អ្វីទៅជាឬសគល់ នៃការបញ្ជូនពលករខុសច្បាប់ ចេញពីប្រទេសថៃ?
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោចណាស់ មានពលករជាតិកម្ពុជា ចំនួនជាង៤៤ម៉ឺននាក់ ដែលបានធ្វើការដោយខុសច្បាប់ នៅប្រទេសថៃ នេះមិនទាន់រាប់បញ្ចូល ចំនួនពលករខុសច្បាប់រ បស់ប្រទេសឡាវ ភូមា និងប្រទេសផ្សេងៗទៀត។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នេះ ពីក្នុងចំណោមពលករខ្មែរទាំង៤៤ម៉ឺននាក់នោះ មានជាង១៥ម៉ឺននាក់ហើយ ដែលត្រូវរបបយោធាថ្មីថៃ បញ្ជូនត្រលប់មកប្រទេសកម្ពុជាវិញ។ ហើយចំនួននេះនឹងបន្តកើនឡើង បើយោងតាមលោកអភិបាលខេត្តបន្ទាយមានជ័យលោក គោស៊ុំ សារឿត ដែលបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីពេលថ្មីៗនេះ។
ពលរដ្ឋកម្ពុជានៅក្នុងឡានទ្រុងគ្មានដំបូល ដឹកចេញពីថៃ។ (រូបថតសហការី)
វិស័យការងារ - ការសម្រេចបញ្ជូនពលករខុសច្បាប់បរទេស ចេញពីប្រទេសថៃរាប់សិបម៉ឺននាក់ យ៉ាងគំហុកនេះ ត្រូវបានរបបយោធាថ្មី កំពុងគ្រប់គ្រងប្រទេសថៃ លើកហេតុផលថា ដើម្បីរក្សាសន្តិសុខផ្ទៃក្នុង និងត្រៀមលក្ខណៈការរៀបចំការបោះឆ្នោតជាថ្មី ចាំបាច់ត្រូវបញ្ជូនពលករចេញ។ ប៉ុន្តែយុទ្ធនាការ ដែលមិនមានការសហការល្អ ជាមួយរដ្ឋាភិបាលរបស់ប្រទេសដើមរបស់ពលករនេះ ត្រូវបានអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន សម្តែងការព្រួយបារម្ភថា បានបំពានលក្ខខណ្ឌមនុស្សធម៌ និងសិទ្ធិរបស់ពលករទាំងនោះ។
លោក យ៉ា ណាវុធ ប្រធានអង្គការការ៉ាមកម្ពុជា ដែលជំនាញក្នុងការជួយជ្រោមជ្រែង និងការពារសិទ្ធិរបស់ពលករ ចំណាកស្រុក បានមើលឃើញថា ចាំបាច់ណាស់ដែលរបបយោធាថៃ ត្រូវបញ្ជូនពលករបរទេសចេញពីប្រទេសថៃ ព្រោះរបបយោធាថៃ ទំនងជាបារម្ភថាពួកពលករបរទេស អាចធ្វើសកម្មភាពជាមួយពួកអាវក្រហម ឬគណបក្សភឿថៃ ជាគូបដិបក្ខរបស់ក្រុមអាវលឿង ឬគណបក្សប្រជាធិបតេយ្យ ដែលមាននិន្នាការនយោបាយស្និទ្ធនឹងក្រុមយោធា និងក្រុមព្រះបរមរាជវាំង។
ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នេះ លោក យ៉ា ណាវុធ បានពន្យល់ថា ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខផ្ទៃក្នុងប្រទេស ក៏ជាហេតុផលចម្បងតម្រូវឲ្យយោធាថៃ ត្រូវបញ្ជូនពលករបរទេសចេញ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋខ្លួន និងសហគមន៍អន្តរជាតិ។ ប្រធានអង្គការការ៉ាមកម្ពុជា បានបន្តទៀតថា៖ «បើទោះជារបយោធាថៃ ត្រូវបានព្រះមហាក្សត្រថៃទទួលស្គាល់ក៏ដោយ ក៏នៅតែជារបបយោធា ដែលមិនទាន់មានរដ្ឋាភិបាលស្របច្បាប់ង្កើតឡើង។»
សម្រាប់លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិវិញ បើទោះជាបានទទូចដល់របបយោធាថៃ អនុគ្រោះដល់ពលករកម្ពុជាក៏មែនពិត ក៏ប្រមុខគណបក្សជំទាស់រូបនេះ បានព្រមានថាប្រទេសថៃគម្បីរក្សាពលរដ្ឋកម្ពុជា ដូចកម្ពុជារក្សាពលរដ្ឋថៃ ដែលនៅកម្ពុជា ឲ្យស្របទៅតាមច្បាប់ និងកិច្ចព្រមព្រៀងផ្សេងៗ។ លោកសម រង្ស៊ី បានថ្លែងទៀតថា៖ «ប្រទេសទាំងពីរត្រូវមានទំនាក់ទំនងវែងឆ្ងាយ»។
ចំពោះហេតុផលដែលប្រទេសថៃ បញ្ជូនពលករខុសច្បាប់បរទេសចេញយ៉ាងតក់ក្រហល់ ត្រូវបានលោក សម រង្ស៊ី ពន្យល់ដោយយោងប្រភពពីប្រទេសថៃ ថារបបយោធាថៃចង់បោសសំអាតអំពើពុករលួយ ដែលត្រូវបានឃុបឃិតគ្នារវាងនគរបាលថៃ និងថៅកែថៃ សម្រួលដល់ការប្រើប្រាស់ពលករបរទេសខុសច្បាប់។ ប្រភដដែលបន្តថា ក៏អាចពាក់ព័ន្ធ ទៅនឹងករណីនយោបាយសុទ្ធសាធផងដែរ ព្រោះមានការចោទប្រកាន់ថា មានក្រុមនគរបាលខ្លះ គាំទ្រដល់ក្រុមអាវក្រហម ឬគណបក្សភឿថៃ។
តែនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកសម រង្ស៊ី ប្រធាគណបក្សសង្រ្គោះជាតិ បានបញ្ជាក់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នេះថា៖ «ពេលណាគេ (ពួកយោធា) បោសសម្អាតក្រុមនគរបាលពុករលួយរួច ពេលនោះគេនឹងរៀបចំឲ្យ ពលករជនជាតិបរទេស មកធ្វើការនៅប្រទេសថៃវិញ ពីព្រោះសេដ្ឋកិច្ចនៃប្រទេសថៃ ត្រូវការដាច់ខាតពលករជនជាតិ បរទេស រាប់លាននាក់ ឲ្យមកធ្វើការនៅប្រទេសថៃ។»
រហូតមកដល់ពេលនេះ ដោយសំអាងលើហេតុផលរក្សាចំណងការទូតឲ្យបានល្អ រដ្ឋាភិបាលកម្ពុជាហាក់ដូចជានៅ ប្រកាន់គោលជំហរស្រទន់នៅឡើយ ត្បិតប្រតិកម្មតបត្រឹមទទូចឲ្យរបបយោធាថៃ គម្បីបញ្ជូនពលករខុសច្បាប់កម្ពុជា ត្រលប់មកប្រទេសកម្ពុជាវិញ ផ្អែកតាមគោលការណ៍មនុស្សធម៌ប៉ុណ្ណោះ៕