កែម ឡី៖ បណ្ដឹងទៅ ICC «មិនបាច់»មានការយល់ព្រមពីរដ្ឋាភិបាលទេ
ប្រព័ន្ធយុត្តិធម៌ - ករណីបង្រ្កាបនៅមុខសួនកាណាឌីយ៉ា ដែលបានបណ្តាលអោយកម្មករយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់ទៀត្រូវរងរបួស ដែលបញ្ហានេះត្រូវបានគណបក្សប្រឆាំង អង្គការសង្គម ស៊ីវិល និងអន្តរជាតិធ្វើការថ្កោលទោស។ ចំពោះករណីនេះដែរ គណបក្សសង្រ្គោះជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន បាននឹងកំពុងរៀបចំសំនុំឯកសារ និងមេធាវី ដើម្បីប្តឹងលោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។
ចំពោះបញ្ហានេះ លោក ជាម យៀប ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ធ្លាប់បានអោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងថា «តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនមែនចេះតែប្តឹងបានតាមចិត្តនោះទេ វាមាននិតិវិធីរបស់វា។ បើអ្វីៗមិនមានការឯកភាពពីរដ្ឋាភិបាលទេនោះ តុលាការព្រហ្មទណ្ឌអាចនឹងទទួលនូវពាក្យបណ្តឹងទាំងនោះ ទុកជាឯកសារ តែគេនឹងមិនចាត់ការនោះទេ។»
ផ្ទុយគ្នាពីការលើកឡើងខាងលើ របស់មន្ត្រីគណបក្សកាន់អំណាច លោកកែម ឡី អ្នកឃ្លាំមើលស្ថានការណ៍សង្គមនិងជាអ្នកវិភាគសង្គមឯករាជ្យ ក្នុងពេលផ្តល់បទសម្ភាសន៏នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤នេះ នៅសណ្ឋាគារអ៊ីមភើរៀល អះអាងថា ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មិនចាំបាច់តែមានការយល់ព្រមពីរដ្ឋាភិបាលនោះទេ។ បើតាមការសិក្សាកន្លងមក មេដឹកនាំផ្តាច់ការល្បីៗ មួយចំនួននៅលើពិភពលោក ដែល ICC ចេញដីការចាប់ខ្លួន សុទ្ធតែមេដឹកនាំរបស់រដ្ឋាភិបាល។ ហើយបើពួកគេសុទ្ធតែជាមេដឹកនាំផ្តាច់ បើធ្វើដូចនេះ ធ្វើម្តេចនឹងអ្នកទាំងនោះឯកភាព ?
លោកបានបញ្ជាក់ថែមទៀតថា «ICC វាជាស្ថាប័នឯករាជ្យអន្តរជាតិមួយ ទោះបើគ្មានការអនុញាតិពីរដ្ឋាភិបាល ក៏តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មានសិទ្ធចេញដីការចាប់ខ្លួនដែរ។ តែភាគច្រើនដែល ICC ចេញដីការចាប់ខ្លួនគឺ ចាប់មិនបាន ដោយសារតែអ្នកនោះគេចផុតពីសំណាញ់ច្បាប់ បើទោះបីជាគេចផុតក៏ដោយ ក៏កេរ្ត៏ឈ្មោះ និងនយោបាយអ្នកនោះត្រូវផុតរលត់ដែរ។»
បើយោងតាមអនុសញ្ញាក្រុងរ៉ូម (មាត្រា ៥) តុលាការព្រហ្មទណ្ឌអន្តរជាតិ មានសមត្ថកិច្ចជំនុំជម្រះលើបទឧក្រិដ្ឋធំៗ ដូចជា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាមជាដើម។ តើករណីអំពើហឹង្សា បង្រ្កាបកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅសួនកាណាឌីយ៉ា អាចប្តឹងទៅតុលារតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)បានដែរ ឬទេ? ចំពោះបញ្ហានេះ នៅក្នុងសន្និសិទកាសែតមួយ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤នេះលោក សុក សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជាហៅកាត់ថា ស៊ីឌីភី បានបញ្ជាក់ថា«ព្រឹត្តិការណ៏ដែលបង្រ្កាបទៅលើបាតុករហ្នឹង វាឃោឃៅហើយ ប៉ុន្តែរឿងថាអោយជនជាប់ចោទណាម្នាក់ដែលមានទោសនោះ ភស្តុតាងវាដូចជាស្រាលពេក មិនចាត់អាចទុកជាបទល្មើសអន្តរជាតិបានទេ»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤