ជាក់ថា របស់ទាំងនោះ មានលើសពី១០០គ្រឿង ដូចដែលអ្នកលក់ផ្លែឈើ បានចោទប្រកាន់ ឬយ៉ាងណានោះទេ។
បន្ទាប់ពីមានការឈ្លោះទាស់ទែងគ្នា មួយសន្ទុះធំរួចមក ស្រ្តីជនសង្ស័យ នៅតែមិនព្រមសារភាព ហើយមានបំណង ចង់រត់គេចខ្លូន តែត្រូវបានភាគីស្ត្រីលក់ផ្លែឈើ ធ្វើការឃាត់ខ្លួន និងបញ្ជូន ទៅកាន់ប៉ុស្តិ៍នគរបាល បឹងសាឡាង ដើម្បីបំភ្លឺបញ្ហាទាំងអស់នេះរួមគ្នា ងាយស្រួលសមត្ថកិច្ច ធ្វើការស៊ើបអង្កេត រកអ្នកដែលប្រព្រឹត្ត។ អ្នកលក់ផ្លែឈើ កញ្ញា អានី បានឲ្យដឹងថា កេសដែលគាត់បានបាត់នោះ បើទិញថ្មីតម្លៃពី ២០០០០រៀល ទៅ៤០០០០រៀល ហើយបើលក់ចេញ ជារបស់ចាស់ៗវិញ ក៏បានពី៥០០០រៀល ទៅ២០០០០ដែរ ក្នុងមួយគ្រឿង៕