អ៊ុយរ៉ាហ្គាយ នឹង​ឡើង​ទៅ​ប៉ះ​ប្រេស៊ីល បន្ទាប់​ពី​បំបាក់​តាហ៊ីទី ៨-០

Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ នឹងត្រូវជួបជាមួយក្រុមស៊ាំបាប្រេស៊ីល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃ​ពាន​រង្វាន់ ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានប្រកួតឈ្នះក្រុមតាហ៊ីទីយ៉ាងចាស់ដៃ ដោយ​លទ្ធផល ៨-០ កាលពីយប់មិញ។


ខ្សែប្រយុទ្ធអាបេល ហឺណាន់ដេស លើកដៃធ្វើសញ្ញាបេះដូង បន្ទាប់ពីទាត់បញ្ចូលទីរួច។ (រូបថត marca.com)

ខ្សែប្រយុទ្ធអាបេល ហឺណាន់ដេស (Abel Hernandez) ដែលលេងនៅក្នុងក្រមខ័ណ្ឌអ៊ីតាលី ស៊េរីប៊ី (Serie B ) បានរក​គ្រាប់បាល់បញ្ចូលទីបានចំនួន ៤គ្រាប់តែម្នាក់ឯង។

អ្នកចាំទីតាហ៊ីទី បានជួយសង្គ្រោះបាល់ប៉េណាល់ទីបានមួយគ្រាប់ បន្ទាប់ពីអាជ្ញាកណ្តាលបណ្តេញកីឡាករតេហេវ៉ារី លូឌីវុន (Teheivarii Ludivion) ចេញនៅនាទីទី៥៩។

ខ្សែបម្រើការពាររបស់ក្រុមបូឡូញ៉ា (Bologna) ក៏រកបានមួយគ្រាប់ដែរ ពោលគឺគ្រាប់ទី៣ នៅនាទីទី២៧ ខណៈដែលខ្សែ​បម្រើដែលលេងនៅក្នុងស្រុក នីកូឡាស ឡូដេរ៉ូ (Nicolas Lodeiro) រកបានគ្រាប់ទី៥ មុនពេលដែលហឺណាន់ដេស ទាត់​ប៉េណាល់ទីបាន១គ្រាប់ទៀត។

កីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez) ដែលទើបតែដូរចូលនោះ បានបន្ថែម២គ្រាប់ទៀត ជួយឲ្យក្រុមរបស់លោកអូស្កា តាបារ៉ែស (Oscar Tabarez) នឹងត្រូវឡើងទៅជួបក្រុមលេខ១ ក្នុង​ពូលអេ (A) ពោលគឺម្ចាស់ផ្ទះប្រេស៊ីល នៅថ្ងៃពុធខាងមុខនេះ។

អ៊ុយរ៉ាហ្គាយ បានដឹងថា ឲ្យតែរកបានមួយគ្រាប់ពួកគេប្រាកដជាអាចឡើងទៅកាន់វគ្គជាបន្ត ខណៈដែលជួបជាមួយក្រុម​ខ្សោយតាហ៊ីទី ហើយលោកគ្រូបង្វឹកតាបារ៉ែស បានការជឿជាក់យ៉ាងខ្លាំង ដោយគាត់បានដាក់ឲ្យកីឡាករបម្រុង​ចូល​លេងមុនស្ទើរតែទាំងអស់។

ជាក់ស្តែងកីឡាករសំខាន់ៗដូចជា ល្វីស ស្វារែស, អេឌីនសិន កាវ៉ានី (Edinson Cavani) និងកីឡាករឌីហ្គូ ហ្វឡែន (Diego Forlan) មិនបានចូលលេងជាជម្រើសដំបូងទេ ដោយត្រៀមទុកជើងជួបជាមួយប្រេស៊ីល ដែលជាការប្រកួតដ៏ធំ។

គ្រូបង្វឹកអ៊ុយរ៉ាហ្គាយ លោកអូស្កា តាបារ៉ែស បាននិយាយថា «គោលដៅចម្បងរបស់យើងមកកាន់ប្រទេសប្រេស៊ីល គឺ​ធ្វើយ៉ាងណាឲ្យក្រុមរបស់យើងឈានទៅកាន់វគ្គបញ្ចប់នៃកម្មវិធីប្រកួតនេះ។ ជ័យជំនះមួយនេះ ពិតជាធ្វើឲ្យយើង​មាន​ភាពស្កប់ស្កល់។ ពេលនេះយើងនៅ២ប្រកួតធំៗនៅពេលខាងមុខ ខណៈដែលវាទាមទារឲ្យយើង ធ្វើឲ្យបានល្អជាទី​បំផុត។ បើទោះបីជាត្រូវជួបជាមួយប្រេស៊ីល នៅវគ្គបន្ទាប់ក៏ដោយ ក៏យើងនៅតែមានការជឿជាក់ដែរ។»

រីឯគ្រូបង្វឹកតាហ៊ីទី លោកអេដឌី អេតេតា (Eddie Etaeta) ក៏បាននិយាយដែរថា «កីឡាកររបស់ខ្ញុំ ពិតជាលេងអស់ពី​កម្លាំងកាយចិត្តហើយ។ នេះជាអ្វីៗ ដែលមានសារៈសំខាន់សម្រាប់ពួកយើង។ នៅទីបញ្ចប់៣ប្រកូតនេះ យើងអាច​ទាត់​ចូលទី១គ្រាប់ដែរ ដូច្នេះយើងសង្ឃឹមថា នឹងអាចត្រឡប់មកវិញម្តងទៀត នៅពេលក្រោយ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...