គឹម សន្តិភាព និយាយពី«អភ័យឯកសិទ្ធិ»សមាជិកព្រឹទ្ធសភា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ, ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៧ សីហា ២០១៥
- កែប្រែចុងក្រោយ: August 18, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អភ័យឯកសិទ្ធិ សមាជិកព្រឹទ្ធសភា» មិនអាចធ្វើការរារាំង ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មស ព្រហ្មទណ្ឌ«ជាក់ស្តែង» ឡើយ។ នេះជាការថ្លែងឡើង របស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដោយបានអះអាង ពីរដ្ឋធម្មនុញ្ញ ត្រង់មាត្រា១០៤ថ្មី នឹងមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈ នៃសមាជិកព្រឹទ្ធសភា។
ការថ្លែងរបស់អ្នកនាំពាក្យខាងលើ ជាការឆ្លើយតបទៅនឹងមេធាវីម្នាក់ ដែលបានលើកឡើងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ដោយរំលោភមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ។ លោក គឹម សន្តិភាព បានពន្យល់ថា សម្រាប់ករណី«បទល្មើសព្រហ្មទណ្ឌជាក់ស្តែង» គ្រប់បុគ្គលទាំងអស់ អាចចាប់ខ្លួនជននោះ ទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ដែលនៅជិតបំផុត នេះបើយោងតាមមាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
អ្នកស្រីមេធាវី ម៉េង សុធារី បានលើកឡើងបន្ទាប់ ពីក្រុមសមត្ថកិច្ច បាននាំខ្លួនលោក ហុង សុខហួរ ទៅកាន់ពន្ធនាគារ ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មានដូច្នេះថា៖ «គាត់ (ហុង សុខហួរ) មិនទាន់ត្រូវបានព្រឹទ្ធសភា ដកអភ័យឯកសិទ្ធិនៅឡើយទេ។ (...) តំណាងអយ្យការក៏ចោទសួរ នៅក្នុងអភ័យឯកសិទ្ធិ ព្រឹទ្ធិសភាផងដែរ។ ខុសទៅនឹងមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ។»។
តបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យថ្លែងឡើងថា៖ «ការសម្រេចចាប់ខ្លួន និងឃុំខ្លួន ជាអំណាចតុលាការ រីឯការអនុវត្តន៏សេចក្តីសម្រេចនេះ ជាសមត្ថកិច្ច របស់អំំណាចនីតិប្រតិបត្តិ ដែលមានកម្លាំងសាធារណ: (នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីពន្ធនាគារ) ជាអ្នកអនុវត្តផ្ទាល់!»
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្ថែមទស្សនៈរបស់ខ្លួន តាមបណ្តាញសង្គមថា អ្នកនយោបាយត្រូវនៅឲ្យឆ្ងាយ ពីទង្វើណាមួយដែលល្មើសច្បាប់។ លោក គឹម សន្តិភាព បានឲ្យដឹងទៀតថា៖ «អ្នកនយោបាយ មិនគួរលេងសើច ជាមួយទង្វើរ ដែលជាអំពើល្មើសនោះទេ! យុទ្ធសាស្ត្រយោបាយ មានច្រើន មិនគួរជ្រើសរើស ផ្លួវដើរបែបនេះ! ច្បាប់មិនបានកំណត់ អោយអ្នករួចខ្លួន ពីអំពើល្មើស ដោយសារតែអ្នក ជាអ្នកនយោបាយនោះទេ!»
មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំងបួន ការពារលោក ហុង សុខហួរ គឺលោកមេធាវី ជួង ជូងី បានថ្លែង បន្ទាប់ពីកូនក្តីរបស់លោក ត្រូវបានបញ្ជូនដល់ពន្ធនាគារព្រៃសរថា ការសម្រេចឃុំខ្លួនកូនក្តីលោក នាពេលនេះ មិនត្រូវបានអនុវត្តតាមច្បាប់ឡើយ ព្រោះកូនក្តីរបស់លោក ជាសមាជិកព្រឹទ្ធសភា។
មេធាវី ជួង ជូងី បានបន្តថា លោកនឹងស្នើសុំ ឲ្យកូនក្តីរបស់លោក បាននៅក្រៅឃុំ ពីសាលាឧទ្ធណ៍ តាមច្បាប់កំណត់។ លោកមេធាវីបានលើកឡើងថា កូនក្តីរបស់លោក ត្រូវបានតុលាការចោទប្រកាន់ ចំនួនបីបទល្មើស ដែលរួមមាន ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់ បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម។ ឯអ្នកស្រីមេធាវី ម៉េង សុធារី បានលើកឡើងថា ក្រុមមេធាវីនឹងបន្តការពិភាក្សាគ្នា តាមនីតិវិធីច្បាប់ ជាបន្តបន្ទាប់ទៀត។ តែអ្នកស្រីបានបង្ហាញ នូវការខកចិត្តថា មកទល់ពេលនេះ សូម្បីមេធាវី ក៏មិនមានការអនុញាត ឲ្យបានជួបកូនក្តី (លោក ហុង សុខហួរ) របស់ខ្លួន នៅឡើយដែរ។
ចំពោះគម្រោងសុំអភ័យទោស ជាយថាហេតុ ពីសំណាក់លោក ហុង សុខហួរ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក កឹម សន្តិភាព លើកយកក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា៧ មកបង្ហាញថា មានការកំណត់នូវមូលហេតុ នៃការរំលត់បណ្តឹងអាជ្ញា តែក្នុងនោះ បណ្តឹងអាជ្ញា មិនត្រូវបានរំលត់ តាមការ«សុំអភ័យទោស» ឬក្នុងនាមជា«អ្នកនយោបាយ»ឡើយ។ លោកថា ការរំលត់បណ្តឹងអាជ្ញា មានប្រាំចំនុចរួមមាន មរណ:ភាពនៃជនល្មើស, ការផុតអាជ្ញាយុកាល, ការលើកលែងទោសជាទូទៅ, និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ, អាជ្ញាអស់ជំនុំ។ លោក គឹម សន្តិភាព បានឲ្យដឹងបន្ថែមថា៖ «ការសូមអភ័យទោស មិនមែនជាមូលហេតុ នាំអោយរំលត់បណ្តឹងអាជ្ញានោះទេ! ការដឹងកំហុសហើយ ចូលមកសារភាព ចំពោះមុខតុលាការ អាចជាកាល:ទេស: ផ្តល់ឲ្យចៅក្រមពិចារណា ក្នុងការផ្តល់នូវស្ថានសម្រាលទោស!»
តាមមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ បានចែងថា៖ «សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា។ សមាជិកព្រឹទ្ធសភារូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុ ពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងារ របស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយ នៃព្រឹទ្ធសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រម ពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍ របស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែង តែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្ដីរាយការណ៍ជូនព្រឹទ្ធសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍ របស់ព្រឹទ្ធសភាជាបន្ទាន់ ដើម្បីសម្រេច។ សេចក្ដីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍ របស់ព្រឹទ្ធសភា ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបី នៃសមាជិកព្រឹទ្ធសភាទាំងមូល។»៕