សាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំរបស់ វន់ ពៅ ជាលើកទីពីរ
បណ្តឹងសារទុក្ខសុំនៅក្រៅឃុំរបស់លោក វន់ ពៅ ត្រូវបានសាលាឧទ្ធរណ៍ តម្កល់សាលដីការ«បដិសេធ» ជាលើកទី២ បើទោះបីជាការស៊ើបអង្កេត បានចំណាយពេលជិត «បីខែ» ហើយក៏ដោយ។
ក្រុមអ្នកទាមទារឲ្យដោះលែងលោក វន់ ពៅ នៅមុខសាលាឧទ្ទរណ៍ ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - ដំណើការនៃអង្គជំនុំជម្រះ បានចាប់ផ្តើមបើកសវនាការនៅវេលាម៉ោងជាង២ រសៀល ដែលមានលោក សេង ស៊ីវត្ថា ជាប្រធានអង្គជំនុំជម្រះ រួមទាំងចៅក្រមប្រឹក្សាចំនួនរូប និងព្រះរាជអាជ្ញាលោក អ៊ឹម សុផា ដែលសម្រេចទៅលើបណ្តឹងសារទុក្ខ សុំនៅក្រៅឃុំ របស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
បន្ទាប់បើកអង្គជំនុំជម្រះ អស់រយៈពេលជាងមួយម៉ោង តុលាការនៃសាលាឧទ្ធរណ៍ បានសម្រេចតម្កល់ទុកសាលដីការបដិសេធ ទាំងការស្នើសុំនៅក្រៅឃុំ និងទាំងការស្នើសុំវត្ថុតាង ដែលបានរឹបអូសយកក្នុងអំឡុងពេលចាប់ខ្លួនមានដូចជា មេក្រូ ម៉ូតូកង់បីជាដើម។ នេះបើតាមការបញ្ជាក់របស់លោក មេធាវីការពារក្តីអោយលោក វន់ ពៅ។
មេធាវីរូបនេះ បានអោយដឹងទៀតថា មូលហេតុដែលមិនដោះលែង ដោយសំអាងលើកុំអោយមានការប៉ះពាល់ ទៅលើការស៊ើបអង្កេតរបស់តុលាការ។ លោកបន្តថា លោកនឹងត្រៀមពាក្យបណ្តឹងប្តឹងសាទុក្ខទៅសាលាកំពូលតទៅទៀត និងត្រលប់ទៅប្តឹងនៅតុលាការដំបូងរាជធានី ដើម្បីទាមទារសុំនៅក្រៅឃុំម្តងទៀតក្នុងពេលឆាប់ខាងមុខនេះ។
សវនាការលើកទីពីរនេះ មិនខុសពីលើកទីមួយដែរ គឺជនចោទត្រូវបានអវត្តមាន ។ ចំពោះការអវត្តមានលោក វន ពៅ នៅក្នុងសវនាកា ដោយមូលហេតុ «រថយន្តរបស់ពន្ធគារខូច» ត្រូវបានអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ សម្តែងនូវការខកចិត្តយ៉ាងខ្លាំង។ អ្នកស្រីបាននិយាយថា «ដោយសារតែស្វាមីខ្ញុំ ជាកូនក្តីថ្ងៃសវនាការក្តី គួរតែអោយគាត់មកស្តាប់សវនាការរបស់គាត់។ បើមិនបញ្ជូនមក វាជាហេតុផលមួយមិនសាកសម ព្រោះពេល ដែលបញ្ជូនទៅមានលទ្ធភាពបញ្ជូល ទៅដល់កំពង់ចាមបាន តែដល់ពេលសវនាកា តែមិនមានលទ្ធភាព ខ្វះមធ្យោបាយបញ្ជូនស្វាមីខ្ញុំមកទៅវិញ។»
ដំណាលពេល នៃការរងចាំស្តាប់ការសម្រេច របស់អង្គចៅក្រមនៅថ្ងៃនេះដែរ សម្រែកទាមទារ ពីក្រុមគ្រួសាររបស់ជនត្រូវចោទ ព្រមទាំងសមាជិក របស់សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មករ និងអ្នកតវ៉ាផ្សេងទៀតប្រមាណជា២០០នាក់ បាននាំគ្នាស្រែកតវ៉ា ឲ្យមានការដោះលែង អតីតប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នក២០នាក់ផ្សេងទៀត នៅមុខសាសាឧទ្ធរណ៍។
តំណាងសហជីពកម្មករម្នាក់ បានកាន់ឃោសនស័ព្ទស្រែកបន្ទរថា តុលាការអោយតែដល់ពេលដែលខ្លួនប្រើប្រាស់ នូវអំណាចឆន្ទានុសិទ្ធរបស់ខ្លួន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋហើយ។ រីឯកុមារាដែលមានអាយុប្រហែល៨ឆ្នាំ ជាកូនប្រុសរបស់លោក វន់ ពៅ ស្រែកអង្វរយ៉ាងខ្លីថា «ខ្ញុំនឹកប៉ារបស់ខ្ញុំណាស់ ដោះលែងគាត់មកវិញមក គាត់មិនបានធ្វើអ្វីខុសនោះទេ»៕
-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិនា ២០១៤