វិភាគ៖ នៅពេលដែលរាស្ត្រជ្រើសរើសការអនុវត្តច្បាប់ដោយខ្លួនឯង ...
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: July 31, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើនរណាខ្លះដែលអង្គុយរងចាំវេន ឲ្យអំពើអយុត្តិធម៌ នឹងធ្លាក់មកដល់ខ្លួន? តើនរណាខ្លះ ដែលរស់ស្រួលតែខ្លួនឯង ហើយមិនងាកមើលអ្វីៗនៅជុំវិញខ្លួន? តើនរណាខ្លះ ដែលមិនបានគិតដល់អនាគតកូនចៅ និងសង្គមដែលខ្លួនត្រូវរស់នៅជាមួយ រាប់សិបឆ្នាំទៅមុខ? ... មានសំនួរបែបនេះ ច្រើនរាប់មិនអស់។ ប៉ុន្តែសំនួរមួយ ដែលសំខាន់ជាងគេ មានតែមួយសំនួរប៉ុណ្ណោះ៖ តើគេត្រូវទៅពឹងនរណា? ហេតុនេះហើយ ទើបប្រជារាស្ត្រម្ចាស់ឆ្នោត បានជ្រើសរើសផ្លូវមួយ នោះគឺការពារ«តម្លៃនៃសន្លឹកឆ្នោត»របស់ខ្លួន ដោយបានអនុវត្តន៍ច្បាប់ដោយខ្លួនឯង។
រាស្ត្រដែលយំសោកស្តាយ អង្គអតីតព្រះមហាក្សត្រ។ តើមាននរណា ទៅបង្ខំពួកគាត់ឬទេ? ឬជាឆាកល្ខោន? មិនមែនទាំងអស់។ តែជាទឹកចិត្តរាស្ត្រ ដែលស្រឡាញ់មេដឹកនាំ !!! (រូបថត MONOROOM.info/ O. Vary)
ប្រទេសកម្ពុជា បានឆ្លងកាត់ប្រវត្តិសាស្ត្ររបស់ខ្លួន ពោរពេញទៅដោយផ្លូវរបត់ដ៏ច្រើនមហិមា និងប្រកបដោយទុក្ខសោករកថ្លែងអ្វីមិនបាន ជាពិសេសនៅពេលបានឆ្លងកាត់ របប៣ឆ្នាំប្រាំបីខែម្ភៃថ្ងៃដ៏រង្គាល ដែលកម្រិតនៃភាពហិនហោចខ្លោចផ្សារមានហួសនិស្ស័យ។ ហើយអ្វីៗទាំងអស់នេះ វាបានកើតឡើងដោយសារតែការដឹកនាំ មិនសមប្រកប របស់មេដឹកនាំ បើទោះជាមេដឹកនាំនោះ ត្រូវបានជ្រើសតាំងតាមបែបប្រជាធិបតេយ្យក៏ដោយ។
រស់នៅដោយភ័យខ្លាច បិទភ្នែកបិទត្រជៀក ឬមើលស្ដាប់ទាំងបំភ័ន្ដ ទាំងបន្លំ ទាំងរត់ភៀសខ្លួន ទាំងព្រាត់ប្រាស់ ... ឱ ... គ្មានប្រជារាស្ត្រខ្មែរដ៏ស្លូតបូតណាម្នាក់ មិនបានឆ្លងកាត់រឿងហេតុអស់ទាំងនេះទេ ជាពិសេសនៅក្រោយពេលដែល មនោរគមវិជ្ជាកុម្មុយនីស បានឃោសនារីកសាយ ចូលមកដល់ក្នុងប្រទេស។ តែថ្ងែខែនេះ កង់ប្រវត្តិសាស្ត្របានផ្លាស់ប្ដូរ នៅបន្ទាប់ពីបានភ្លក្សរួចរាល់ស្គាល់អស់នូវរសជាតិ និងក្រោយពីការដើរចេញពីមនោរគមវិជ្ជា ដែលមានតែនៅលើក្រដាសនេះ មិនមានប្រជារាស្ត្រខ្មែរណាម្នាក់ គិតថានឹងចង់ត្រឡប់បកក្រោយវិញនោះឡើយ។
ក្ដីសង្ឃឹមដ៏មុតមាំនេះ បានកើតឡើងខ្លាំងម្ដងរួចហើយ នៅពេលដែលប្រទេសកម្ពុជាបានធ្វើការបោះឆ្នោត នាឆ្នាំ១៩៩៣ ក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ។ ប៉ុន្តែចាប់តាំងពីពេលនោះ រហូតមកដល់ពេលនេះ ការរស់នៅដោយភ័យខ្លាច បិទភ្នែកបិទត្រជៀក ឬមើលស្ដាប់ទាំងបំភ័ន្ដ ទាំងបន្លំ ... នៅតែបន្តលងប្រជារាស្ត្រខ្មែរមិនស្រាកស្រាន្ដ។ ការវេចសម្ពាយត្រឡប់ទៅរកព្រឹត្តិការណ៍សង្គ្រាមវិញ ដូចជាការផ្ទុះអាវុធថ្ងៃ៥-៦ខែកក្កដាឆ្នាំ១៩៩៧ ការរងគ្រោះនឹងការរំលោភលើដីធ្លី អំពើពុករលួយ ការបំផ្លាញធនធានធម្មជាតិ វិសមភាពសង្គម (អនាគតរាស្ត្រទូទៅគ្មានការធានា ដែលផ្ទុយពីពួកអ្នកមានៗ និងចេះអែបអបមួយចំនួន) ឧក្រិដ្ឋកម្មសង្គម (ចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ និទណ្ឌភាព ...) ការបង្កើតចរន្ដនយោបាយឯកបក្ស និងគ្រួសារនិយមនោះជាដើម។ តើនរណាមួយត្រូវអង្គុយរងចាំ ឲ្យរឿងហេតុដ៏គួរឲ្យភ័យខ្លាចទាំងនេះ ធ្លាក់មកលើខ្លួន ឬគ្រួសារខ្លួន?
តើត្រូវទៅពឹងនរណា?
មុនពេលព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ទ្រង់សោយទីវង្គត ព្រះអង្គតែមួយអង្គគត់ ដែលនៅសល់ជាក្ដីសង្ឃឹមនៃប្រជារាស្ត្រខ្មែរ ទាំងប៉ុន្មានលាននាក់នេះ។ មនុស្សជាច្រើនដែលរងគ្រោះ ដោយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានស្រែកដង្ហោយជារៀងរាល់ដង ថា«សម្ដេចឪ សម្ដេចតា សម្ដេចតាទួត អើយ... ជួយទូលបង្គុំផង មើលកូនចៅផង ...អយុត្តិធម៌ណាស់ !» ប្រព័ន្ធយុត្តិធម៌ រាប់ទាំងនគរបាល និងមន្ត្រីតុលាការ តាំងពីថ្នាក់ទាបដល់ខ្ពស់ ដែលគ្មាននរណាម្នាក់មិនល្បីថាជាប្រព័ន្ធយុត្តិធម៌ពុករលួយ លំអៀង គ្មានសមត្ថភាព អនុវត្តន៍ច្បាប់ និងចេញសាលក្រម សម្រាប់ការពារតែអ្នកមានអំណាច មានប្រាក់ប៉ុណ្ណោះនោះ។
ទុក្ខវេទនា ប្រកបដោយទឹកភ្នែកហូរក្លាយជាស្ទឺង នៃជនរងគ្រោះដែលត្រូវគេបណ្ដេញចេញ ពីដីធ្លីផ្ទះសម្បែង ទាំងបង្ខំ ទាំងហិង្សា និងពេលខ្លះប្រកបដោយឈាម បានកើតមាននៅស្ទើរពាសពេញរាជាណាចក្រ។ តែផ្ទុយទៅវិញ សម្រែកដ៏ខ្លោចផ្សារទាំងនោះ បានក្លាយជាចម្រៀងកំសាន្ដសប្បាយនៃជនពុករលួយ ឬអាជ្ញាធររដ្ឋបាលដែលត្រេកត្រអាល នឹងការបញ្ចើញបញ្ចើរលើកជើង និងគ្មានសមត្ថភាព។
ជនក្រីក្រទុរគត ជនពិការ ជរាឯកាទូទៅ រស់នៅជាមួយនឹងការបន្តក់ទឹកអង្ករ បីបួនតំណក់ ទាំងមិនដឹងថា ថ្ងៃណាមួយទឹកអង្ករនេះ នឹងរីងស្ងួតបាត់ទៅទៀត។ អ្នកជម្ងឺគ្មានប្រាក់ ត្រូវគេរុញឲ្យមកដេកស្លាប់ នៅខាងក្រៅរបងពេទ្យ។ ស្ត្រីប្រសូតទារក នៅលើរទេះគោ ឬរម៉កទូកទូក ... ខណៈពួកអ្នកមានៗ នាំគ្នាចេញទៅថែទាំស្បែក របស់ពួកគេនៅប្រទេសក្រៅ។ ប្រព័ន្ធអប់រំចុះខ្សោយ ថានៈបណ្ឌិតរីកភាយដូចផ្សិត តែគ្មានគុណភាព ដែលខុសពីកូនលោកធំៗ ដែលចេញទៅរៀននៅឯប្រទេសធំៗ ក្នុងសាលាឯកជនល្អៗថ្លៃៗ។
ពួកអ្នកមានប្រាក់មានអំណាច ពួកគេនឹងមានអ្វីៗទាំងអស់នៅកម្ពុជា។ អ្នកអាចធ្វើអ្វីបានគ្រប់យ៉ាងនៅតាមដងផ្លូវ ចង់ជិះបញ្ច្រាសផ្លូវ ឬបុកកិននរណាម្នាក់ ប្រសិនជាអ្នកមានរថយន្ដទំនើបជិះ ឬស្គាល់ខ្សែស្រឡាញអ្នកមានអំណាច។ ប៉ុន្តែបើអ្នកជិះម៉ូតូភ្លេចមួកការពារពាក់នៅនឹងក្បាល នគរបាលចរាចរណ៍មិនដែលភ្លេចសោះឡើយ ហៅអ្នកទៅសួរសុខទុក្ខ ពីបញ្ហាហិរញ្ញវត្ថុ។ ចោរកម្ម បាញ់ឆក់ប្លន់ ឃាតកម្មធំៗដែលមានលក្ខណៈជាប្រព័ន្ធ គេសួរថា តើមានជនល្មើសប៉ុន្មាននាក់ហើយ ដែលត្រូវអាជ្ញាធរអូសក យកមករកយុត្តិធម៌ឲ្យជនរងគ្រោះ? ផ្ទុយទៅវិញ គេឃើញមានតែយុវជនក្មេងៗ ប៉ុន្មាននាក់ ដែលញៀនហិតកាវ ប្រព្រឹត្តិបទល្មើសបន្តិចបន្តួច ចេញមុខត្រូវបានគេបញ្ចាំងតាមទូរទស្សន៍ កាសែត ...។
តើជនល្មើសកាប់ព្រៃឈើ មេជួញថ្នាំញៀន ប្រព្រឹត្តិអំពើពុករលួយ លួចលុយជាតិទាំងលានៗ ប៉ុន្មាននាក់ហើយ ដែលត្រូវបានគេចាប់មកបង្ហាញឲ្យសាធារណជនទូទៅឃើញ? អំពើពុករលួយដែលស៊ីរូងផ្ទៃក្នុងសង្គម តែគេនៅតែមិនដឹងថា តើអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើអ្វីខ្លះ ទៅលើជនល្មើស ដែលសុទ្ធតែមានតំណែងធំៗ នៅតាមមន្ទីរក្រសួងរដ្ឋនានា? បណ្ដាញផ្លូវថ្នល់ដែល ជូសជុលមិនចេះស្វាង បើទោះជាផ្លូវថ្នល់នោះ ទើបនឹងធ្វើថ្មីៗក៏ដោយ។ ពួកគេនិយាយអួតក្អេងក្អាងថា ជាមួយនឹងស្ពានអាកាសមួយពីរ អាគារធំទំនើបខ្ពស់ៗបីបួន ដុះនៅរាជធានីភ្នំពេញ មានតម្លៃស្មើនឹងការរីកចម្រើនមហាអស្ចារ្យ មហាលោតផ្លោះ។ ប៉ុន្តែពួកគេភ្លេចមើលទៅខាងក្រោមអាគារថា បើគ្រាន់តែមានភ្លៀងមួយមេតូច វានឹងបង្កឲ្យមានទឹកជំនន់ជន់លិច ពោរពេញទៅដោយភាពស្មោគរោគ ហូរចេញពីប្រព័ន្ធលូទឹក ដែលដោះស្រាយមិនចេញតាំងពី២០-៣០ឆ្នាំមកហើយ។
នេះគេនៅមិននិយាយផងទេ ពីបញ្ហាផ្សេងទៀតជាច្រើន រាប់ទាំងជនអន្តោរប្រវេសន៍ខុសច្បាប់ ដែលចូលមកក្អេងក្អាងនៅក្នុងស្រុក និងកងទ័ពដែលត្រូវបានគេយកចិត្តទុកដាក់ តែនៅពេលកងទ័ពនោះ នៅក្បែរនិងបម្រើឲ្យជនមានអំណាចមានប្រាក់ ខណៈកងទ័ពជាច្រើនទៀត រស់រងការវេទនា ហើយត្រូវយកទ្រូងទៅពាំងគ្រាប់ការពារទឹកដី។ល។
តើត្រូវទៅពឹងនរណា?
ក្រៅតែពីស្ដេចផែនដី ក្ដីសង្ឃឹមមានតែមួយគត់ ដែលរាស្ត្រគិតថា នឹងអាចពឹងពាក់បាន នោះគឺ«តំណាង»ដែលខ្លួន បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឲ្យ។ តែសំនួរសួរថា តើកន្លងមកមានតំណាងប៉ុន្មាននាក់ហើយ ដែលយកខ្លួនទៅពាំងដាក់បញ្ហារាស្ត្រនៅចំពោះមុខ ដើម្បីទាមទារឲ្យរដ្ឋអំណាចដោះស្រាយ ប្រកបដោយភាពត្រឹមត្រូវនោះ? ចម្លើយ៖ គេមានឃើញពួកគាត់ ចុះទៅផ្ទាល់ដល់មូលដ្ឋានមួយចំនួនដែរ។ តែមិនមែនចុះទៅមូលដ្ឋាន ដើម្បីទៅមើលបញ្ហារាស្ត្រថាវាយ៉ាងម៉េចនោះទេ។ គេត្រូវនិយាយថា ការនាំគ្នាចុះទៅទាំងហ្វូងៗ ទៅកាន់មូលដ្ឋាន របស់ពួកអ្នកតំណាងរាស្ត្រទាំងនោះ គឺដើម្បីឲ្យគេថតដាក់បញ្ចាំងតាមទូរទស្សន៍ ចុះតាមកាសែតហៃអើមួយចំនួនតែប៉ុណ្ណោះ។ ក្រៅពីនេះ ការងាររបស់អ្នកតំណាងរាស្ត្រដែលកម្រឃើញមុខទាំងនេះ មិនមានអ្វីទៀតផ្សេង ក្រៅតែអង្គុយចាំលើកដៃនៅរដ្ឋសភា នៅពេលដែលជនមានអំណាចនៅក្នុងរដ្ឋាភិបាល បញ្ជាឲ្យចេញច្បាប់នេះ ឬលប់ច្បាប់នោះ ហើយនៅឲ្យស្ងៀមក្នុងបញ្ហានេះ ឬបញ្ហានោះ និងចាំបណ្ដេញឬដកអភ័យឯកសិទ្ធិពីអ្នកតំណាងរាស្ត្រដូចគ្នាក្នុងរដ្ឋសភា។
តើត្រូវទៅពឹងនរណា?
តើគេត្រូវទៅរកអ្នកណា នៅពេលដែលជនមានអំណាចមានប្រាក់ អង្គុយនៅពីលើច្បាប់ ហើយមន្ត្រីអ្នកអនុវត្តច្បាប់ធ្វើការងារឲ្យតែជនទាំងនោះ តុលាការអយុត្តិធម៌ តំណាងរាស្ត្រមិនដែលឃើញមុខ... ? ក្ដីសង្ឃឹមនៅពេលនេះ នៅសល់តែខ្លួនឯងប៉ុណ្ណោះ ដូចពុទ្ធឱវាទបានសម្ដែងឡើង «ខ្លួនត្រូវទីពឹងខ្លួន»។ មូលហេតុទាំងប៉ុន្មានខាងលើ បាននាំឲ្យរាស្ត្រ ដែលមិនអាចនៅស្ងៀមបានតទៅទៀតនោះ ត្រូវតែងើបឡើងទាំងអស់គ្នាដើម្បីបង្ហាញឲ្យគេឯងយល់ថា ពួកខ្លួននឹងមិនត្រូវបានពួកអ្នកនយោបាយទាំងនោះ «បង្វិល»បានដោយស្រួលតទៅទៀតបានឡើយ៖ «ការពារសន្លឹកឆ្នោតរបស់ខ្លួន ដែលបានធ្វើនៅពេលបោះឆ្នោតថ្ងៃទី២៨ខែកក្កដាកន្លងមក»។ សកម្មភាពបែបនេះ គេកម្រនឹងបានជួបប្រទះណាស់ នៅក្នុងព្រឹត្តិការណ៍បោះឆ្នោត នៅប្រទេសផ្សេងៗក្នុងពិភពលោក។
ប៉ុន្តែភាពអយុត្តិធម៌នៅតែកើតមាន។ ការលប់ឈ្មោះមិនឲ្យអ្នកមានសិទ្ធិបោះឆ្នោតទៅបោះឆ្នោត ការបន្ថែមឈ្មោះខ្មោច ការបោះឆ្នោតជំនួស ការបិទទ្វារាប់សន្លឹកឆ្នោតមិនឲ្យមើល ។ល។ កើតមានព្រោងព្រាត ពាសពេញផ្ទៃរាជាណាចក្រ។ តើនេះជាកំហុសនរណា? រហូតមកដល់ពេលនេះ តើមានមនុស្សប៉ុន្មាននាក់ ដែលចេញមកទទួលខុសត្រូវ ពីបញ្ហាទាំងនេះ? តើអំពើអយុត្តិធម៌ទាំងនេះ នឹងកើតមានដល់ពេលណា? ហើយរាស្ត្រប៉ុន្មាននាក់ទៀត ដែលនឹងត្រូវរងគ្រោះ?
ដូច្នេះការងើបឡើងការពារសិទ្ធិ និងតម្លៃរបស់រាស្ត្រ ក្នុងនាមជាពលរដ្ឋ នឹងមិនបញ្ចប់ត្រឹមនេះឡើយ ប្រសិនណាជាយុត្តិធម៌មិនត្រូវបានគេបំភ្លឺនិងបកស្រាយនោះ។ ការភ័យខ្លាចនឹងសង្គ្រាម និងការបង្ក្រាប ដែលគម្រាមដោយជនល្មោភសង្គ្រាម និងជនផ្ដាច់ការ វាជារឿងហួសសម័យហើយ តែផ្ទុយទៅវិញ គឺការរស់នៅដែលសប្បាយតែ«សម្បកក្រៅ» ហើយសិទ្ធិសេរីភាព និងតម្លៃរបស់ខ្លួន«ត្រូវបានគេប្លន់យក» ក្នុងរយៈពេល«តកូនតចៅវែងឆ្ងាយ»បែបនេះទៅវិញទេ ដែលវានឹងបង្កឲ្យមានការ«ភ័យខ្លាចកាន់តែខ្លាំងជាង»នោះ៕
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ