កម្លាំងបង្រ្កាបកុបកម្ម ជាង២ពាន់នាក់ធ្វើសមយុទ្ធ កំញើញថ្ងៃ៨មីនា?
កងកម្លាំងចម្រុះយ៉ាងហោច ជាង២ពាន់នាក់នៅរសៀលថ្ងៃទី០៦ ខែមីនា នេះ ត្រូវបានរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដាក់ពង្រាយឲ្យធ្វើសមយុទ្ធបង្រ្កាបបាតុកម្ម នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ការធ្វើសមយុទ្ធនេះ គឺស្របពេលដែលសហជីពយ៉ាងតិច១៨ និងសកម្មជនសិទ្ធិមនុស្សមួយចំនួនទៀត បានប្ដេជ្ញាថា នឹងធ្វើវេទិការសាធារណៈ និងបាតុកម្ម នៅថ្ងៃទី០៨ និងទី១២ មីនា តាមការគ្រោងទុក បើទោះមិនមានការអនុញ្ញាតពីអាជ្ញាធរក៏ដោយ។
កងកម្លាំងប្រមូលគ្នាធ្វើសមយុទ្ធកណ្ដាលក្រុង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
សុវត្ថិភាព - មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថជាតិ លោក ខេង ទីតូ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៦ មីនា នេះថា ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ មិនគួរមានការភ្ញាក់ផ្អើលនឹងវត្តមានកងកម្លាំងចម្រុះ ដែលត្រូវដាក់ពង្រាយនៅពហុកីឡាដ្ឋានជាតិ អូឡាំពិកនោះទេ ព្រោះវាគ្រាន់តែជាការហ្វឹកហាត់ ជាធម្មតារបស់កងកម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះ។
លោក ខេង ទីតូ ពន្យល់ថា៖ «សកម្មភាពនេះ គ្នានបំណងអ្វីទេ កម្លាំងប្រដាប់អាវុធ តែងហ្វឹកហាត់ជាប្រចាំអញ្ចឹង ដើម្បីពង្រឹងស្មារតី និងយុទ្ធសាស្រ្ត។ វាជាសមយុទ្ធ ការងារជំនាញ ព្រោះនៅពេលដែលយើងត្រូវការប្រើប្រាស់ យើងច្បាស់នឹងការងារតែម្តង ដើម្បីកុំឲ្យមានការឆ្គាំឆ្គង។»។
សមយុទ្ធដែលមានកម្លាំងចូលរួមប្រហែលជាង២ពាន់នាក់នេះ ត្រូវបានគេកត់សម្គាល់ឃើញថា មានកម្លាំងចូលរួមមកពីខណ្ឌទាំង៩ និងការិយាល័យចំណុះឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជួន សុវណ្ណ ជាស្នងការនគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ។
ក្នុងសមយុទ្ធបែបកំញើញនេះ គេក៏ឃើញមាន ការតាំងលម្អដោយ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះជាច្រើនទៀត ពិសេសរថយន្តបំពាក់ដោយរបាំងការពារ សម្រាប់រុញច្រានក្រុមបាតុករ ក្នុងករណីប្រឈម ដែលទើបតែនាំចូលពីបរទេសកាលពីពេលថ្មីៗនេះ។ លោក ជួន សុវណ្ណ បានព្រលយឲ្យអ្នកសារព័ត៌មានដឹងថា សមយុទ្ធនាពេលនេះ ធ្វើឡើងដើម្បីត្រៀមការពារ ការធ្វើបាតុកម្មនៅថ្ងៃទី០៨ និង១២មីនា ខាងមុខនេះ។
នៅថ្ងៃទី០៨ និងថ្ងៃទី១២ ខែមីនា គឺជាថ្ងៃដែលសហជីពយ៉ាងតិច១៨ និងសកម្មជនសិទ្ធិមនុស្ស មួយចំនួនទៀត បានប្ដេជ្ញាថា នឹងដឹកនាំធ្វើវេទិការសាធារណៈ និងធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ជាកំហិត បើទោះសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃបានបដិសេធគោលជំហររបស់ពួកគេក៏ដោយ។ ក្រុមសហជីពទាំងនោះបានអះអាងថា គោលបំណងនៃកម្មវិធីរបស់ពួកគេ គឺទាមទារដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ១៦០ដុល្លារ និងទាមទារឲ្យដោះលែងជន២១ នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីពេលធ្វើបាតុកម្មកន្លងមក។
យោងលើមន្រ្តីសិទ្ធិមនុស្ស និងអ្នកច្បាប់ បានឲ្យដឹងថា បើយោងលើច្បាប់ស្តីពីការធ្វើបាតុកម្ម បាតុករ ឬអ្នករៀបចំដឹកនាំបាតុកម្ម មិនតម្រូវឲ្យសុំច្បាប់អនុញ្ញាតនោះទេ តែចាំបាច់ត្រូវជូនដំណឹងទៅអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ ជាការស្រេច។ តែសម្រាប់មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថជាតិ លោក ខេង ទីតូ បានបញ្ជាក់ថា៖ «បើរដ្ឋអំណាច ឬអាជ្ញាធរគេមិនឲ្យធ្វើ ហើយបាតុករនៅតែរឹងធ្វើ អាហ្នឹងដល់ពេលមានបទបញ្ជា មិនដឹងធ្វើមិចទេ មានតែអនុវត្តតាមផ្លូវច្បាប់ហ្នឹងហើយ»។
«ផ្លូវច្បាប់» របស់អ្នកនាំពាក្យកងរាជអាវុធហត្ថជាតិ ដែលរហូតមកដល់ម៉ោងនេះ អ្នកសារព័ត៌មានរកមិនឃើញថាមានចែងនៅមាត្រាណា និងដោយនរណានោះឡើយ៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ មីនា ២០១៤