អេស្ប៉ាញ៖ អ្នកនយោបាយនិងប្រធានក្រុមហ៊ុន៥០នាក់ ជាប់ទោសពីបទពុករលួយ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រព័ន្ធយុត្តិធម៌នៃប្រទេសអេស្ប៉ាញ បានដាក់ទោសកាលពីថ្ងៃសុក្រទី០៤ខែតុលានេះ អ្នកនយោបាយ និងម្ចាស់ក្រុមហ៊ុនឯកជន ចំនួនជាង៥០នាក់ ឲ្យជាប់ពន្ធនាគារ និងឲ្យបង់ពិន័យ យ៉ាងធ្ងន់ធ្ងរ ពីបទទាក់ទងនឹងរឿងអាស្រូវប្រព្រឹត្តិអំពើពុករលួយមួយ ដែលបានធ្វើឲ្យរជើបរំជួល ដល់ស្ថានីយ៍លំហែកាយដ៏ធំ នៅទីក្រុងម៉ាប៊ែឡា (Marbella)។
លោក ជ័ន អង់តូនីញ៉ូ រ៉ូកា ពេលនាំខ្លួនទៅតុលាការ។ (រូបថត intereconomia.com)
ទីក្រុងប៉ារីស - បន្ទាប់ពីរកឃើញថា បានបង្កើតឲ្យប្រព័ន្ធពុករលួយជាទូទៅមួយ ក្នុងសំនុំរឿង អតីតទីប្រឹក្សាផ្នែករៀបចំដែនដីនគរោបនីយកម្មមួយរូប លោក ជ័ន អង់តូនីញ៉ូ រ៉ូកា (Juan Antonio Roca) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ«១១ឆ្នាំ» និងបង្ខំឲ្យបង់ពិន័យ«២៤០លានអ៊ឺរ៉ូ (៣២៥លានដុល្លារអាមេរិក)»។ នេះបើតាមការសាលក្រម កម្រាស់ច្រើនជាង៥០០០ទំព័រ ដែលត្រូវបានបានអានដោយចៅក្រមនៃទីក្រុងម៉ាឡាហ្គា (Malaga) ស្ថិតនៅផ្នែកខាងត្បូងនៃប្រទេសអេស្ប៉ាញ។
លោក រ៉ូកា ត្រូវបានទទួលយកឲ្យធ្វើការ ដោយសាលាក្រុងម៉ាប៊ែឡា នៅអំឡុងឆ្នាំ១៩៩០ ដោយចៅហ្វាយក្រុងនៅពេលនោះ គឺលោក ជេស៊ូ ជីល (Jesus Gil) ដែលធ្លាប់ជាប្រធានក្លិបបាល់ទាត់ អាត្លេទីកូ នៃទីក្រុងម៉ាឌ្រីដ តែបានស្លាប់តាំងពីឆ្នាំ២០០៤មកម្លេះ។ លោកជីល បានប្រគល់ទៅឲ្យ លោក រ៉ូកា នូវអំណាចដ៏ធំមួយ ក្នុងតំណែង ហើយត្រូវបានកាន់កាប់ជាបន្ត ដោយមនុស្សពីរនាក់ផ្សេងទៀត គឺលោក ជូលិយ៉ាន ម៉ុយណូស (Julian Muñoz) និងម៉ារីសុល យ៉ាហ្គែ (Marisol Yagüe) ដែលសុទ្ធសឹងជាសមាជិកគណបក្សប្រជា-អភិរក្សនិយម។
តុលាការបានចោទប្រកាន់ លោក ជ័ន អង់តូនីញ៉ូ រ៉ូកា ថាបានទទួលប្រាក់ច្រើនរយលានអ៊ឺរ៉ូ ពីសំណាក់ប្រធានក្រុមហ៊ុនសំណង់ ហើយលោកបានបែងចែកប្រាក់នោះ រវាងអ្នកទទួលខុសត្រូវនៅសាលាក្រុង ជាថ្នូទៅនឹងការទទួលបានទីផ្សារផ្ដាច់មុខ។
សាលក្រមបានសរសេរដូច្នេះថា «កម្មវត្ថុនៅពេលនោះ គឺដើម្បីគ្រប់គ្រងនយោបាយរបស់សាលាក្រុង ដើម្បីទាញយកផលចំណេញផ្នែកហិរញ្ញវត្ថុ ហើយលោក រ៉ូកា ខ្លួនលោក បានអនុវត្តន៍រឿងនេះ ពេលស្ថិតក្នុងតំណែងរបស់ខ្លួន អស់រយៈពេលរាប់សិបឆ្នាំ»។
ទំហំនៃរឿងអាស្រូវ បានបែកធ្លាយនៅឆ្នាំ២០០៦ នៅពេលដែលប្រទេសអេស្ប៉ាញបានផុងខ្លួន ទៅក្នុងវិបត្តិហិរញ្ញវត្ថុ ដែលបង្ខំឲ្យរដ្ឋាភិបាលមកពីគណបក្សសង្គមនិយមនៅពេលនោះ រំលាយទីប្រឹក្សាសាលាក្រុង ម៉ាប៊ែឡា ដែលមិនសូវដែលធ្លាប់ជួប នៅក្នុងរបបប្រជាធិបតេយ្យនៃប្រទេសអេស្ប៉ាញ។
សវនាការកាត់ក្ដីនៃសំនុំរឿងនេះ បានប្រព្រឹត្តិទៅនៅឆ្នាំ២០១០ ចំណាយពេល៨០០ម៉ោង ដោយមានការចូលរួមពីសាក្សីជាង៤០០នាក់ ផង។ លោក ម៉ារីសុល យ៉ាហ្គែ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ និងលោកជូលិយ៉ាន ម៉ុយណូស ជាប់ទោស ២ឆ្នាំ។ ប៉ុន្តែទន្ទឺមនឹងនោះ ប្រធានក្រុមហ៊ុនរវាងពី៤០នាក់ ទៅ៩៥នាក់ ត្រូវបានប្រកាសថាមិនបានជាប់ទាកទងអ្វីឡើយ៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ