រ៉ុង ឈុន៖ បើ​​រដ្ឋាភិបាល​​ចាប់​​ខ្លួន​​ប្រធាន​សមាគម​ គឺ​ជីក​រណ្តៅ​កប់​ខ្លួន​ឯង

ឆ្លើយបតទៅនឹងការព្រមានរបស់រដ្ឋាភិបាល ថានឹងប្តឹងទៅតុលាការចំពោះសកម្មភាព របស់សហជីពមួយចំនួន ដែលបានកំពុងដឹកនាំបាតុកម្មទាមទារ តម្លើងប្រាក់ឈ្នួលជាមួយកម្មករ ប្រធានសហភាពសហជីពកម្ពុជា និងជា​ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យបាន បានលើកឡើងថា អ្វីដែលសហជីពបានធ្វើគឺជាសិទ្ធិសេរីភាព ហើយបើរដ្ឋាភិបាលពិតជាចាប់ខ្លួនប្រធានសហជីព ឬប្រធានសមាគម នោះមានន័យថារដ្ឋាភិបាល​កំពុងជីក​រណ្តៅ​កប់ខ្លួនឯង។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្លើយបតទៅនឹងការព្រមានរបស់រដ្ឋាភិបាល ថានឹងប្តឹងទៅតុលាការចំពោះសកម្មភាព របស់សហជីពមួយចំនួន ដែលបានកំពុងដឹកនាំបាតុកម្មទាមទារ តម្លើងប្រាក់ឈ្នួលជាមួយកម្មករ ប្រធានសហភាពសហជីពកម្ពុជា និងជា​ប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យបាន បានលើកឡើងថា អ្វីដែលសហជីពបានធ្វើគឺជាសិទ្ធិសេរីភាព ហើយបើរដ្ឋាភិបាលពិតជាចាប់ខ្លួនប្រធានសហជីព ឬប្រធានសមាគម នោះមានន័យថារដ្ឋាភិបាល​កំពុងជីក​រណ្តៅ​កប់ខ្លួនឯង។

បញ្ហាសង្គម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រ្គៀនកម្ពុជាឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ បានលើកឡើងថា កម្មករ និង​គ្រួបង្រៀនមិនខ្វាយខ្វល់ទៅនឹងការព្រមាន ឬការលាបពណ៌របស់រដ្ឋាភិបាលច្ចុប្បន្ននោះទេ ព្រោះអ្វីដែល​សហជីព​កំពុងដឹកនាំកម្មករតវ៉ា គឺជាសិទ្ធិសេរីភាពដែលមានចែងនៅក្នុងច្បាប់។

ប្រធានសហជីព និងជាប្រធានសមាគមរូបនេះបន្តថា អ្វីដែលកម្មករបានទាមទារ គឺគ្រាន់តែចង់បាន​ជីវភាពល្អ​ប្រសើរប៉ុណ្ណោះ ដូច្នេះប្រសិនបើរដ្ឋាភិបាលបង្រ្កាប ឬចាត់វិធានការណាមួយមកលើពួកគេ នោះរដ្ឋាភិបាលនឹង​ប្រឈមមុខ​ជាមួយសហគមអន្តរជាតិ និងច្បាប់អន្តរជាតិ ហើយក៏មានន័យថារដ្ឋាភិបាល​កំពុង«ជីករណ្តៅ​កប់»​ខ្លួនឯងផងដែរ។

ផ្លូវច្បាប់ ដែលគេអាចបកស្រាយបានស្រេចតែនឹងចិត្ត !

ការសុំប្រតិកម្មរបស់ទស្សនាវដ្ដី ពីលោក រ៉ុង ឈុន បែបនេះ បន្ទាប់ពីមានការផ្សាយ តាមសារព័ត៌មានក្នុង​ស្រុក​មួយ​ចំនួន ថា​រដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការចោទប្រកាន់ លោក រ៉ុង ឈុន ដើម្បី​អាចឲ្យអាជ្ញាធររ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ «ផ្លូវច្បាប់»ដែលក្រុមប្រឆាំង ឬអ្នកវិភាគឯករាជ្យមួយចំនួន បាន​រិះគន់ថា ត្រូវបានក្រុមអាជ្ញាធរយកមកបកស្រាយ ស្រេចតែ​នឹង​ចិត្តនៅពេលក្រុមខ្លួនចង់ធ្វើអ្វីមួយ។

សូមរម្លឹកថារដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីជូនដំណឹងមួយសន្លឹកចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ បានដាក់កំហិត​ទៅលើសហជីពចំនួន៥ និងសមាគមមួយ ដោយចោទថា កំពុងញុះញង់កម្មករឲ្យតវ៉ា។ សេចក្តីជូនដំណឹង​ដដែល​នោះ ក៏បានព្រមានចាត់វិធានការ ចំពោះជនអនាធិបតេយ្យដែលដើរ«ញុះញង់»គម្រាមកំហែង បង្ខំឲ្យកម្មករ​ឈប់​ធ្វើការ និងវាយបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រជាដើម។ ហើយសហជីពទាំង៥នោះរួមមាន ទី១- សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យកម្មករកាត់ដេរ របស់លោក អាត់ ធន់ ។ ទី២- សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា​របស់​លោក ជា មុន្នី។ ទី៣- សម្ព័ន្ធសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា ។ ទី៤- សហព័ន្ធសហជីពជាតិនៃ​ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជារបស់លោកស្រី ម៉ម ញឹម។ ទី៥- សហព័ន្ធសហជីពកម្ពុជារបស់លោកស្រី យ៉ាង សោភ័ណ្ឌ។ ចំណែកសមាគមមួយ គឺសំដៅទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលដឹកនាំដោយលោក រ៉ុង ឈុន។

ជុំវិញបញ្ហានេះ អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានកត់សម្គាល់ថា មូលហេតុដែលនាំឲ្យសហជីពមួយចំនួន​ដឹកនាំកម្មករ បន្តទាមទារទារតម្លើងប្រាក់ឈ្នួលគោលឲ្យបាន១៦០ដុល្លារសហរដ្ឋអាមេរិក ព្រោះប្រាក់ឈ្នួលគោល​ត្រឹម៩៥ដុល្លារ ដែលទើបនឹងសម្រេចតម្លើងដោយក្រសួងការងារ និងភាគីពាក់ព័ន្ធនោះ មិនអាចផ្គត់ផ្គង់ជីវភាព​របស់​កម្មករឲ្យរស់នៅបានសមរម្យ។ រីឯការយកប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា មកប្រើប្រាស់ដើម្បីការបង្ក្រាបណា​មួយនោះ វាជាបែបផែនដ៏«ចាស់គម្រិល»មួយ របស់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ដោយសារតែគ្រប់គ្នា​នរណា​ៗ​ក៏​បានដឹងដែរ ពីភាពលំអៀងរបស់ប្រព័ន្ធតុលាការកម្ពុជាក្នុងពេលបច្ចុប្បន្ន ដែលមានរូបរាងសម្រាប់តែ​«ទប់ជើងគ្រែ»​នយោបាយ ឬផលប្រយោជន៍របស់រដ្ឋាភិបាល គណបក្សកាន់អំណាច និងក្រុមមនុស្សមានអំណាច មានលុយកាក់មួយ​ចំនួន​ប៉ុណ្ណោះ៕

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...