ចង់ជួយក្មេងរើសសម្រាម? មិនបានទេ ព្រោះគ្មានបញ្ជាពីក្រុង!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧ សីហា ២០១៥
- កែប្រែចុងក្រោយ: August 18, 2015
- ប្រធានបទ: សង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមការពិនិត្យជាក់ស្តែង ឃើញថា សន្តិសុខ និងប្រធានសន្តិសុខសណ្តាប់ធ្នាប់ ក្នុងបរិវេណគំនរសម្រាម នៅភូមិបឹងជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះថា ជាបុគ្គលិករបស់ក្រុមហ៊ុនស៊ិនទ្រី ឯកទេសខាងការប្រមូលសម្រាម និងសំអាតរាជធានី។ តែពេលដែលយុវជនមួយក្រុម ចង់ចូលទៅចែកចាយ អាហារ នៅក្នុងបរិវេណ នៃទីគំនរចាក់សម្រាមនោះ ស្រាប់តែប្រធានសន្តិសុខរបស់ក្រុមបុគ្គលិកនេះ បានបដិសេធមិនឲ្យចូល យ៉ាង«ដាច់ខាត»។
ការចុះជួយចែកចាយចំណីអាហារបន្តិបន្តូច ដើម្បីសង្គ្រោះក្រុមកុមារទាំងនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យទី១៦ ខែសីហា ឆ្នាំ២០១៥កន្លងទៅនេះ ដោយយុវជនឯករាជ្យមួយក្រុម ភាគច្រើនជានិស្សិត មកពីវិទ្យាស្ថានជាតិពាណិជ្ជកម្ម ដែលឈឺឆ្អាលនឹងបញ្ហាសង្គម ជាពិសេសជនក្រីក្រ នៅស្ថិតនៅនឹងច្រមុះ នៃរាជធានីភ្នំពេញ។ ប៉ុន្តែការឈឺឆ្អាលនោះ មិនអាចធ្វើទៅបានទេ បើគ្មានការអនុញ្ញាតពី«ថ្នាក់លើ។ នេះបើតាមសំដីរបស់សមាជិកម្នាក់ នៅក្រុមយុវជន-យុវនារីទាំងនេះ។ សូមទស្សនាកិច្ចសម្ភាសទាំងស្រុង នៅក្នុងវីដេអូខាងក្រោមអត្ថបទ។
ប្រធានសន្ដិសុខ លោក ថន ធា លើកឡើងថា បើគ្មានលិខិតចេញ ពីសាលារាជធានីទេ គ្មានអ្នកណាមានសិទ្ធិចូល ក្នុងទីលានរើសសម្រាមនេះឡើយ។លោកបានថ្លែងឡើងថា៖ «ខ្ញុំអត់ហ៊ានឲ្យចូលទេបង បើអត់មានលិខិតអនុញ្ញាត របស់សាលាក្រុងភ្នំពេញ។ ខ្ញុំធ្វើការនេះ នៅក្រោមឱវាទរបស់សាលាក្រុងភ្នំពេញទេ។»
ប្រធានផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ប្រចាំច្រកចូលទីលានគំនរសម្រាម បឹងជើងឯក បានថ្លែងទៀតថា លោកចាំសហការជានិច្ច នូវរាល់សណ្តានចិត្តសប្បុរស របស់អ្នកមានចិត្ត ចង់ជួយដល់អ្នកក្រខ្សត់ តែលោកមិនអាចបំពានបានទេ បើគ្មានការអុញ្ញាតនោះ។ ដោយឡែកទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺ លើករណីនេះ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ដោយនៅពេលទូរស័ព្ទហៅចូល លោក ឡុង ឌីម៉ង់ បានបដិសេធ ដោយអះអាងថា រវល់។
បន្ទាប់ពីមានកាហាមឃាត់ មិនឲ្យក្រុមអ្នកកាសែត រួមទាំងក្រុមយុវជន ចូលទៅក្នុងទីលានគំនរសម្រាម អ្នកទាំងនោះបានធ្វើដំណើរបន្ត ទៅចែកចាយចំណីអាហារ និងសម្ភារៈសិក្សាមួយចំនូន ទៅកាន់អ្នកភូមិនៅជិតនោះ។ ក្រុមគ្រួសារអ្នកភូមិទាំងនោះ ក៏សុទ្ធតែរស់នៅ ទីពឹងនឹងគំនរសម្រាម ដ៏ធំនេះដែរ។ អ្នកខ្លះគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ គ្មានចំណីអាហារគ្រប់គ្រាន់ គ្មានជម្រក និងមិនទទួលបានការសិក្សា ជាដើម៕
» កិច្ចសម្ភាសទាំងស្រុង របស់ក្រុមយុវជននៃសប្បុរសធម៌៖