អេស្ប៉ាញ យកឈ្នះអ៊ីតាលី ដោយបាល់កាត់សេចក្តីប៉េណាល់ទី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ នឹងឡើងទៅជួបប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានយកឈ្នះក្រុមអ៊ីតាលីដោយបាល់កាត់សេចក្តីប៉េណាល់ទី ដោយលទ្ធផល ៧-៦ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ។
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្រោយទទួលជ័យជំនះ។ (រូបថត Robert Cianflone - GETTY Image)
កីឡាករបម្រុងអេស្ប៉ាញ ជេសឺស ណាវ៉ាស់ (Jesus Navas) ជាអ្នកទាត់បាល់ប៉េណាល់ទីគ្រាប់ជ័យជំនះបានសម្រេច បន្ទាប់ពីខ្សែការពាររបស់អ៊ីតាលី ឡេអូណាដូ បូណ័កស៊ី (Leonardo Bonucci) ធ្វើឲ្យបាត់បង់គ្រាប់បាល់១គ្រាប់។
គ្រាប់បាល់ទាំង១២គ្រាប់ដំបូង កីឡាករនីមួយៗទាំង២ក្រុម ទាត់បានយ៉ាងល្អនិងគ្មានកំហុសឆ្គងដូចគ្នា មុនពេលដែលបូណ័កស៊ី ទាត់ទៅប៉ះនឹងរបារទីខាងលើ អ្នកចាំទីអេស្ប៉ាញ អ៊ីកឺ កាស៊ីឡាស់ (Iker Casillas)។
បន្ទាប់ពីអ៊ីតាលីបាត់បង់គ្រាប់បាល់១គ្រាប់ កីឡាករខ្សែបម្រើស្លាបរបស់ក្រុមមេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City)ថ្មី ណាវ៉ាស់ បានទាត់ទម្លុះអ្នកចាំទីអ៊ីតាលីបាស់ហ្វុង (Buffon) បានសម្រេច និងជួយឲ្យអេស្ប៉ាញ ឡើងទៅប៉ះម្ចាស់ផ្ទះប្រេស៊ីលនៅថ្ងៃអាទិត្យ នាទីក្រុងរីយ៉ូ ដេចិនណេរ៉ូ (Rio de Janeiro)។
អ៊ីតាលី លេងគ្របដណ្តប់លើក្រុមអេស្ប៉ាញយ៉ាងខ្លាំងពេញ៩០នាទី ប៉ុន្តែទោះជាយ៉ាងណាមិនអាចរកគ្រាប់បាល់ទម្លុះសំណាញ់ទីអេស្ប៉ាញបានទេ ខណៈដែលអវត្តមានខ្សែប្រយុទ្ធឆ្នើមម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) ទៀតនោះ។
រីឯអេស្ប៉ាញ ដែលធ្លាប់យកឈ្នះអ៊ីតាលី ៤-០ ម្តងកាលពីប្រកួតអ៊ឺរ៉ូ២០១២ (Euro 2012) វគ្គផ្តាច់ព្រ័ត្រនោះ ក៏មិនអាចរកគ្រាប់បាល់បញ្ចូលទីបានដែរ ទាំងក្នុងការប្រកួតពេញ៩០នាទី និងម៉ោងបន្ថែម ធ្វើឲ្យក្រុមទាំង២បញ្ចប់លទ្ធផលត្រឹម ០-០ និងត្រូវកាត់ក្តីដោយបាល់ប៉េណាល់ទី។
រឿងដែលមិនគួរឲ្យជឿថែមទៀតនោះ គឺអ្នកចាំទីលំដាប់កំពូលពិភពលោកទាំង២ក្រុម ទាំងបាស់ហ្វុងរបស់អ៊ីតាលី និងកាស៊ីឡាស់របស់អេស្ប៉ាញ មិនអាចមានលទ្ធភាពជួយសង្គ្រោះបាល់បានពីកម្លាំងជើង របស់កីឡាករឆ្នើមៗទាំង២ក្រុមបានទេ ពោលគឺបានត្រឹមតែចាប់ខ្យល់តែប៉ុណ្ណោះ។
បន្ទាប់ពីជ័យជំនះមួយនេះទៀត យើងឃើញថាក្រុមម្ចាស់ជើងឯកពិភពលោក និងម្ចាស់ជើងឯកអ៊ឺរ៉ុប (អេស្ប៉ាញ) នៅតែគ្មានក្រុមណាមួយអាចយកឈ្នះបាននៅឡើយ បន្ទាប់ពីប្រកួតចុងក្រោយ ២៨លើក មិនដែលស្គាល់ពាក្យថា «ចាញ់» សោះ។
ប៉ុន្តែពួកគេនឹងប៉ះក្រុមខ្លាំង ម្ចាស់ជើងឯកពិភពលោក ៥សម័យកាលប្រេស៊ីល នៅថ្ងៃអាទិត្យខាងមុខនេះ។ តើក្រុមគោជល់អេស្ប៉ាញ នៅតែរក្សារបានប្រវត្តិមិនដែលចាញ់បាន ឬយ៉ាងណា? សូមរងចាំមើលលទ្ធផលទាំងអស់គ្នា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ