អំ សំអាត៖ តុលាការកំពូលសម្រេចក្ដីករណី វន់ ពៅ ព្រោះនយោបាយ
ទីបំផុតទៅ តុលាការកំពូលបានសម្រេច បន្តតម្កល់សាលដីការ របស់សាលាឧទ្ធរណ៍ទុកជាបានការ ពោលគឺបន្តឃុំខ្លួនលោកវន់ ពៅ និងជន២០នាក់។ តែសម្រាប់មន្រ្តីសិទ្ធិមនុស្ស បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថា ជាហេតុផលនយោបាយ និងបានអះអាងថាករណីលោកវន់ ពៅ និងជន២០នាក់ ពិតជាអាចសុំនៅក្រៅឃុំបាន បើយោងតាមផ្លូវច្បាប់។
ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
---------------------
សិទ្ធិ - «អ្នកទាំង២១នាក់ជាចំណាត់ខ្មាំងនយោបាយ បានជាមិនអាចដោះលែងឲ្យនៅក្រៅឃុំ។ តែគេបោះបាល់ឲ្យគ្នាទៅវិញទៅមករវាងតុលាការកំពូល និងសាលាដំបូងរាជធានីភ្នំពេញ»។ នេះជាការថ្លែងរបស់លោកអំ សំអាត អ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្ស នៃអង្គការលីកាដូ ដល់អ្នកសារព័ត៌មាន ក្រោយការសម្រេចរបស់តុលាការកំពូល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។
តុលាការកំពូល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ នេះ ដោយសំអាងថាសំណុំរឿងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំ២០នាក់ផ្សេងទៀត កំពុងដំណើរការសវនាការនៅសាលាតំបូងរាជធានីភ្នំពេញ និងហេតុផលផ្សេងទៀត បានបន្តតម្កល់សាលដីការរបស់សាលាឧទ្ធរណ៍ ដោយបដិសេធការសុំនៅក្រៅឃុំរបស់មេធានីលោកវន់ ពៅ និងជន២០នាក់។
គួរកត់សម្គាល់ថា ការបើកសវនាការ និងការប្រកាសសាលដីការបស់តុលាការកំពូលនាពេលនេះ បានធ្វើឡើងបន្ទាប់ពីសាលាឧទ្ឋរណ៏កាលពីរថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ។ សាលក្រម ដែលទាត់ចោល ការសុំនៅក្រៅឃុំរបស់លោកវន់ ពៅ និងជន២០នាក់។
លោកអំ សំអាត បានចាត់ទុកការបន្តបដិសេធការសុំនៅក្រៅឃុំ ដោយប្រព័ន្ធតុលាការកម្ពុជា ចំពោះករណីលោក វន់ ពៅ និងជន២០នាក់ ថាជាការបង្ហាញឲ្យឃើញថាឥទ្ធិពលនយោបាយ និងផលប្រយោជន៍គណបក្សនយោបាយ កំពុងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងផលប្រយោជន៍រួមរបស់កម្ពុជា។ អ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្ស នៃអង្គការលីកាដូរូបនេះ បានបញ្ជាក់ទៀតថា៖ «ឈរលើគោលការណ៍មនុស្សធម៌ និងស្ថានភាពសុខភាព បទល្មើសនេះអាចនៅក្រៅឃុំបាន ប៉ុន្តែសំខាន់ ដោយសារហេតុផលរឿងនយោបាយ។»
កន្លងមកគណបក្សសង្រ្គោះជាតិ ធ្លាប់អះអាងថានឹងនាំយកករណីលោក វន់ ពៅ និងជន២០នាក់ ទៅដាក់ក្នុងរបៀបវារៈចរចានយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានការដោះលែង។ តែសម្រាប់លោកជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកមម្ពុជា បានលើកឡើងថា ករណីលោកវន់ ពៅ និងជន២០ នាក់ មិនជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយ នោះទេ ហើយពួកគេនឹងទទួលទោសតាមផ្លូវច្បាប់ និងតាមរយៈឆន្ទានុសិទ្ធិរបស់ចៅក្រម៕