កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត ត្អូញ​ត្អែរ​ពី​ការ​រឹប​អូស​អីវ៉ាន់ និង​ទារ​ពន្ធ​របស់​មន្ត្រី​គយ

កម្មករអូសទេះនៅច្រកពំ្រដែន កម្ពុជា-ថៃ ក្រុងប៉ោយប៉ែត កំពុងមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការចាប់យកអីវ៉ាន់ របស់ពួកគេ ពីសំណាក់មន្ត្រីគយ ដើម្បីសម្លុតទារយកថ្លៃពន្ធ ហើយការទាមទារនេះ មានតម្លៃខ្ពស់ ហួសពីប្រាក់ចំណេញ ដែលទទួលបាន។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២៨ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 29, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មករអូសរទេះ តាមច្រកខ្មែរថៃ ក្រុងប៉ោយប៉ែត ត្រូវបានមន្ត្រីគយ ចាប់រឹបអូសយកអីវ៉ាន់ បានជាង ១០ រទេះ ដើម្បីជា​ថ្នូរសម្លុតទារពន្ធ ពីកម្មករទាំងនោះ។ ការចុះប្រតិបត្តិការ របស់មន្ត្រីគយទាំងនោះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា មន្ត្រីគយទាំងនោះ បានចុះដើរចាប់កម្មករអូសរទេះអីវ៉ាន់ ស្ទើតែរាល់ថ្ងៃ ហើយការយកពន្ធនេះ មានចំនួនច្រើន លើស​ពី​ប្រាក់ចំណេញ ដែលក្រុមកម្មករទទួលបាន។

អ្នកស្រី ចាន់ណា កម្មករអូសរទេះ ពីប្រទេសថៃមកលក់ នៅក្នុងក្រុងប៉ោយប៉ែត បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​​ថា នៅព្រឹកថ្ងៃទី ២៨ ខែមីនា អ្នកស្រីត្រូវបានមេគយ ចាប់អីវ៉ាន់របស់អ្នកស្រី ដើម្បីសម្លុតទារពន្ធ ហើយអ្នកស្រីត្រូវបង្ខំ​ចិត្ត ឲ្យលុយទៅមន្ត្រីគយទាំងនោះ ដើម្បីប្តូរយកអីវ៉ាន់មកវិញ។ អ្នកស្រីថា មានអីវ៉ាន់ជាច្រើនប្រភេទ ដែលពួកគាត់​អូស​ចេញ ពីប្រទេសថៃ។ អ្នកខ្លះអូសបានច្រើនកេះ នឹងទទួលបានប្រាក់ចំណេញ បានច្រើនដែរ ឬឯគាត់វិញ មួយថ្ងៃអូសបាន​ក្នុង​មួយជើង មានត្រឹមតែជាង ១០កេះនៃអីវ៉ាន់ប៉ុណ្ណោះ និងទទួលបានប្រាក់ចំណេញ ២ម៉ឺនរៀល ប៉ុន្តែត្រូវកាត់បង់​ពន្ធគយ​ជាង ១ម៉ឺនរៀល បាត់ទៅហើយ។

ស្ត្រីដែលបានរកស៊ី មុខរបរនេះជាង ១០ឆ្នាំមកហើយ បានបន្ថែមថា ទើបតែពេលបច្ចុប្បន្ននេះទេ ដែលមានការចាប់ទារ​ពន្ធ ពីកម្មករខ្លាំងនោះ ហើយពួកអ្នកស្រី នឹងនាំគ្នាធ្វើបាតុកម្ម នៅពេលណាមួយជាមិនខាន ដោយសារតែមន្ត្រីគយ​ចាប់​ពួកគាត់ពេក ធ្វើឲ្យការរកចំណូល របស់ពួកគាត់ មិនសូវសល់ឡើយ។ អ្នកស្រី ចាន់ណា រៀបរាប់ថា ពីមុនគយចាប់​ត្រឹម​តែ អ្នកអូសអីវ៉ាន់ច្រើនៗ ឲ្យក្រុមហ៊ុនប៉ុណ្ណោះ ហើយមិនដែលចាប់កម្មករ ដែលអូសយកអីវ៉ាន់ មកលក់ជាលក្ខណៈ​គ្រួសារ​នោះទេ។ ប៉ុន្តែឥឡូវនេះ គយចាប់តែអ្នកក្រ ដែលខុសពីអ្នកមាន ដែលអូសអីវ៉ាន់រាប់ពាន់កេះ ចេញពីប្រទេសថៃ។

មិនអាចទាក់ទងលោក ឈួន ហៃ មេគយប្រចាំច្រកពំ្រដែន ប៉ោយប៉ែត បានទេនៅព្រឹកនេះ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកលើក។

ដោយឡែក អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រូន បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមរយៈ​ទូរស័ព្ទ​ថា ទំនិញដែលនាំចូល តាមច្រកព្រំដែន ត្រូវយកពន្ធទាំងអស់ គ្រាន់តែការយកនោះ មានការយោគយល់គ្នា និង​អនុគ្រោះគ្នា យកតិចច្រើនប៉ុណ្ណោះ។ លោកបន្ថែមថា អ្នកអូសរទេះខ្លះ មិនមែននាំយកទំនិញ មកលក់ជាលក្ខណៈ​គ្រួសារ​នោះទេ ប៉ុន្តែពួកគេបានស៊ីឈ្នួលអូសទំនិញ ឲ្យក្រុមហ៊ុនថៃ។ ដូច្នេះខាងគយ ត្រូវតែយកពន្ធ។ បើមិនយកពន្ធ​ទេ​នោះ នឹងមិនមានប្រាក់ពន្ធ ដាក់បញ្ចូលរដ្ឋនោះទេ។

លោក ង៉ោ ម៉េងជ្រូន បានពន្យល់យ៉ាងដូច្នេះទៀតថា ប្រសិនបើប្រជាពលរដ្ឋ នាំទំនិញតាមច្រកនោះ មកលក់ជា​លក្ខណៈ​គ្រួសារ ឬប្រើប្រាស់នោះ លោកមិនជឿថា គេចាប់មកទារពន្ធនោះដូច្នេះឡើយ។ ប៉ុន្តែជាក់ស្តែង ក្រុមកម្មករ​ទាំង​នោះ អូសឥវ៉ាន់ឲ្យក្រុមហ៊ុនថៃ ដែលធ្វើជាលក្ខណៈអូសរទេះតូចៗ ដើម្បីបញ្ជៀសការបង់ពន្ធ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...