កម្ពុជា៖ ទឹកជំនន់បានថយឥទ្ធិពល បន្ទាប់ពីមនុស្ស៣៩នាក់ស្លាប់
ទឹកជំនន់នៅក្នុងប្រទេសកម្ពុជា បានថមថយឥទ្ធិពលរបស់ខ្លួន នៅថ្ងៃសៅរ័៍ទី០៥ខែតុលានេះ ក្នុងតំបន់ជាច្រើនដែលរងការប៉ះពាល់ បន្ទាប់ពីបានបង្កឲ្យមនុស្សរងគ្រោះដល់ជីវិត រហូតដល់៣៩នាក់ ក្នុងសប្ដាហ៍កន្លងមក។ នេះជាការថ្លែងឲ្យដឹងរបស់ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់តាមភាសាអង់គ្លេសថា NDCM។
ទឹកជំនន់ល្ហាចល្ហឹម នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ (Xinhua) បានធ្វើរបាយការណ៍ ដោយបានស្រង់សម្ដីអ្នកនាំពាក្យនៃគណកម្មាធិការ លោក កែវ វី មកបញ្ជាក់ថា «ស្ថានភាពបានប្រសើរជាងមុនហើយឥឡូវនេះ កម្រិតកំពស់ទឹក បានថយចុះនៅក្នុងតំបន់ជាច្រើន ដែលបានលិចលង់ដោយទឹកជំនន់»។
លោក កែវ វី បានចង្អុលបន្ថែមថា តំបន់ជាច្រើននៃខេត្តទាំង៩ ដែលរងគ្រោះដោយទឹកជំនន់ នៅតែមានការជន់លិចនោះនៅឡើយ ពីទន្លេមេគង្គ និងពីដៃទន្លេផ្សេងទៀត ដែលទទួលទឹកពីភ្នំ ឬពីតំបន់ផ្សេង។
គ្រោះទឹកជំនន់បានប៉ះពាល់ទៅដល់ប្រជាជនកម្ពុជា ប្រមាណជា ១៣០ពាន់គ្រួសារ ហើយបានបង្ខំឲ្យប្រជាជនចំនួន ១០ពាន់គ្រួសារ ត្រូវបានធ្វើការជម្លៀសខ្លួន ទៅរកទីទួលសុវត្ថិភាព។ អ្នកនាំពាក្យគណកម្មធិការជាតិ បានបន្តទៀតថា ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជា ១០០ខ្នង សាលារៀនប្រមាណជា ៧៦០ និងវត្តអារាមប្រមាណជា ៣៥៣ ត្រូវបានរងគ្រោះដោយទឹកជំនន់នេះ។
ជាពិសេសទៅទៀត ដីស្រែចំការច្បារដំណាំច្រើនជាង ១១៥ពាន់ហិចតា ក៏ត្រូវបានលិចបាត់នៅក្រោមទឹកជំនន់ដ៏អាក្រក់នេះដែរ។
ប្រទេសកម្ពុជាបានរងការប៉ះពាល់នឹងគ្រោះទឹកជំនន់ ច្រើនតែនៅរវាងពីខែសីហា មកទល់នឹងខែតុលា។ នៅឆ្នាំ២០១១ របាយការណ៍របស់គណកម្មធិការដដែល បានអះអាងថា ព្រះរាជាណាចក្រមួយនេះ បានស្គាល់នូវគ្រោះមហន្តរាយដ៏អាក្រក់ជាងគេ ដែលបានបង្កឲ្យមានមនុស្ស២៥០នាក់ បានបាត់បង់ជីវិត។ ឆ្នាំ២០១២កន្លងទៅ គ្រោះទឹកជំនន់មិនបានកាចសាហាវណាស់ណាទេ តែក៏បានសម្លាប់មនុស្ស ១៤នាក់ដែរ នៅទូទាំងប្រទេស៕
------------------------------------------------
ដោយ ៖ កេសរកូល - ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ