ជា មុន្នី ស្នើរឲ្យក្រសួងការងារ បញ្ជាក់ពីការចុះបញ្ជីការអង្គការវិជ្ជាជីវៈ
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី បានដាក់លិខិតស្នើមួយទៅក្រសួងការងារ កាលពីថ្ងៃទី ០៥ ខែមិនា ម្សិលមិញនេះ ដើម្បីអោយក្រសួងមួយនេះបញ្ជាក់អោយច្បាស់ នៃការដាក់ចេញនូវគោលការណ៍ និងវិធានអោយបានច្បាស់លាស់ ស្តីពីការចុះបញ្ជីការនៃអង្គការវិជ្ជាជីវៈ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ។ (រូបថត សហការី)
សហជីព - បន្ទាប់ក្រសួងការងារមិនចុះបញ្ជីការ នៅតាមរោងសហគ្រាសមួយចំនួន លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៤ បានដាក់លិខិតមួយជូនដល់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីស្នើរសុំ និងបញ្ជាក់ស្តីពីករណីការសុំចុះបញ្ជីការសហជីពសេរីកម្មករនៃរោងចក្រ សហគ្រាស ក្រុមហ៊ុន និងគ្រិះស្ថានថ្មីៗមួយចំនួន ។
ក្នុងលិខិតរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ខណៈពេលដែលសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជីកាសហជីពសេរីកម្មករនៃបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថានថ្មីៗមួយចំនួន ជូនទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីទទួលបន្ទុកសំណុំឯកសារ បានតម្រូវអោយសហជីពភ្ជាប់ជាមួយ នូវលិខិតថ្កោលទោស ចេញដោយក្រសួងយុត្តិធម៌ ដែលមិនមានចែងនៅក្នុងប្រកាសលេខ០២១ កកបវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការចុះបញ្ជីនៃអង្គការវិជ្ជាជីវៈឡើយ និងកាលពីមុនមកមិនធ្លាប់មានបែបហ្នឹងឡើយ។
នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៤នេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចធ្វើការទាក់ទងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ។
តែតាមការលើកឡើង នៅក្នុងលិខិតរបស់លោកជា មុន្នី ដដែល បានអោយដឹង ថាប្រសិនបើក្នុងករណីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលការណ៍ថ្មីស្តីពីការចុះបញ្ជីការរបស់អង្គការវិជ្ជាជីវៈ ដែលតម្រូវអោយមានលិខិតថ្កោលទោស សំរាប់យកមកអនុវត្តជាទូទៅនោះ សូមអោយមានវិធានការដូចជា ទី១. ក្រសួងគួរតែចេញក្រកាសស្តីពីការចុះបញ្ជីការនៃអង្គការវិជ្ជាជីវៈនានា ចូលរួមអនុវត្តន៍ ប្រសើរជាងដាក់ចេញនូវគោលការណ៍ថ្មី តាមរយៈការប្រាប់មាត់ទទេ។ ទី២. ក្រសួងគួរតែ សម្រេចនិរាសករណ៍ប្រកាសលេខ០២១ កកបវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៦ ស្តីពីការចុះបញ្ជីការ នៃអង្គការវិជ្ជាជីវៈចោលជាអសាបង់ជាមុនសិន ដើម្បីអោយអង្គការវិជ្ជាជីវៈងាយស្រួល ចូលរួមអនុវត្តន៍ប្រកាសថ្មីរបស់ក្រសួងអោយមានប្រសិទ្ធិភាព។
ផ្តល់បទសម្ភាសមួយជាមួយវិទ្យុបារាំងអន្តរជាតិ លោក ជា មុន្នី បានអះអាងថា ការចុះបញ្ជីការនេះ រដ្ឋាភិបាលមានកំហុសឆ្គងច្រើន ដែលលោកយល់ថាបន្ទាប់ពីផ្ទុះ បាតុកម្ម-កូដកម្មទាមទារប្រាក់ឈ្នួលគោល១០៦ដុល្លា កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ មកការចុះបញ្ជីការនៃអង្គការវិជ្ជាជីវៈ មានលក្ខណៈប្លែក និងមានរោងចក្រសហគ្រាស ជាច្រើនមិនត្រូវបានអនុញ្ញាតអោយចុះបញ្ជី៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ០៦ មិនា ២០១៤