ក្រុមស្រ្តីធ្វើការតាមផ្ទះ សុំឱ្យផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ដោយសារពួកយើងចង់បានតម្លៃការងាររបស់ពួកយើង យើងក៏ចង់បានសិទ្ធិសេរីភាពដែរ» នេះជាការទាមទារ របស់កម្មករិនីបំរើការងារតាមផ្ទះម្នាក់ ដែលបានចូលរួម ក្នុងទិវាអ្នកធ្វើការងារតាមផ្ទះអន្តរជាតិនៅថ្ងៃនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុម័ត ផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ដើម្បីឱ្យពួកគេទទួលបាន ការអនុវត្តសិទ្ធិដូចកម្មករធ្វើការងារក្នុងវិស័យផ្សេងទៀតដែរ។
តំណាងស្ត្រីធ្វើការតាមផ្ទះ។ (រូបថត សហការី)
កម្មករធ្វើការតាមផ្ទះ - នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រុមស្រ្តីដែលធ្វើការងារតាមផ្ទះ ក្នុងថ្ងៃទិវាអ្នកធ្វើការងារតាមផ្ទះអន្តរជាតិ លើកទីបីក្នុងប្រទេសកម្ពុជា បានដាក់ញត្តិទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកអន្តរគមន៍ពីក្រសួងមួយនេះ ក្នុងការជម្រុញឱ្យរដ្ឋាភិបាល ផ្តល់សច្ចាប័នទៅលើអនុសញ្ញាលេខ១៨៩របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការងារសមរម្យសម្រាប់កម្មករធ្វើការងារតាមផ្ទះ ដូចបណ្តាប្រទេសផ្សេងៗ។
អ្នកស្រី វុន សម្ផស្សប្រធានបណ្តាកម្មករធ្វើការតាមផ្ទះកម្ពុជា បានឱ្យដឹងនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាហ្វីលីពិន ឥណ្ឌូនេស៊ី ហុងកុង និងអ៊ុយរ៉ាហ្គាយជាដើម គេបានផ្តល់សច្ចាប័ន លើអនុសញ្ញាលេខ១៨៩នេះរួចរាល់ហើយ។ អ្នកស្រីបន្តថា នៅបណ្តាប្រទេសដែលគេ ផ្តល់សច្ចាប័នទៅលើអនុសញ្ញានេះ ឃើញថា អ្នកដែលធ្វើការងារតាមផ្ទះនៅស្រុកនោះ គេមានលក្ខខណ្ឌការងារសមរម្យ ទាំងម៉ោងការងារ ថ្ងៃឈប់សម្រាក ប្រាក់ថែមម៉ោងក៏គេទទួលបានដូចកម្មករ ក្នុងវិស័យផ្សេងអញ្ចឹងដែរ។ ប៉ុន្តែនៅតែកម្ពុជាទេ ដែលមិនទាន់អនុម័តឱ្យមានការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ នេះ បើទោះបីជាខាងអង្គការអន្តរការងារ រាល់ថ្ងៃនេះកំពុងជំរុញក៏ដោយ។
អតីតអ្នកបំរើការងារតាមផ្ទះរូបនេះ បានអះអាងថា៖ «ដោយសារតែកន្លងមកពួកខ្ញុំបានដាក់ញត្តិ ទៅក្រសួងការងារ ៤-៥ ដងហើយ ប៉ុន្តែអ្វីដែលខ្ញុំទទួលបាន ត្រឹមតែគាត់និយាយថាដំណាច់ឆ្នាំ ចុងឆ្នាំ២០១៤ហ្នឹង បើសិនជាគាត់អត់មានយន្តការអី ក៏គាត់មានច្បាប់មួយ ដែលចែងថាអ្នកធ្វើការតាមផ្ទះនឹង មានលក្ខខណ្ឌការងារមួយរម្យមួយផ្នែក ដូចថាមានប្រាក់ខែគោលសមរម្យ ដូចកម្មករក្នុងវិស័យផ្សេងៗ»។
អ្នកស្រីបន្តថា ប្រសិនបើការដាក់ញត្តិក្នុងថ្ងៃនេះ មិនមានលទ្ធផលដូចលើកមុនៗ ក្រុមបណ្តាញអ្នកធ្វើការតាមផ្ទះ នឹងធ្វើការទាមទារដាក់ញត្តិបន្តទៀត នាថ្ងៃបុណ្យសិទ្ធនារី បុណ្យ១០ធ្នូ និងថ្ងៃ១ឧសភាជាដើម ដើម្បីឱ្យរដ្ឋាភិបាលទទួលស្គាល់ការចូលរួម របស់កម្មករធ្វើការងារតាមផ្ទះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងទទួលបានការអនុវត្តសិទ្ធិរបស់ខ្លួន ដូចកម្មករក្នុងវិស័យផ្សេងទៀត។
ឆាយ សុមិនា អាយុ៣១ ជាអ្នកធ្វើការតាមផ្ទះ បានប្រាប់ថា អ្នកស្រីមួយថ្ងៃត្រូវធ្វើការ១៤ម៉ោង នឹងត្រូវធ្វើការច្រើនជំពូក។ កាលពីមុនចូល ធ្វើការដំបូងថៅកែបានដាក់លក្ខខណ្ឌ ត្រឹមតែមើលថែមនុស្សចាស់ទេ ប៉ុន្តែពេលចូលទៅដល់ ត្រូវបានគេប្រើឱ្យធ្វើការងារជាច្រើន ដូចជាបោសផ្ទះ ដាំបាយ លាងចានឆ្នាំង និងរ៉ាប់រងការងារក្នុងផ្ទះផ្សេងៗទៀតទាំងអស់។
កម្មការិនីបំរើការងារតាមផ្ទះរូបនេះ បញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «បើជួបម្ចាស់ផ្ទះស្រួលទៅ គេចាត់ទុកយើងដូចជាកូនក្មួយអញ្ចឹង ប៉ុន្តែបើម្ចាស់ផ្ទះខ្លះអត់ស្រូលជាមួយយើង វាយឱ្យទៅលិតកំអួត យកឆ្នាំអ៊ុតខោអាវមកអ៊ុតលើយើង។ (..) ខ្ញុំចង់ឱ្យរាជរដ្ឋាភិបាលផ្តល់ (សច្ចាប័នទៅលើ) អនុសញ្ញាលេខ១៨៩ ស្តីពីសិទ្ធិពីការងារសមរម្យ ប្រាក់សមរម្យសម្រាប់កម្មករធ្វើការងារតាមផ្ទះដូចពួកខ្ញុំ ដូចវិស័យផ្សេងៗដែរ។»
តំណាងក្រសួងការងារលោក ក្រួច សុផារី អគ្គលេខាធិការរង គណកម្មការដោះស្រាយបាតុកម្ម និងកូដកម្ម ដែលបានមកទទួលញត្តិដោយផ្ទាល់បានសន្យាថា នឹងពិថារណដើម្បីពីភាក្សាគ្នា ហើយបន្ទាប់ពីការធ្វើការសិក្សា និងស្រាវជ្រាវរួចហើយ និងជូនដំណឹងតាមក្រោយ។ លោកអះអាងយ៉ាងដូច្នេះថា៖ «រឿងទាំងអស់នេះ មកដល់ដៃក្រសួង ក្រសួងនឹងចាត់ការហើយ ជាមួយអង្គភាពពាក់ព័ន្ធមួយចំនួនដូចជាអាយឡូ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។ ក្រសួងនឹងមិនប្រងើយកន្តើយទេ។»៕