សកម្មជនបរិស្ថានពីចលនាមាតាធម្មជាតិ ៣នាក់ ត្រូវបានចាប់ខ្លួន
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៧ សីហា ២០១៥
- កែប្រែចុងក្រោយ: August 18, 2015
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ យុវជនបីរូប ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ ត្រូវបានអាជ្ញាធរស្រុកបទុមសារគរ ចាប់ខ្លួននៅភូមិធ្នុង ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង។ យុវជនទាំងបីមានឈ្មោះ សាន់ ម៉ាឡា - ទ្រី សុវិគា និង សំណាង។ នេះបើតាមការអះអាង របស់សមាជិកមួយរូប របស់ចលនានេះ។
សមាជិកនៃចលនាមាតាធម្មជាតិ លោក តារា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មុនការចាប់ខ្លួនបីថ្ងៃ ខាងអធិការដ្ឋាននគរបាលស្រុកបទុមសាគរ បានផ្ងើលិខិតចំនួនបី ឲ្យលោក សាន់ ម៉ាឡា - ទ្រី សុវិគា និងលោក សំណាង ដើម្បីធ្វើការសាកសួរ។ លោកបានមន្ថែមទៀតថា ឥឡូវពួកគេទាំងបី ត្រូវបានចាប់បញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលស្រុកបទុមសាគរ បន្ទាប់មកទៅស្នងការខេត្ត ចុងក្រោយបញ្ជូន ទៅដល់សាលាដំបូងខេត្ត។
យុវជនទាំងបីត្រូវបានឃាត់ខ្លួន នៅពេលដែលពួកគេព្យាយាម ចូលទៅមើលសកម្មភាពបូមខ្សាច់ របស់ក្រុមហ៊ុនចំនួនពីរ មានឈ្មោះ Direct action co.ltd និង International Rambo co.ltd ហើយពួកគេបានប៉ុនប៉ង សុំឲ្យក្រុមហ៊ុននេះ បញ្ឈប់សកម្មភាពបូមខ្សាច់ ដោយពួកគេយល់ថា វាបានធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន និងប្រយោជន៍របស់ប្រជាជន នៅទីនោះ។ លោក តារា បាននិយាយទៀតថា ពួកគាត់មិនដឹងថា សាលាដំបូងនឹងមានវិធានការយ៉ាងណា ចំពោះអ្នកទាំងនោះទេ ព្រោះកម្លាំងប៉ូលិសមិនអនុញ្ញាត ឲ្យចូលទៅមើលឡើយ សូម្បីតែអ្នកពត័មាន និងអង្គការសង្គមស៊ីវិល ក៏មិនឲ្យយកពត័មានដែរ។
យ៉ាងណាក៏ដោយ សមាជិកចលនាមាតាធម្មជាតិរូបនេះ បានបញ្ជាក់ថា ចលនារបស់លោក មិនមានបំណង ចង់រារាំងការអភិវឌ្ឍន៍ របស់រដ្ឋាភិបាលទេ តែអ្វីដែលសំខាន់ គ្រាន់តែសុំឲ្យមានការគិតគូរ ដល់ផលប៉ះពាល់ទៅលើប្រយោជន៍ របស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ ហើយចលនារបស់លោក នឹងគ្រោងធ្វើយុទ្ធនាការនៅតាមស្ថានទូត នៃប្រទេសដែលទិញខ្សាច់ ពីក្រុមហ៊ុនទាំងនោះ មានប្រទេសសិង្ហបុរីជាដើម។ លោក តារា បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសសិង្ហបុរី នឹងសម្រេចចិត្តផ្អាកការទិញ ពីក្រុមហ៊ុនទាំងនោះ ព្រោះវាបង្កផលប៉ះពាល់ ដល់ប្រជាជន»។
មិនអាចស្វែងរកការបកស្រាយ ពីអធិការនគរបាលស្រុកបទុមសាគរ ខេត្តកោះកុងបានទេនៅពេលនេះ៕