សម រង្ស៊ី-កឹម សុខា៖ ប្ដេជ្ញាចំពោះអ្នកគាំទ្រថាផ្លាស់ប្តូរឲ្យបានដាច់ខាត
មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងមានប្រជាប្រិយភាពបានប្ដេជ្ញា ចំពោះហ្វូងអ្នកគាំទ្ររបស់ខ្លួនថា នឹងធ្វើការផ្លាស់ប្តូរឲ្យបានក្នុងពេលឆាប់ៗ ខណៈលទ្ធផលនៃការបោះឆ្នោតកំពុងជួបភាពចម្រូងចម្រាស។ ការសន្យានេះធ្វើឡើងនៅព្រឹកថ្ងៃទី៣១ខែកក្កដា ក្នុងវេទិការបញ្ចេញមតិ លើភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលរៀបចំឡើងដោយគណបក្សសង្រ្គោះជាតិ។
លោក កឹម សុខា និងលោក សម រង្ស៊ី ឈរពីលើរានហាន នៃអាគារគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្រថា៖ «យើងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សន្យាជាមួយបងប្អូនថា យើងនឹងបំពេញបំណងបងប្អូន"ផ្លាស់ប្តូរ"ឲ្យបានជាដាច់ខាត»។
ការថ្លែងអះអាងនេះ ធ្វើឡើងក្រោយពេលលទ្ធផលបណ្តោះអាសន្ន បានបង្ហាញថាគណបក្សសង្រ្គោះជាតិ ទទួលបាន៥៥អាសនៈ រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ។
លទ្ធផលបណ្តោះអាសន្ននេះ ត្រូវបានគណបក្សប្រឆាំងច្រានចោល និងអះអាងថាខ្លួនជាអ្នកឈ្នះ ដោយត្រូវទទួលបាន៦៣អាសនៈ ក្នុងចំណោម១២៣អាសនៈ។ ទន្ទឹមនឹងនេះ គណបក្សប្រឆាំងបានស្នើឲ្យបង្កើតគណកម្មការចម្រុះមូយ ដែលមានការចូលរួមពីភាគីដែលពាក់ព័ន្ធ និងមានភាពឯករាជ្យ ដើម្បីបើកការស៊ើបអង្កេតបន្ទាន់នូវភាព មិនប្រក្រតីមួយចំនួន ដែលគណបក្សនេះអះអាងថា បានកើតមានឡើងក្នុងកំឡុងពេលបោះឆ្នោត។
លោក សម រង្ស៊ី អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្រថា៖ «សម្លេងគាំទ្រគណបក្សកាន់អំណាច ភាគច្រើនជាសម្លេងសម្លុត សម្លេងទិញ សម្លេងលួច សម្លេងខ្មោច សម្លេងខ្យល់ សម្លេងយួន តែសម្លេងគាំទ្រសង្រ្គោះជាតិ ជាសម្លេងខ្មែរសុទ្ធសាទ»។
លោកញ្ជាក់ថា មានប្រជាពលរដ្ឋយ៉ាងហោចណាស់១លាននាក់ បានបាត់បង់សិទ្ធិបោះឆ្នោត ដោយពួកគេភាគច្រើនបាត់ឈ្មោះ ពីក្នុងបញ្ជីព្រោះត្រូវគេលុបឈ្មោះចេញ និងមួយចំនួនទៀត មានឈ្មោះតែត្រូវបានគេបោះជំនួសរួចហើយ និងមួយចំនួនទៀតមានឈ្នោះក្នុងបញ្ជី តែត្រូវបានគេបដិសេធ មិនឲ្យបោះដោយលើកហេតុផលផ្សេៗ។
កាលពីម្សិលមិញលោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត របស់គណបក្សប្រឆាំងមិនមែនជារឿងថ្មីនោះទេ វាជារឿងដដែលៗ ព្រោះវាបានកើតឡើងតាំងការបោះឆ្នោតមុនៗ មកម្ល៉េះ។
គួរបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថាគណបក្សខ្លួនបានឈ្នះការបោះឆ្នោត និងទទួលបានអាសនៈគ្រប់គ្រាន់ ក្នុងការបង្កើតរដ្ឋាភិបាលសម្រាប់នីតិកាលទី៥។
លោក កែម ឡី អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយនៅកម្ពុជា បានពន្យល់ថា គណបក្សទាំងពីរមិនគួរប្រញាប់ប្រញាល់ ទទួលស្គាល់ ឬក៏បដិសេធអំពីលទ្ធផលបោះឆ្នោត លឿនពេកនោះទេ ខណៈរបាយការណ៍ពិតមិនទាន់ចេញផ្សាយ។
យោងតាមប្រតិទិន នៃការបោះឆ្នោតជ្រើងតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ បានបង្ហាញថា ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (តាមករណីគ្នានឬមានបណ្តឹង និងករណីគ្នានការបោះឆ្នោតសាជាថ្មី) នឹងត្រូវធ្វើនៅចន្លោះថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។
សូមរម្លឹកថា ការស្នើបង្កើតគណកម្មការចម្រុះ ដោយគណបក្សប្រឆាំងត្រូវបានបដិសេធ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ខណៈបក្សប្រឆាំង បានបង្ហាញគោលចំហរថា មហាបាតុកម្មទូទាំងប្រទេសអាចនឹងកើតមានឡើង ប្រសិនបើការបង្កើតគណកម្មការចម្រុះត្រូវបរាជ័យ។ ព័ត៌មានចុងក្រោយដែល មនោរម្យអាំងហ្វូទទួលបាន គណៈកម្មការចម្រុះដែលស្នើសុំ ដោយគណបក្សប្រឆាំងនេះ ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ហើយ នៅរសៀលថ្ងៃដដែល។
យើងនឹងវិលមក លំអិតព័ត៌មាននេះបន្ថែមទៀត ក្នុងអត្ថបទលើកក្រោយ៕
-------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ