ខុមហ្រ្វេល បង្ហាញរបាយការណ៍៦យ៉ាង ពីកម្មវិធីនយោបាយនានា ក្រោយការបោះឆ្នោត២០១៣
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 29, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ តំណាងអង្កការខុមហ្វ្រេល លោក កង សាវាង្ស បានលើកឡើងថា ក្រោយការបោះឆ្នោត មកដល់ពេលនេះ អង្គការលោក បានធ្វើការអង្កេត និងឃ្លាំមើលពី តួនាទី សិទ្ធិ និងអំណាចរបស់រដ្ឋសភា ក៏ដូចជារបស់តំណាងរាស្រ្ត ទាំង១២៣នាក់ និងកិច្ចការមួយចំនួនទៀត ដែលទាក់ទងនឹងរដ្ឋសភាដូចជា កិច្ចប្រជុំពេញអង្គ ការជជែកដេញដោល ក្នុងសភា ការចុះមូលដ្ឋាន របស់តំណាងរាស្រ្ត និងការផ្លាស់ប្តូរថ្នាក់ដឹកនាំសភា ជាដើម។ លោកបន្តថា ទាំងអស់នេះ បានសម្រេចជារូបរាង នូវសៀវភៅមួយ ដែលមានចំណងជើងថា៖ «ប្រវត្តិតំណាងរាស្រ្ត នីតិកាលទីប្រាំឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨» និងសៀវភៅ «អង្កេតរដ្ឋសភា និងតំណាងរាស្រ្ត»។
មន្រ្តីនៃកម្មវិធីអង្កេត លោក កង សាវាង្ស បានបន្តថា នៅមានកម្មវិធីជាច្រើនទៀត ដែលខុមហ្វ្រេល បានធ្វើការអង្កេតដូចជា ការបង្កើតរាជរដ្ឋាភិបាល ក្រសួង រដ្ឋលេខាធិការដ្ឋាន គោលនយោបាយ និងសមាជិករាជរដ្ឋាភិបាលជាដើម។ លោកថា ជាងនេះ នៅមានការកត់ត្រា ពីការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ ភាពមិនប្រក្រតី នៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ តម្លាភាពនៃថវិកា អំពើពុករលួយ ការរំលោភអំណាច សាច់ញាតិ ខ្សែស្រឡាយ និងទំនាស់ផលប្រយោជន៍ ក្នុងតំណែងនៃមន្រ្តីសាធារណៈ ក៏ដូចជាមន្រ្តីនយោបាយ ជាពិសេស ភាពគ្មានតម្លាភាព នៃទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុនៃគណបក្សសំខាន់ៗ។ លោកថា អ្វីៗទាំងអស់នេះ ក៏មានចងក្រងទុក ក្នុងសៀវភៅដែលមានឈ្មោះថា «ការឃ្លាំមើល និងការផ្តល់ពិន្ទុ លើលទ្ធផលនៃការបំពេញ /អនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទីប្រាំ ឆ្នាំទី១» និងក្នុងសៀវភៅ ស្តីពី«ភាពមិនប្រក្រតីនយោបាយ»។
ដោកឡែក អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំ និងយេនឌ័រ នៃអង្គការខុមហ្រ្វេល បានលើកឡើង ពីការផ្តល់អំណាច ដល់ស្រ្តីក្នុងការធ្វើនយោបាយ ក៏ដូចជាចូលរួម ក្នុងការអភិវធ្ឍន៍សង្គម នៅតាមតំបន់ និងមូលដ្ឋានរបស់ខ្លួន។ អ្នកស្រីបានបន្ថែមថា របាយការណ៍ក្នុងសៀវភៅនេះ ក៏មានគោលបំណង ចង់បាននូវការផ្លាស់ប្តូរឥរិយាបទថ្មីមួយ ដោយឈានមកយក ការផ្តល់ឱកាស ដល់ស្រ្តីពីរាជរដ្ឋាភិបាល ដើម្បីមានសមភាពយេនឌ័រ រវាងបុរស និងស្រ្តី ទាំងក្នុងនយោបាយ ក្នុងសង្គម និងក្នុងមូលដ្ឋាន។ អ្នកស្រីបន្តថា ក្នុងការអង្កេតរបស់អង្គការអ្នកស្រី បានបង្ហាញ នូវការការវាយតម្លៃ លើការផ្តល់អំណាចឲ្យស្រ្តីក្រុមប្រឹក្សាឃុំ-សង្កាត់ សភា តំណាងរាស្រ្តជាស្រ្តី ទាំងការបំពេញការងារ ការសម្តែងមតិ ការប្រជុំ សកម្មភាពការងារស្រ្តី ការសន្យារបស់រដ្ឋាភិបាលពីបញ្ហាស្រ្តី និងកុមារ រួមទាំងសកម្មភាពលេចធ្លោ និងភាពបរាជ័យរបស់ស្រ្តី។ អ្នកស្រីថា ការងារទាំងអស់នេះ អង្គការខុមហ្វ្រេល ក៏បានសរសេរក្នុងសៀវភៅ ដែលមានឈ្មោះថា «ឃ្លាំមើលយេនឌ័រ ផ្នែកនយោបាយ»។
លោក កង សាវាង្ស បានបន្ថែមទៀតថា ក្រៅពីសៀវទៅទាំងប្រាំខាងលើ នៅមានសៀវភៅមួយទៀត មានចំណងជើងថា «ប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់នៅកម្ពុជា» ក៏ត្រូវបានបោះពុម្ភចេញមកដែរ។ លោកបានបង្ហាញថា ក្នុងសៀវទៅនេះ បានបង្ហាញ ពីដំណើរការប្រជាធិបតេយ្យ ក្រោយការបោះឆ្នោត និងវិបត្តិនយោបាយ ជាបន្តបន្ទាប់នៅកម្ពុជា។ ក្រៅពីនោះ នៅមានការលើកឡើង ពីអភិបាលកិច្ចប្រជាធិបតេយ្យ ការបង្កើតគណកម្មការចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ និងព្រឹត្តិការណ៍នានា ក្រោយកិច្ចព្រងព្រៀងគ្នា នៃគណបក្សធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រួមទាំងអនុសាសន៍មួយចំនួន ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាផងដែរ៕