កម្មកររោងចក្រនិយាយពីប្រាក់ឈ្នួល ១២៣ដុល្លា ថ្មី...
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៣ វិច្ឆកា ២០១៤
- កែប្រែចុងក្រោយ: November 14, 2014
- ប្រធានបទ: បៀវត្សរ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្មកររោងចក្រជាច្រើន បានត្អូញត្អែរថា ប្រាក់ឈ្នួល ១២៣ដុល្លា មិនអាចផ្គត់ផ្គង់ជីវភាពពួកគេផ្ទាល់ និងគ្រួសារ ដែលមានការចាយវាយប្រចាំថ្ងៃ ដ៏ថ្លៃនោះបានឡើយ ព្រោះថាបច្ចុប្បន្ននេះ ទំនិញនៅតាមទីផ្សារបានឡើងថ្លៃ មុនប្រាក់ខែរបស់កម្មកររោងចក្រទៅទៀត។ ជាពិសេស មិនថាតែទំនិញទេ ដែលឡើងថ្លៃ សូម្បីតែថ្លៃបន្ទប់ជួល ក៍ឡើងថ្លៃជាងមុនដែរ។ ពួកគេទាំងនោះ បាននិយាយថា ប្រាក់ឈ្នួលប៉ុណ្ណឹងមិនគ្រប់គ្រាន់នោះទេ ថែមទាំងសុំឲ្យមានការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងនេះ និងចង់ឲ្យនយោជកបន្ថែមអត្ថប្រយោជន៍ផ្សេងៗទៀត ដល់ពួកគេទៅតាមតម្រូវការជាក់ស្តែងប្រចាំថ្ងៃ។
កញ្ញា ក្រួច សោភ័ណ្ឌ ជាកម្មកររោងចក្រម្នាក់នៅរាជធានីភ្នំពេញ បានថ្លែងឡើងថា សំរាប់កញ្ញាផ្ទាល់ ប្រាក់ឈ្នួល ១២៣ ដុល្លាគឺមិនគ្រប់គ្រាន់ទេ។ សព្វថ្ងៃនេះ ប្រាក់ឈ្នួលគោលរបស់កញ្ញាបាន ១០៥ ដុល្លា និងមានបូកប្រាក់ផ្សេងៗទៀត ហើយចែកជាមធ្យមសម្រាប់មួយថ្ងៃវិញ កញ្ញា សោភ័ណ្ឌ ទទួលបានប្រាក់តែ ៤ដុល្លា ប៉ុណ្ណោះ។ ប៉ុន្តែការចំណាយក្នុងមួយថ្ងៃ អស់ ១ម៉ឺនរៀលទៅហើយ។
កញ្ញាបានបញ្ជាក់ទៀតថា ប្រាក់ឈ្នួលប៉ុណ្ណឹង កញ្ញាមិនដែលបានផ្ញើរទៅអ្នកផ្ទះទេ ព្រោះកញ្ញាចាយតែម្នាក់ឯង មិនទាំងចង់គ្រាន់ផង។ តែប្រសិនបើរោងចក្រតម្លើងប្រាក់ឈ្នួល ឲ្យត្រឹម ១៦០ដុល្លានោះ ប្រហែលអាចជួយដោះស្រាយជីវភាពប្រចាំថ្ងៃ របស់ខ្លួនផង និងគ្រួសារផងបាន។ ក្រៅពីសុំឲ្យតម្លើងប្រាក់ឈ្នួល ដូចដែលបានបញ្ជាក់ខាងលើ សោភ័ណ្ឌ ចង់ឲ្យរោងចក្រផ្តល់ជាអាហារថ្ងៃត្រង់ សំរាប់កម្មករផង ព្រោះថាការទិញម្ហូបអាហារ នៅតាមរោងចក្រមិនសូវមានអនាម័យនោះទេ ហើយវាអាចប៉ះពាល់ដល់សុខភាព និងការងារផលិតកម្មរបស់រោងចក្រ។
អ្នកខ្លះគិតថា ១២៣ដុល្លា គ្រប់គ្រាន់ហើយ
ចំណែកឯ កញ្ញា ម៉ែន ដានី វិញដែលជាកម្មកររោងចក្របូកគោ ស្ថិតក្នុងរាជធានីភ្នំពេញម្នាក់ដែរនោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គាត់ពេញចិត្តនឹងតួរលេខ ១២៣ដុល្លានេះហើយ ព្រោះថាប្រាក់ឈ្នួលនេះ វាអាចគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់ ក្នុងក្រុមគ្រួសាររបស់កញ្ញាបាន។
កញ្ញា ហ៊ឹម ឡាំ ជាកម្មករនៅរោងចក្រ ស្កាយហាយ បាននិយាថា បា្រក់ឈ្នួល ១២៣ដុល្លា ពេញចិត្តហើយ បើទាមទាលើសនឹងទៀតក៍គេមិនឲ្យដែរ។ រាល់ឆ្នាំគេតម្លើងឲ្យត្រឹម ១៥ដុល្លាប៉ុណ្ណោះ ឆ្នាំនេះតម្លើងបាន ២០ដុល្លាគ្រប់គ្រាន់ហើយ បើឡើងច្រើនពេកក៍លំបាកដែរសំរាប់រោងចក្រ។ កញ្ញាបានថ្លែងឲ្យដឹងទៀតថា៖ «បើគេតម្លើងឲ្យបន្ថែមទៀតក៍ឲ្យទៅ បើគេមិនឲ្យក៍ស្រេចតែគេ បើប្រាក់ខែ ១១០ ១២០ដុល្លាវាច្រើនដែរ»។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រជុំបោះឆ្នោត ជ្រើសរើសតួរលេខប្រាក់ឈ្នួលអប្បបរិមា របស់កម្មកររួច ក្រុមគណៈកម្មការប្រឹក្សាការងារ និងរដ្ឋមន្ត្រីក្រសួងការងារ បានយកលទ្ធផលនេះ ទៅធ្វើការពិចារណាបន្ថែមទៀត ហើយបានសម្រេចបន្ថែមទឹកប្រាក់ចំនួន ៥ដុល្លាលើទឹកប្រាក់ឈ្នួល១២៣ដុល្លា ដែលបានបោះឆ្នោតសម្រេចយកនោះ។ ដូច្នេះប្រាក់ឈ្នួលរបស់កម្មកររោងចក្រ ដែលពេញសិទ្ធិទទួលបាន ១២៨ដុល្លាក្នុងមួយខែ រីឯអ្នកដែលទើបនឹងចូលធ្វើការសាកល្បងក្នុងរោងចក្រ ទទួលបានប្រាក់ឈ្នួល ១២៣ដុល្លាក្នុងមួយខែ៕