ប្រតិកម្មអ្នកសង្កេតការណ៍ និងអ្នកតវ៉ា ទៅលើសវនាការនៃជនទាំង២១
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ទាំងចៅក្រមកាត់សេចក្តីលំអៀង យ៉ាងធ្ងន់ធ្ងរ ទៅលើដើមបណ្តឹងរដ្ឋប្បវេណី បានកាត់នូវការសួរដេញដោលរបស់មេធាវីជាច្រើន នៅពេលមេធាវីសួដេញដោលទៅលើអង្គហេតុជាក់លាក់ ចៅក្រមខ្លួនឯងអ្នកកាត់ជំនួសតំណាងអយ្យការទៀត។ នេះជាភាពលំអៀង នៃដំណើរការសវនាការក្នុងពេលព្រឹកនេះ។» នេះជាការលើកឡើង របស់លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅមុខសាលាដំបូងក្រុងភ្នំពេញ។
ក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានី។ (រូបថត សហការី)
ប្រព័ន្ធយុត្តិធម៌ - ក្រោមទិដ្ឋភាពនៃការសួរដេញដោល លោក នី ចរិយា លើកឡើងថា ចៅក្រមសវនាការសំអាងលើរូបថតតែពីរសន្លឹក និងស្ថិតនៅក្រៅអង្គហេតុ ទាញដាក់បន្ទុកលើជនទាំង២១នាក់នោះ។ ដោយជំហរលំអៀងរបស់ចៅក្រមទាងនោះ បានធ្វើឲ្យអ្នកគាំទ្រនៅក្រៅតុលាការ បានស្រែកសន្ធាប់កាន់តែខ្លាំងឡើងៗ និងអំពាវនាវឲ្យមន្រ្តីតុលាការដែលកំពុងអនុវត្តច្បាប់ ធ្វើការគោរពច្បាប់ ជាមួយនឹងការដោះលែងអ្នកទាំង២១នាក់ ហើយចាប់ជន«ប្រើហិង្សាពិតប្រាកដ»មកផ្តន្ទាទោសតាមច្បាប់វិញ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន អ្នកស្រី បូ ឆវី ប្រជាពលរដ្ឋមកពីបឹងកក់ ទាមទារឲ្យតុលាការចាប់មន្រ្តីកងទ័ពឆ័ត្រយោង ដែលប្រើអំពើហិង្សា បាញ់សម្លាប់កម្មករ ចាប់ប្រជាពលរដ្ឋវាយធ្វើបាប ត្រូវតែចាប់មកផ្តន្ទាទោសទៅតាមច្បាប់។ អ្នកស្រីបានបញ្ជាក់ដូច្នេះថា «បើតុលាការបំរើរាស្រ្តពិតប្រាកដ តុលាការយុត្តិធម៌ តុលាការនឹងដោះលែងអ្នកទាំង២៣នាក់។ បើតុលាការពុករលួយ តុលាការមិនយុត្តិធម៌ តុលាការមិនឯករាជ្យទេ នោះអ្នកទាំង២៣នាក់ នឹងមិនមានសេរីភាព និងយុត្តិធម៌នោះទេ។»
លើកឡើងប្រហែលគ្នានេះដែរ អ្នកស្រី យ៉ោម បុប្ផា មកពីសហគមន៍បឹងកក់ បានបន្ថែមទាំងទឹកភ្នែកថា តុលាការធ្វើឡើងជាសាធារណៈ តែផ្ទុយមកវិញជើញមានកងកម្លាំងយ៉ាងសន្ធឹកសន្ធាប់ ជាមួយនឹងរបាំង រនាំង និងបន្លាលួស។ «យើងមានការបារម្មណ៍ ព្រោះប្រព័ន្ធតុលាការយើង មានឈ្មោះស្អុយរលួយទូទាំងពិភពលោកថា គ្មានភាពយុត្តិធម៌។ ខ្ញុំសុំផ្តាំផ្ញើរទៅរដ្ឋាភិបាលថា កុំយកតុលាការមកលេងជាឆាកល្ខោន ខ្ញុំគិតថាអំណាចទាងអស់នៅក្នុងដៃរដ្ឋាភិបាល ដូច្នេះគួពិចារណា ត្រូវតែដោះលែងអ្នកទាំង២១នាក់ និងផ្តល់យុត្តិធម៌មកអ្នកទាំង២៣នាក់វិញ។»
លោកស្រី មួរ សុខហួរ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាននៅជុំវិញតុលាការនោះ បានលើកឡើយដោយខ្លីថា «ភ្នែករបស់យើង ត្រចៀករបស់យើង មាត់របស់យើង។ យើងឃើញការពិត យើងលឺការពិត យើងនិយាយការពិត។ (…) នៅប្រទេសណាក៏ដោយ មានការពិតទើបមានយុត្តិធម៌ មានការពិតមានប្រជាធិបតេយ្យ។»
អ្នកស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សូវ៉េត បានបញ្ជាក់ថា សវនាការថ្ងៃនេះមានច្រើនបន្ទប់ មិនអាចបញ្ចប់ក្នុងថ្ងៃនេះបានទេ។ ចៅក្រមកាត់សេចក្តី ទៅតាមរឿងនីមួយៗដោយឡែកៗពីគ្នា។ លោកបន្តថា ដូចជារឿងវ៉េងស្រេងនៅបន្ទប់លេខ២ រឿងអេសអិល នៅបន្ទប់លេខបីជាដើម។ តាមការរាយការណ៍ នៃអ្នកយកព័តមានរបស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បន្ថែមថា នារសៀលថ្ងៃទី២៥ ខែមេសានេះ តុលាការត្រូវបិទសវនាការមិនមានការប្រកាសជាលទ្ធផលទេ។ តែតុលាការបានប្រកាសថា នឹងបន្តសវនាការជាថ្មីនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ខាងមុខ។
ក្នុងរយៈពេលនេះ ជនត្រូវចោទទាំង២១នាក់ ត្រូវបានបញ្ជូនចេញយ៉ាងសម្ងាត់ចេញពីសាលាដំបូង ឆ្ពោះទៅកាន់ពន្ធនាគារព្រៃសរវិញ។ តែមិនដឹងថា ក្នុងរយៈពេលរងចាំថ្ងៃឡើងសវនាការ ទី៦ ខែឧសភាខាងមុខ ជនទាំង២១នាក់នេះ នឹងត្រូវបញ្ជូនជាបន្តត្រឡប់ទៅកាន់ពន្ធនាគារត្រពាំងផ្លុងវិញ ឬយ៉ាងណានោះទេ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤