ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា៖ ទោះមានការចាប់ខ្លួន ក៏មិនរាថយ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះបីជាមានការចាប់ខ្លួន បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សប្រឆាំងជាបន្តបន្ទាប់ ក្រោយព្រឹត្តិការណ៍ប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមកនោះក៏ដោយ តំណាងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា នៅតែប្រកាន់ជំហរ ធ្វើការដង្ហែរក្បួនដាក់ញ្ញាតិ នៅតាមបណ្តាស្ថានទូតនានា ក្នុងប្រទេសកម្ពុជាដដែល ជុំវិញករណីទឹកដីខ្មែរកម្ពុជាក្រោម។
សន្និសីទសារព័ត៌មាន របស់ក្រុមសម្ព័ន្ធយុវជន។ (រូបថត MONOROOM.info/ C. Nita)
សេរីភាពសម្តែងមតិ - ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងព្រះសង្ឃខ្មែរកម្ពុជាក្រោម បានបញ្ជាក់ជំហរថា នឹងមិនរាថយឡើយ ទោះបីជាមានការបង្ក្រាបពីក្រុមសន្រិសុខ ឬក្រុមសមត្ថកិច្ច ក្នុងដំណាក់កាលនៃការហែរញត្តិ ឬត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារក៏ដោយ។ លោក ម៉ៅ ពិសេស បានបញ្ជាក់បន្ទាប់ពីបញ្ចប់ជំនួបប្រជុំ ជាមួយសាលារាជធានីភ្នំពេញ និងស្របពេលដែលលេចលឺព័ត៌មានថា សាលារាជធានីភ្នំពេញ គ្រោងប្ដឹងក្រុមបាតុករទៅតុលាការដើម្បីផ្ដន្ទាទោស ប្រសិនបើសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅតែចចេសហែរក្បួន ជាពិសេស មានការជួបជុំប្រមូលផ្តុំតវ៉ា នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា និងក្នុងករណីធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះ។
ក្នុងការដង្ហែញត្តិនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤នេះ នឹងធ្វើទៅកាន់ស្ថានទូត នៃប្រទេសមហាអំណាចប្រចាំនៅកម្ពុជាចំនួនប្រាំពីរមាន ស្ថានទូតបារាំង ស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស ស្ថានទូតរុស្ស៊ី ស្ថានទូតចិន ស្ថានទូតសហភាពអឺរ៉ុប និងស្ថានទូតវៀតណាម។ ចំពោះស្ថានទូតមហាអំណាច នឹងទទួលយកញត្តិ ដោយឡែកស្ថានទូតវៀតណាម អាចនឹងមិនទទួល ដោយសារហេតុផលសន្តិសុខ។
ក្រុមអ្នកតវ៉ា នៅតែជំរុញអោយអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង កែតម្រូវខ្លឹមសារសំដីរបស់ខ្លួនដែលបានលើកឡើងថា «ទឹកដីខ្មែរកម្ពុជាក្រោម គឺជាទឹកដីរបស់វៀតណាមតាំងពីដូនតា ហើយថាបារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមអោយវៀតណាមនោះឡើយ»។ ប៉ុន្តែសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយថា មន្ត្រីវៀតណាមរូបនោះ បានកែសម្ដីរបស់ខ្លួន ពី«ទឹកដីខ្មែរកម្ពុជាក្រោម ជារបស់វៀតណាម» មកជា«ទឹកដីខ្មែរកម្ពុជាក្រោម គ្រប់គ្រង់ដោយវៀតណាម» ជាយូរលង់ណាស់មកហើយទៅវិញ។
ក្រុមអ្នកតាមដានស្ថានការណ៍សង្គម បាននិយាយថា ការជួបជុំសម្ដែងមតិតរបស់ក្រុមសហព័ន្ធនិស្សិត បញ្ញវន្ដកម្ពុជា គ្រាន់តែជាការអនុវត្តសិទ្ធិរបស់ពួកគេ ដែលមានចែងការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្ដិវិធីប៉ុណ្ណោះ។ នៅក្នុងច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី បានឲ្យនិយមន័យសកម្មភាព របស់ក្រុមអ្នកតវ៉ាដូច្នេះថា៖ «បាតុកម្មដោយសន្តិវិធីសំដៅលើការប្រមូលផ្តុំគ្នា ឬការដង្ហែក្បួនដោយមនុស្សមួយក្រុម ដើម្បីទាមទារ តវ៉ា ឬសម្ដែងជាសាធារណៈនូវមនោសញ្ចេតនា គំនិត ឬឆន្ទៈរបស់ក្រុមខ្លួនតាមរូបភាព ឬមធ្យោបាយផ្សេងៗដោយសន្តិវិធី។»
សូមរំលឹកថា នេះជាលើកទីពីរ ដែលសហព័ន្ធនិស្សិត បញ្ញវន្តកម្ពុជា រួមជាមួយក្រុមយុវជន និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមមួយចំនួន បន្ទាប់ពីបរាជ័យលើកទីមួយ នៅមុខស្ថានទូតវៀតណាមកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។
ការប្រមូលផ្តុំនាពេលនោះ ត្រូវបានអាជ្ញាធរបំបែក និងវាយបង្ក្រាប។ ការបំបែកនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់ថា ជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំរបស់ពលរដ្ឋ ព្រមទាំងរំលោភទៅលើច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ច្បាប់នោះ មានចែងទៀតថា៖ «ប្រសិនបើដំណើរការនៃការធ្វើបាតុកម្មដោយសន្តិវិធីបង្កជាអំពើ ហិង្សាបណ្ដាលឲ្យអន្តរាយដល់ទ្រព្យសម្បត្តិឯកជនក្តី ឬទ្រព្យសម្បត្តិសាធារណៈក្តី ការជួសជុលការខូចខាត ត្រូវជាបន្ទុករបស់ជនល្មើសនិងអ្នកសមគំនិត។ មួយវិញទៀត ជនណាដែលបានប្រព្រឹត្តល្មើស បណ្ដាលឲ្យអាជ្ញាធរមានសមត្ថកិច្ច ឬបាតុករ ឬបុគ្គលដទៃទៀតមានរបួសស្នាម ឬបណ្ដាលឲ្យស្លាប់ ជននោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕»