ជា មុន្នី៖ ចាប់ឃាតករលើ ជា វិជ្ជា មិនបានផង ហេតុអ្វីហែក្បួនមិនបាន?
បើទោះជាសាលារាជធានីភ្នំពេញ ដោយសំអាងលើហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានកំណត់ឲ្យសហជីពសេរីកម្មកររបស់លោក ជា មុន្នី ត្រឹមការជួបជុំមុខរូបសំណាកលោក ជា វិជ្ជា ហើយមិនអនុញ្ញាតឲ្យមានការហែក្បួនក៏ដោយ ក៏សហជីពសេរីកម្មកររបស់លោក ជា មុន្នី នៅតែប្រកាន់ជំហរថានឹងដឹកនាំឲ្យមានការហែរក្បួន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដើម្បីទាមទាររកយុត្តិធម៌ ព្រោះរហូតមកដល់ពេលនេះ ឃាតករដែលបាញ់សម្លាប់លោក ជា វិជ្ជា នៅតែមិនទាន់ត្រូវបានវែកមុខ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ។ (រូបថត សហការី)
បាតុកម្មបញ្ចេញមតិ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ បានលើកឡើងថា គ្នានអ្វីប្រែប្រួលនោះទេ បើទោះជាសាលារាជធានីភ្នំពេញ បានហាមឃាត់ក៏ដោយ គឺថាសហជីពសេរីកម្មករនឹងធ្វើការហែក្បួននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ដើម្បីជាការរម្លឹកខួបលើកទី១០ដល់វិញណខណ្ឌលោក ជា វិជ្ជា។ ប្រធានសហជីពសេរីកម្មករដដែលនេះ លើកជាចម្ងល់ថា ការហែក្បួននេះបានធ្វើជាបន្តបន្ទាប់ អស់រយៈពេល៩ឆ្នាំជាប់គ្នាជាបន្តបន្ទាប់ ហើយក៏មិនដែលមានបញ្ហាអ្វីដែរ ចុះហេតុអ្វីសាលារាជធានីភ្នំពេញ ត្រូវហាមឃាត់ក្នុងឆ្នាំនេះ?
នៅពេលសូរថា តើលោកមានការព្រួយបារម្ភពីការប៉ះទង្គិចគ្នា រវាងអ្នកហែក្បួន និងកម្លាំងសមត្ថកិច្ចឬទេ ក្នុងពេលដែលសាលារាជធានីភ្នពេញមិនអនុញាតឲ្យមានការហែក្បួន ? លោក ជា មុន្នី ឆ្លើយបញ្ជាក់ថា៖ «កុំឲ្យតែពួកគាត់ (កម្លាំងសមត្ថកិច្ច) យកអាដែកអីនោះមកបានហើយ យើងហែរ ៩ឆ្នាំហើយ អត់ដែលអីទេ (...)។ ខ្ញុំអត់ខុសអី ខ្ញុំអត់ខ្លាច ហើយខ្ញុំក៏អត់បានក្បត់ជាតិដែរ ចុះអ្នកបាញ់ ជា វិជ្ជា មិនទាន់រកឃើញផង ហេតុអីមករករឿងខ្ញុំ ?»
ចំពោះការលើកឡើងរបស់លោក ជា មុន្នី ត្រូវបានលោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្សសាលារាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះ តាមរយៈកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានលើកឡើងថា វាជាទង្វើដែលបំពានបទបញ្ជាសាលាក្រុងភ្នំពេញ កាលដែលសហជីពសេរីកម្មកររបស់លោក ជា មុន្នី ជម្នះដឹកនាំឲ្យមានការហែក្បួន ព្រោះសាលារាជធានីភ្នំពេញបានជូនដំណឹង និងពិភាក្សាជាមួយគ្នារួចហើយ ថាមិនអនុញាតឲ្យមានការហែក្បួនទេ។
«យើងនឹងចាំមើលទាំងអស់គ្នា!»
ជាមួយគ្នានេះ នៅពេលទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូសួរថា តើសាលារាជធានីភ្នំពេញនឹងចាត់វិធានការដូចម្តេច ប្រសិនបើសហជីពរបស់លោក ជា មុន្នី ពិតជាដឹកនាំការហែក្បួន? លោក ឡុង ឌីម៉ង់ ឆ្លើយបញ្ជាក់ថា៖ «យើងអត់ឲ្យហែ យើងបានចេញលិខិត យើងបានអញ្ជើញគាត់មកប្រាប់រួចហើយ(...)។ បើគាត់ហែល្មើសនឹងបញ្ញត្តិសាលាក្រុង យើងនឹងចាំមើលទាំងអស់គ្នា៕»
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤