យន្ដហោះបាត់ខ្លួន បានបញ្ចប់ជីវិតនៅសមុទ្រឥណ្ឌាខាងត្បូង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះម៉ាឡេស៊ី អ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាងពីរសប្ដាហ៍មកហើយ បានធ្លាក់នៅមហាសមុទ្រឥណ្ឌាខាងត្បូង។ នេះជាការប្រកាស របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី២៤ ខែមីនានេះ ដោយយោងទៅតាមទិន្នន័យរបស់ប្រព័ន្ធផ្កាយរណប និងការស្រាវជ្រាវថ្មីៗ។
យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)
បាត់យន្ដហោះ - «ជាមួយនឹងការសោកស្ដាយយ៉ាងធំធេង និងទុក្ខក្រៀមក្រំ ដែលខ្ញុំត្រូវប្រកាសប្រាប់អ្នកទាំងអស់ថា បើតាមទិន្នន័យទទួលបានថ្មីៗនេះ យន្ដហោះ MH370 បានបញ្ចប់ជីវិតរបស់វា នៅលើលំហរខាងត្បូងនៃមហាសមុទ្រឥណ្ឌា» នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាចា (Najib Razak)។
ការិយាល័យគ្រប់គ្រងប្រព័ន្ធផ្កាយរណប អ៊ីម៉ាសាត់ (Inmarsat) និង ការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាស របស់អង់គ្លេស ហៅកាត់ថា អេអេអាយប៊ី (AAIB) បានសេចក្ដីសន្និដ្ឋានថា យន្ដហោះដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង បានងាកចេញពីផ្លូវដើមរបស់វា ហើយចេញដំណើរទៅកាន់ភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌា។ ការិយាល័យបានចេញសេចក្ដីប្រកាសព័ត៌មានថា «ចំនុចចុងក្រោយ ដែលយន្ដហោះបានស្ថិតនៅ ត្រូវបានរកឃើញ នៅកណ្ដាលមហាសមុទ្រឥណ្ឌា»។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែឡាញ វិញ ក៏បានចេញចេញប្រកាសព័ត៌មានដែរ ទាក់ទងនឹងសេចក្ដីសន្និដ្ឋានចុងក្រោយនេះ។ សេចក្ដីប្រកាសនោះ បានបន្ថែមថា «ការបន់ស្រន់របស់យើង នឹងឧទ្ទិសទៅដល់អ្នកដំណើរទាំង២២៦នាក់ និងសមាជិកបម្រើការនៅលើយន្ដហោះទាំង១៣នាក់ ដែលបានស្ថិតនៅដោយផ្ទាល់ ក្នុងហេតុការណ៍ដ៏រន្ធត់នេះ»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ពីការគណនា បង្ហាញពីចំនុចរកឃើញចុងក្រោយ ដែលស្ថិតនៅផ្នែកខាងលិចនៃទីក្រុងឆ្នេរសមុទ្រ ភើធ (Perth) របស់ប្រទេសអូស្ត្រាលី។
បណ្ដាញទូរទស្សន៍ប៊ីប៊ីស៊ី (BBC) បានផ្សាយថា ក្រុមគ្រួសារជនរងគ្រោះ ត្រូវបានជូនដំណឹងដោយក្រុមហ៊ុនអាកាសចរណ៍ តាមរយៈទូរសាខ្លី (SMS) ក្នុងទូរស័ព្ទដៃ ដោយមានសេចក្ដីជាអាថ៌ថា «យន្ដហោះបានបាត់ ហើយគ្មាននរណាម្នាក់ នៅរស់រានមានជីវិតឡើយ»៕
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៤ មីនា ២០១៤