សាលារាជធានី ថាសកម្មជនបឹងកក់ជួបជុំតវ៉ា ដោយគ្មាន«ច្បាប់»
បន្ទាប់ពីការចាប់ខ្លួនក្រុមសកម្មជនទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បឹងកក់ កាលពីព្រឹកថ្ងៃទី២១ ខែមករានេះ សាលារាជធានីភ្នំពេញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានប្រកាន់ជំហរថា ការឃាត់ខ្លួនអ្នកទាំងនោះ ដោយសារតែសាលារាជធានីមិនអនុញ្ញាតឲ្យមានការជួបជុំគ្នា ឬហែក្បួនណាមួយទេ។
អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី នៅថ្ងៃពុធទី២៥ ខែធ្នូ។ (រូបថត MONOROOM.info/ Senghong)
បាតុកម្មបញ្ចេញមតិ - ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក ឡុង ឌីម៉ង មន្រ្តីនាំពាក្យសាលារាជធានី បានបកស្រាយជុំវិញការឃាត់ខ្លួនសកម្មជនទាំង ១១នាក់ មកពីសហគមន៍បឹងកក់ និងលោក រ៉ុង ឈុន ទាំងនោះថា ៖ «សាលារាជធានីភ្នំពេញ មិនអនុញ្ញាតអោយមានការហែក្បូន ហើយការហែក្បូនលើទីសាធារណៈរបស់ពួកគេ មិនមានការសុំច្បាប់អនុញ្ញាតពីអាជ្ងាធរឡើយ»។
ការឃាត់ខ្លួនរបស់កងកម្លាំងអាជ្ញាធរ គ្រប់គ្រង់ដោយរដ្ឋាភិបាល ទៅលើក្រុមសកម្មជន និងពលរដ្ឋចំនួន១១នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាស្ត្រី មកពីសហគមន៍បឹងកក់ទាំងនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសកម្មជន បានប៉ុនប៉ងព្យាយាមដាក់ញត្តិស្នើសុំអន្តរាគមន៍ ពីស្ថានទូតសហរដ្ឋអាមេរិក និងបារាំង ដើម្បីឲ្យដោះលែងលោក វន់ ពៅ និងកម្មករ ២២ នាក់ផ្សេងទៀត នៅព្រឹកថៃ្ង ទី២១ ខែមករា ឆ្នាំ២០១៤។
បើទោះជាលោក ឡុង ឌីម៉ង់ បានថ្លែងការពារ និងអះអាងចំពោះការឃាត់ខ្លួននេះក្តី ក៍អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ លោក សៀន ច. ម៉ាកអ៊ីតូស (Sean J. McIntosh) បានថ្លែងទៅប្រព័ន្ធសារព័ត៌មានក្នុងស្រុកថា ស្ថានទូតបានធ្វើការថ្កោលទោសសមត្ថកិច្ច ករណីឃាត់ខ្លួនសកម្មជនទាំង ១១នាក់ ខណៈអ្នកទាំងនោះយកញត្តិ ទៅដាក់នៅតាមស្ថានទូតនានា។ អ្នកនាំពាក្យរូបនេះបានបន្តថា សកម្មភាពសកម្មជនទាំង១១នាក់ទាំងនេះ ធ្វើឡើងទៅតាមសិទ្ធិសេរីភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ ស្តីពីការប្រមូលផ្តុំបញ្ចេញមតិ ដោយសន្តិវិធីតែប៉ុណ្ណោះ។
ពលរដ្ឋមា្នក់ពីក្នុងចំណោមនោះដែលមិនត្រូវបានចាប់ខ្លួន បាននិយាយដៀមដាម ដាក់កងកម្លាំងអាជ្ញាធរថា៖ «អ្នកឯងមិនមានសមត្ថភាពដោះស្រាយដោយសន្តិវិធីទេ គ្មានសមត្ថភាពបំរើប្រជាពលរដ្ឋទេ មានចេះខ្មាសគេទេនៅលើពិភពលោក ច្បាប់អ្នកឯងចេះតែចាប់ពលរដ្ឋដាក់គុកទេឬ?» ។ ស្ត្រីវ័យកណ្តាលម្នាក់ទៀត ឈ្មោះ ប្រាក់ ដាលីន បានយំស្រែក ពេលឃើញមានការចាប់ខ្លួនគ្នីគ្នារបស់ពួកគាត់ យកទៅបាត់ដូច្នេះ។ ស្ត្រីរូបនេះ បានថ្លែងរៀបរាប់ថា «តាំងពីដើមមកពួកខ្ញុំគឺអហឹង្សា តែពួកគេចេះតែធ្វើអំពើហឹង្សាដាក់ពួកខ្ញុំជានិច្ច។ (...) សូម្បីតែមុខផ្ទះខ្ញុំ ក៍មានប៉ូលីសមកចាំ មកសួរ ធ្វើមើលតែខ្ញុំជាឃាតករសាហាវឃោរឃៅ»៕
--------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤