តូរែស និងអាល់បា ជួយឲ្យអេស្ប៉ាញ ទៅប៉ះអ៊ីតាលី នៅពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ម្ចាស់ជើងឯកពិភពលោកអេស្ប៉ាញ បានក្លាយជាក្រុមលេខ១ ក្នុងពូលប៊ី (B ) ហើយនឹងត្រូវឡើងទៅជួបអ៊ីតាលី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីឈ្នះក្រុមនីហ្សេរីយ៉ា ដោយលទ្ធផល ៣-០ កាលពីយប់មិញ។
ខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស ប្រើក្បាលបញ្ជូនបាល់ ចូលទីរបស់នីហ្សេរីយ៉ា។ (រូបថត lahora.com.ec)
គ្រាប់បាល់ទាត់បញ្ចូលទីដ៏ល្អរបស់កីឡាករជូឌី អាល់បា (Jordi Alba) ដែលជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករបាសេឡូណា (Barcelona) ទាំង៨នាក់ជាជម្រើសដំបូងនោះ បានជួយឲ្យអេស្ប៉ាញ ធ្វើការនាំមុខមុនតាំងតែពីនាទីទី៣ មុនពេលដែលខ្សែប្រយុទ្ធហ្វឺណាន់ដូ តូរែស (Fernando Torres) ប្រើក្បាលតែត បន្ថែម១គ្រាប់ទៀត នៅនាទីទី៦២ ខណៈដែលគាត់ទើបតែដូរជំនួសកីឡាកររ៉ូបឺតូ សូលដាដូ (Roberto Soldado) ទើបតែបាន៣នាទី។
អេស្ប៉ាញ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមនីហ្សេរីយ៉ា នៅវគ្គទី១ ប៉ុន្តែមិនអាចទាត់បញ្ចូលទីបានច្រើនទេ ខណៈដែលខ្សែប្រយុទ្ធមិនសូវជាបញ្ចេញថ្វីជើង។ កីឡាករខ្សែការពារស្លាបឆ្វេង អាល់បា បានរត់ចេញពីចង្វាក់ខ្សែការពារបានយ៉ាងល្អ ហើយកីឡាករដែលមានល្បឿនលឿនរូបនេះ ក៏បានបណ្តើរបាល់ញ៉ាក់ដាច់អ្នកចាំទី រួចទាត់ចូលទីគ្រាប់ទី៣បានសម្រេច នៅនាទីទី៨៨។
គោជល់អេស្ប៉ាញ នឹងត្រូវប៉ះអ៊ីតាលីនៅថ្ងៃព្រហស្បត្ត៏ នៅក្នុងកីឡាករដ្ឋានហ្វតាឡេស្សា (Fortaleza)។ ទោះជាយ៉ាងណា អេស្ប៉ាញមានការពេញចិត្ត ដែលត្រូវឡើងទៅជួបអ៊ីតាលីនេះ ព្រោះអេស្ប៉ាញ ធ្លាប់ឈ្នះអ៊ីតាលី ៤-០ រួចមកហើយ ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ូ២០១២ (Euro 2012) វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន។
ចំណែកឯក្រុមនីហ្សេរីយ៉ា បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុ នឹងត្រូវហាលអាវជាមួយនឹងក្រុមតាហ៊ីទីដែរ បន្ទាប់ពីក្រុមមកពីប្រទេសកោះមួយនេះ ប្រកួត៣ប្រកួតមាន ០ពិន្ទុ។
គ្រូបង្វឹកអេស្ប៉ាញ លោកវីសិនតេ ដេលបូសកេ (Vicente Del Bosque) បាននិយាយថា «វាជាការប្រកួតដ៏លំបាក។ យើងបានជួបគូប្រជែងដ៏ខ្លាំង ប៉ុន្តែយើងព្យាយាមគ្រប់គ្រងបាល់ ទើបអាចបំបែកក្បួនខ្សែការពាររបស់គេបាន។ ការជួបជាមួយអ៊ីតាលី ជាការប្រកួតដ៏សំខាន់សម្រាប់យើង ព្រោះយើងចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ហើយអ៊ីតាលី គេក៏គិតថាសំខាន់ដូចគ្នាដែរ ម្យ៉ាងទៀត ខ្ញុំគិតថាពួកគេប្រាកដជាចង់សងសឹក។»
ចំណែកឯគ្រូបង្វឹកក្រុមនីហ្សេរីយ៉ាវិញ បាននិយាយថា «យើងបានលេងជាមួយនឹងក្រុមខ្លាំង ហើយក៏ជាក្រុមលេខ១ របស់ពិភពលោកដែរ។ វាជាមេរៀនមួយសម្រាប់ពួកយើង ហើយវាពិតជាល្អ។ យើងនឹងបន្តធ្វើយ៉ាងណា ឲ្យក្រុមរបស់យើងល្អថែមទៀត នៅពេលក្រោយ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ