ណាហ្គាវើល៖ បុគ្គលិកជិតមួយពាន់នាក់បន្តកូដកម្ម បន្ទាប់ពីចរចារបរាជ័យ
ព្រឹកនេះបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ជិតមួយពាន់នាក់បន្តធ្វើកូដកម្ម បន្ទាប់ពីបរាជ័យលើតុចរចារត្រីភាគី ដើម្បីស្វែងរកដំណោះស្រាយ កាលពីថ្ងៃទី២០ខែមិថុនា នៅសាលារាជធានីភ្មំពេញ។ ការបរាជ័យក្នុងកិច្ចចរចារ និងការជូនដំណឹងអំពីការបញ្ឍប់បុគ្គលិក ច្រើនជាង(៤០០)នាក់ ពីភាគីក្រុមហ៊ុន បានជំរុញឲ្យមានកូដកម្មបន្តនៅថ្ងៃនេះ។
សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ ក្នុងពេលរាត្រី។
អគ្គលេខាធិការរង សហព័ន្ធសហជីពវិស័យទេសចរណ៍ និង សេវាកម្ពុជា លោក សុខ ណារិទ្ធ បានពន្យល់ថាការសម្រេចបន្តធ្វើកូដកម្មនេះ គឺទាមទារនូវលក្ខខណ្ឌចំនួនបី។ ទីមួយ ទាមទារឲ្យក្រុមហ៊ុនគោរពសិទ្ធការងារបុគ្គលិក ដោយមិនត្រូវបញ្ឍប់បុគ្គលិកស្រេចតែអំពើចិត្ត - ទីពីរ សូមតំឡើងប្រាក់ឈ្នូល ខណៈចំណូលក្រុមហ៊ុនមានការកើនឡើង - ទីបី សូមឲ្យក្រុមហ៊ុនគោរពសេចក្តីសម្រេច របស់ក្រុមប្រឹក្សាអាជ្ញាកណ្កាល។
សូមរំលឹកថាកាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅបុគ្គលិកក្រុមហ៊ុនណាហ្គាវើល បានធ្វើកូដកម្មទាមទារលក្ខខណ្ឌមួយចំនួន តែត្រូវបានបង្រាបពីកម្លាំងសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុន ដោយលើកហេតុផលថាជាកូដកម្មខុសច្បាប់។ ក្នុងហេតុការណ៍នោះកូដករ (១៩) នាក់ត្រូវបានឃាត់ខ្លួន តែត្រូវដោះលែងនាល្ងាចថ្ងៃដ៏ដែល និងបានឯកភាពគ្នាផ្តើមឲ្យមានការចរចារ រកដំណោះស្រាយ។
កញ្ញា ឈឹម ស៊ីថរ អនុប្រធានសហជីពប្រចាំណាហ្គាវើលបញ្ជាក់ថា៖ «ការបន្តធ្វើកូដកម្មនេះ ពីព្រោះរហូតមកដល់ថ្ងៃនេះ ពុំទាន់មានដំណោះស្រាយអ្វីនោះទេ»។ កញ្ញាបន្ថែមថា កិច្ចចរចារត្រីភាគីថ្ងៃទី២០ មិថុនា រវាតំណាងបុគ្គលិក តំណាងក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ គឺមិនទទួលបានលទ្ធផលអ្វី ក្រៅពីការជំរុញឲ្យបុគ្គលិកចូលធ្វើការវិញ ដោយរងចាំដោះស្រាយជាមួយក្រុមហ៊ុននៅពេលក្រោយ។ កញ្ញាបន្តថា ក្រុមហ៊ុនបានផ្ញើរសារអេឡិចត្រូនិក បញ្ឍប់ការងាររបស់កូដករ ខណៈដែលក្រុមហ៊ុននេះ ប្រកាសជ្រើសរើបុគ្គលិកថ្មីជាច្រើន។
អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ នៃក្រសួងការងារ លោក ខៀវ សាវុធ លើកឡើងថា ការផ្ញើរសារបញ្ឍប់ពីការងារ គឺជាសកម្មភាពមួយ ពុំមានលក្ខណៈត្រឹមត្រូវតាមច្បាប់នោះទេ។ លោកអំពាវនាវដល់ភាគីទាំងពីរ កុំពង្រីកវិវាទឲ្យកាន់តែធំជាងនេះ។ លោកបញ្ជាក់ថា៖ «ភាគីទាំងពីរ ត្រូវតែបន្តការចរចារបញ្ចប់វិវាទ ដើម្បីផលប្រយោជន៍ទាំងសងខាង»។
ទាក់ទងបញ្ហានេះមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ដោយលោកជាប់ប្រជុំ។ ទន្ទឹមនឹងនេះ តំណាងខាងក្រុមហ៊ុនណាហ្គាវើល ក៏មិនអាចសុំការបំភ្លឺទាក់ទង នឹងបញ្ហានេះបានដែរ។
----------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ