អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ អាចនឹងឈានទៅរកទីបញ្ចប់?
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាការទទួលខុសត្រូវ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ មិនមាននៅក្នុងហេតុការណ៍ ធ្លាក់យន្ដហោះ MH17 នៅប្រទេសអ៊ុយក្រែននោះក៏ដោយ តែក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសអាស៊ានមួយនេះ មិនអាចគេចផុតពីការរិះគន់បានឡើយ ជាពិសេសនៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយទាំងឡាយ របស់ខ្លួន។ បន្ថែមពីលើនេះ នៅមានជម្រើសយុទ្ធសាស្ត្រ និងគម្រោងផ្លូវហោះហើរនោះទៀត ក៏មានចោទឡើងជាបញ្ហាដែរ។ បូករួមនឹងហេតុការណ៍បាត់ខ្លួន នៃយន្ដហោះ MH370 និងវិបត្តិសេដ្ឋកិច្ចដែលកំពុងរួមរឹតក្រុមហ៊ុននេះស្រាប់ផង អ្នកវិភាគបានសម្ដែងការព្រួយបារម្ភថា ម៉ាឡេស៊ីអ៊ែរឡាញ អាចនឹងឈានដល់ទីបញ្ចប់របស់ខ្លួន។
សាច់ញាតិរបស់ជនរងគ្រោះ នៅជិតរូបយន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអែឡាញ។ (រូបថត straitstimes.com)
ធ្លាក់យន្ដហោះ - ការទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅក្នុងការធ្លាក់យន្ដហោះ MH17 ទំនងជាមិនមានអ្វីជាធំដុំនោះទេ មកទល់នឹងម៉ោងនេះ ដោយសារតែការស៊ើបអង្កេតលើកដំបូងៗ បានបង្ហាញថា យន្ដហោះធុនប៊ូអីង ៧៧៧ ដែលហោះចេញពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ ឆ្ពោះទៅរដ្ឋធានី ម៉ាឡេស៊ី ប្រទេសម៉ាឡេស៊ី ជាមួយនឹងមនុស្ស២៩៨នាក់ ត្រូវបានបាញ់ទម្លាក់ដោយច្រឡំ។ ប៉ុន្តែក្រុមហ៊ុនដ៏អភ័ពមួយនេះ ដែលទើបនឹងបានបាត់យន្ដហោះមួយទាំងមូល កាលពី៤ខែមុន ទាំងមិនដឹងថានៅឯណាផងនោះ មិនអាចគេចផុតពីការរិះគន់ជាច្រើន ទាក់ទងនឹងការគ្រប់គ្រង គ្រោះមហន្តរាយរបស់ខ្លួននោះឡើយ។
ខាងក្រោមនេះ ជាការវិភាគរបស់អ្នកជំនាញខាងអាកាសចរណ៍ ដែលនឹងបង្ហាញថា ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ អាចនឹងបិទទ្វា ប្រសិនបើមិនមានកំណែទម្រង់ឲ្យបានខ្លាំងក្លានោះទេ។
ជម្រើសយុទ្ធសាស្ត្រ ដ៏អាក្រក់
កាលពី៧ឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានអ្នកធ្វើដំណើរតាមយន្ដហោះ ស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង។ នៅថ្ងៃនេះ ក្រុមហ៊ុនមានយន្ដហោះចំនួនប្រមាណជា ៩០ ហើយត្រូវបានចាត់ទុកជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍«ដ៏ល្អៗ»ផ្សេងទៀត នៅក្នុងពិភពលោក។
ប៉ុន្តែថ្នាក់ដឹកនាំ ដែលមិនសូវមានអ្នកចូលចិត្ត និងជម្រើសយុទ្ធសាស្ត្រដ៏អាក្រក់ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះ ធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុមួយ ដែលមិនធ្លាប់មានតាំងពីក្រុមហ៊ុន បានចាប់កំណើតមក ជាពិសេសនៅចំពោះការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍បំបាក់តម្លៃ (លក់សំបុត្រថោកៗ) ដែលទើបនឹងកើតថ្មី។ ម៉ាឡេស៊ីអ៊ែរឡាញ បានដឹងខ្លួនពីបញ្ហានេះ តែបានប្រតិកម្មយឺតពេល និងថែមទាំងរងគ្រោះនឹងទណ្ឌកម្មនោះថែមទៀត។
ក្រុមបុគ្គលិករបស់ ម៉ាឡេស៊ីអ៊ែឡាញ ដែលមិនចង់ឲ្យមានការផ្លាស់ប្ដូរ បានខាឃាំងគម្រោងការថ្មីៗ របស់ក្រុមហ៊ុន ដែលចង់ឲ្យសេវាកម្មបន្ថោកតម្លៃ មានគុណភាពជាងមុន និងរបៀបរបបធ្វើការបែបផ្សេងទៀត។ ពួកគេដែលរួមគ្នាធ្វើជាសហជីពធំៗនោះ បានប្រឆាំងនូវរាល់ការធ្វើកំណែទម្រង់ណាក៏ដោយ ដែលប៉ះពាល់ដល់ល័ក្ខខ័ណ្ឌការងាររបស់ពួកគេ។
មួយវិញទៀត ក្រុមហ៊ុនត្រូវប្រឈមនឹងការកំណត់របស់រដ្ឋ ដែលត្រូវបានមានជើងហោះហើរក្នុងស្រុក ហើយទាំងនេះបានធ្វើឲ្យ ម៉ាឡេស៊ីអ៊ែឡាញ កាន់តែជួបផលវិបាកច្រើនឡើង។ បណ្ដាញទូរទស្សន៍ ប្លូមប៊ើន (Bloomberg) របស់អាមេរិកបានរាយការណ៍ថា ចាប់ពីដើមឆ្នាំ២០១១មក ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ បានខាតបង់មិនតិចជាង ១,៥ពាន់លានដុល្លានោះទេ។
ការគ្រប់គ្រងគ្រោះថ្នាក់ ដែលមានលក្ខណៈស្ងាត់ស្ងៀម ដូចចោរលួចសេះ
ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ជុំវិញការគ្រប់គ្រងគ្រោះមហន្តរាយ ដែលកើតមានទៅលើសេវាកម្មរបស់ខ្លួន។ បើគ្រាន់តែអត្តសញ្ញាណរបស់ជនរងគ្រោះ នៅលើយន្ដហោះ MH17 (ធ្លាក់នៅជិតព្រំដែនអ៊ុយក្រែន-រ៉ូស្សី) គេនៅតែមិនយល់ថា ហេតុអ្វីបានជាម៉ាឡេស៊ីអ៊ែរឡាញ ត្រូវការពេលវេលារហូតដល់ទៅជាង២០ម៉ោង ដើម្បីឲ្យដឹងថា នៅលើយន្ដហោះមានអ្នកដំណើរប៉ុន្មាននាក់ និងជាជនជាតិអ្វីខ្លះ។
ជាធម្មតា អ្នកដំណើរណាក៏ដោយ ត្រូវតែបង្ហាញលិខិតឆ្លងដែន ទៅឲ្យតំណាងក្រុមហ៊ុនអាកាសចរណ ដែលមានតួនាទីធ្វើការត្រួតពិនិត្យ មុននឹងអនុញ្ញតឲ្យអ្នដំណើរនោះ ឡើងលើយន្ដហោះ។ ហើយក្រុមហ៊ុន ត្រូវមានឧបករណ៍មួយសម្រាប់ធ្វើការកត់ត្រាទុក ពីអ្នកដំណើរនោះ ជានរណា មកពីណា ជនជាតិអ្វី។ល។ តែម៉ាឡេស៊ីអ៊ែរឡាញ មិនធ្វើដូច្នេះទេ ព្រោះបានទុកឲ្យក្រុមគ្រួសារជនរងគ្រោះ ត្រូវរងចាំក្នុងរយៈពេលមួយយ៉ាងយូរ ទាំងមិនដឹងថាតើញាតិមិត្តរបស់ខ្លួនស្លាប់ឬរស់។
ដោយឡែក នៅក្នុងការបាត់ខ្លួនយន្ដហោះ MH370 គ្រួសារជនរងគ្រោះ មិនដែលយល់ទាល់តែសោះថា ហេតុអ្វីបានជាក្រុមហ៊ុនអាកាសចរណ៍ ត្រូវរងចាំ១៧ថ្ងៃ មុននឹងប្រកាសតាម SMS ពីមរណភាពរបស់អ្នកដំណើរទាំង២៣៩នាក់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រួសារជនរងគ្រោះ កាន់តែក្ដៅក្រហាយខ្លាំងជាងនេះនោះ គឺក្រុមហ៊ុនអាកាសចរណ៍មួយនេះ មិនសូវជាបានប្រកាសពីដំណឹងអ្វីឲ្យបានលំអិត ជុំវិញការបាត់ខ្លួនរបស់យន្ដហោះមួយនេះទេ។
គម្រោងផ្លូវហោះហើរ ដែលបង្កមន្ទិល
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក (Najib Razak) បាននិយាយថា៖ «ផ្លូវដែលយន្ដហោះ MH17 បានហោះហើរ ត្រូវបានប្រកាសថាមាន សុវត្ថិភាព ដោយអង្គការអាកាសចរណ៍អន្តរជាតិ ហើយអង្គការនេះបានបញ្ជាក់ទៀតថា លំហអាកាសដែលយន្ដហោះបានឆ្លងកាត់ មិនត្រូវបានធ្វើការហាមឃាត់អ្វីនោះទេ»។
ការប្រកាសនេះ បានបង្កឲ្យមានមន្ទិលពីលំហរអាកាស ដែលក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសអាស៊ីភាគអាគ្នេយ៍មួយនេះ ត្រូវកំណត់ឲ្យហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងពិភពលោកជាច្រើន បានសម្រេចចិត្តឈប់ធ្វើការឆ្លងកាត់ពីលើលំហអាកាសខាងកើត នៃប្រទេសអ៊ុយក្រែននោះទៀត តាំងពីជម្លោះប្រដាប់អាវុធ បានកើតឡើង រវាងកងទ័ពអ៊ុយក្រែន និងក្រុមអ្នកបំបែកទឹកដី ស្និតនឹងប្រទេសរ៉ូស្សី។ មិនត្រឹមតែប៉ុណ្ណឹង ព័ត៌មានពីការបាញ់ធ្លាក់យន្ដហោះយោធាអ៊ុយក្រែន ដោយក្រុមអ្នកបំបែកទឹកដី ទើបតែបានប្រកាសនៅមុនហេតុការណ៍ MH17 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ម៉ាឡេស៊ីអ៊ែរឡាញ ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដ៏តិចតួចបំផុត ក្នុងលោក ដែលបានសម្រេចចិត្តធ្វើការហោះហើរ នៅពីលើតំបន់សង្គ្រាមដ៏គ្រោះថ្នាក់នេះ៕