បន្ទាប់ពីត្រូវបានដោះលែង អ្នកភូមិបឹងកក់រក្សាជំហរបន្តការតស៊ូ (vdo)
«យើងត្រូវតែតស៊ូ ដើម្បីសិទ្ធសេរីភាពរបស់ពួកយើង ពួកយើងនឹងនៅតែបន្តការតស៊ូ លុះណាតែបានទទួលបាននូវយុត្តិធម៌» នេះជាសម្តីរបស់ស្រ្តីអ្នកភួមិបឹងកក់ បន្ទាប់ពីត្រូវបានដោះលែង នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ។
លោក រ៉ុង ឈុន និងស្ត្រីសកម្មជនមកពីសហគមន៍បឹងកក់ បន្ទាប់ពីត្រូវបានដោះលែងនៅរសៀលថ្ងៃទី២១ ខែមករា នេះ។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិមនុស្ស - មនុស្សដែលត្រូវបានចាប់ខ្លួនទាំង១១នាក់ កាលពីព្រឹកមិញនោះ ត្រូវបានដោះលែងអោយមានសេរីវិញហើយ។ បើទោះជាមានការចាប់ខ្លួនក៏ដោយ ក៏ក្រុមអ្នកតវ៉ានៅតែរក្សាជំហថាមិនចុះចាញ់។ នេះពាក្យសម្តីដែលស្រ្តីអ្នកភូមិបឹងកក់ទាំងនោះ បាននាំគ្នាស្រែកមុនគេ បន្ទាប់ត្រូវបានដោះលែង ទាំងមិនទាន់បានចេញពី របងស្នងការដ្ឋានរាជធានីភ្នំពេញ៖ «យើងត្រូវតែតស៊ូ ដើម្បីសិទ្ធសេរីភាពរបស់ពួក ពួកយើងនឹងនូវតែបន្តការតស៊ូ លុះណាតែបានទទួលបាននូវយុត្តិធម៌»។ ការស្រែកឡើងនេះ ដោយចង់បញ្ជាក់ប្រាប់ទៅដល់កងកម្លាំងសមត្ថកិច្ចថា មិនអាចរារាំងការតស៊ូរកយុត្តិធម៌របស់ពួកគាត់បានឡើយ។
រីឯលោក រ៉ុង ឈុន បន្ទាប់ពីត្រូវបានដោះលែង ជាមួយស្រ្តីបឹងកក់ដែរនោះបានថ្លែងថា «យើងមិនបានប្រព្រឹត្តិអំពើខុសច្បាប់អីទេ មានតែអាជ្ញាធរទេដែលត្រូវខុសច្បាប់ ព្រោះនាំខ្លួនមនុស្សអត់មានដីការអីទាំងអស់ ហើយអ្វីដែលអាជ្ញាធរកំពុងតែធ្វើនេះ កំពុងតែជំរុញអោយហ៊ុន សែន ធ្លាក់ទឹកហើយ»។ លោកអះអាងទៀតថា «ឥលូវនេះលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ធ្លាក់ចុះខ្លាំងណាស់ ដូច្នេះសូមអោយអន្តរជាតិ ជំរុញអោយប្រជាពលរដ្ឋទទួលបាននូវការគោរពសិទ្ធិ នូវសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំសម្តែងមតិ និងការដាក់ញ្ញាត្តិ។»
ចំណែកអ្នកស្រី ទេព វណ្ណនី ក៏បានបង្ហាញនូវការតាំងចិត្តរបស់ខ្លួនដែរថា «អ្វីដែលយើងចង់បានគឺយុត្តិធម៌ ការភ័យខ្លាចមិនអាចគម្រាមយើងបានទេ ការចាប់ខ្លួន សំលាប់ក៏មិនអាចសម្លុតបានដែរ»។
ខាងក្រោមនេះជាឃ្លាចំរៀងសង្ខេបខ្លី ដែលក្រុមអ្នកតវ៉ាច្រៀងនៅមុខស្នងការរាជធានីភ្នំពេញ បន្ទាប់ពីត្រូវបានដោះលែងអោយមានសរីភាពឡើងវិញ។ ឃ្លាចំរៀងនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ្នកសហគមន៍បឹងកក់ បើទោះបីជាមានការមានគម្រាមកហែង ការចាប់ខ្លួនក៏ដោយ ក៏កម្លាំងសាមគ្គីតស៊ូ តវ៉ា នៅតែមានលុះណាតែមានយុត្តិធម៌សំរាប់ពួកគេ។ មិនតែប៉ុណ្ណោះអត្ថន័យនៃចំរៀងនេះក៏ចង់បញ្ជាក់ដែរ ថាជ័យជំនះមិនដែលបានដោយងាយស្រួលឡើយ បើគ្មានការតស៊ូ និងការព្យាយាម។ ហើយបើនៅទីណាមានការជិះជាន់ ទីនោះត្រូវតែមានការក្រោកតវ៉ា៖
យើងខំប្រឹងធ្វើរាល់ថ្ងៃ នាយទុនកេងប្រវ័ញ្ចបំបាត់សិទ្ធិសេរី
ពួកយើងប្រុសស្រីឈឺចាប់ មកពួកយើងមករួមគ្នាតស៊ូ តស៊ូ
មកពួកយើងរូមកម្លាំង ទោះលំបាកយ៉ាងណា
ក៏យើងនៅតែប្រឆាំងកំហឹងឆេះងំក្នុងចិត្ត ត្រូវពុះពារទោះមាន..
ដើរជាក្បួនរួមគ្នា និងការតស៊ូគ្រប់ពេលវេលា សាមគ្គីគ្នាមិខ្លាច ...
សូមទស្សនាវីដេអូចំរៀង របស់ស្រ្តីអ្នកភូមិបឹងកក់ទាំងនោះខាងក្រោម៖
-----------------------------------------------
ដោយ៖ ក. ចាន់នីតា (ទំនាក់ទំនង៖[email protected])-ភ្នំពេញ ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤