ធាតុអាកាសម៉ូសុងនៅឥណ្ឌា៖ តុល្យភាពនៃអ្នកស្លាប់ឡើងដល់៥ពាន់នាក់
ស្ថានភាពឧត្តុនិយមចុះអាក្រក់ខ្លាំង នៅភាគខាងជើងនៃប្រទេសឥណ្ឌា បានពន្យឺតការជួយសង្គ្រោះ របស់ក្រុមការងារតាំងពីថ្ងៃអាទិត្យទី២៣ខែមិថុនា ដើម្បីជម្លៀសបណ្ដាជនរាប់សិបពាន់នាក់ ដែលនៅជាប់គាំងនៅតាមតំបន់ជួរភ្នំហិម៉ាល័យ៉ា។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា លោក យ៉ាសផាល អារីយ៉ា (Yashpal Arya) កាលពីថ្ងៃអាទិត្យ មករាយការណ៍ថា មនុស្សយ៉ាងតិចណាស់៥ពាន់នាក់បានរងគ្រោះដល់ជីវិត នៅក្នុងព្រឹត្តិការណ៍នេះ។ លោក អារីយ៉ា បាននិយាយថា ទឹកជំនន់បានជោរជន់បង្កឲ្យមានការបាត់បង់ដ៏ធ្ងន់ធ្ងរ ជាពិសេសនៅក្នុងតំបន់តាមជ្រលងកេរដាណាដ (Kedarnath) ទីកន្លែងដែលក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើយុទ្ធនាការជម្លៀសបណ្ដាជនចេញ។
នៅថ្ងៃអាទិត្យដដែល កងទ័ពបានបញ្ជូនកម្លាំងរបស់ខ្លួនបន្ថែម តាមឧទ្ធម្ភាគចក្រឆ្ពោះទៅតំបន់មានអសន្នទាំងនេះ តែយុទ្ធនាការត្រូវបានផ្អាក ដោយហេតុមកពីមានភ្លៀងធ្លាក់ បង្អុរចុះយ៉ាងខ្លាំង និងមានអ័ព្ទធ្លាក់ចុះយ៉ាងក្រាស់ឃ្មឹក នៅលើតំបន់ទាំងមូល។ ផ្នែកសង្គ្រោះបន្ទាន់របស់ជាតិ បានប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ដើម្បីស្វែងរកជនដែលនៅមានជីវិតនៅឡើយ និងហោះទៅកាន់ទីកន្លែងណាដែលក្រុមអ្នកជួយសង្គ្រោះចូលទៅមិនដល់។
មនុស្សជាច្រើនពាន់នាក់ នៅជាប់គាំងក្នុងតំបន់ជួរភ្នំទាំងនោះ ដោយហេតុផ្លូវគមនាគមន៍ទាំងឡាយ ត្រូវបានកាត់ផ្ដាច់។ ចរន្ដទឹកបានហូរបុកខ្លាំង បានបង្កឲ្យស្រុតអាគារលំនៅដ្ឋាន សារធារណៈ ឬភូមិទាំងមូលនោះផង។ ការបាក់ដី និងចរន្ដទឹកភ្លៀង បាននាំមកនូវភក់ល្បប់យ៉ាងក្រាស់ ហើយបានលប់ចាក់ពីលើតំបន់ជាច្រើន នៃរដ្ឋអ៊ុតារ៉ាក្លេន (Uttarakhand)។
អាជ្ញាធរជាតិខាងឧត្តុនិយម បានប្រកាសដាក់ការប្រុងប្រយ័ត្នបន្ថែមទៀត ប្រឆាំងនឹងភ្លៀងដែលគេរំពឹងថា នឹងមានកាន់តែខ្លាំងចាប់ពីថ្ងៃច័ន្ទនេះទៅ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ