មន្រ្តីសហជីពស៊ីខាវឌូ៨រូប ត្រូវបានតុលាការខេត្តតាកែវដោះលែង
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៦ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 26, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រព័ន្ធយុត្តិធម៌ - មន្រ្តីសហជីព សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខាវឌូ ត្រូវបានតុលាការដោះលែងវិញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ នៅវេលាម៉ោង៧ និង១៥នាទីយប់ បន្ទាប់ពីពួកគេ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភាកន្លងមក។ នេះបើតាមសេចក្តីថ្លែងការណ៍រួម របស់សហព័ន្ធសហជីពចំនួន៤។
សេចក្តីថ្លែងការណ៍បានបន្តថា ទន្ទឹមនឹងការដោះលែងមន្រ្តីសហជីពទាំង៨នេះ សហព័ន្ធសហជីពក៏ស្នើទៅឱ្យសាលាដំបូងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលពិនិត្យ និងពីចាររណាតាមផ្លូវច្បាប់ ដើម្បីឱ្យមន្រ្តីសហជីព ៩រូបផ្សេងទៀត ដែលមកពីសហព័ន្ធសហជីពអំណាចកម្មករខ្មែរ សហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា និងសហព័ន្ធសហជីពសេរីកម្មករ ឱ្យមានសេរីភាពឡើង បន្ទាប់ពីបានចាប់ខ្លួន កាលពីដើមខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ក្នុងពេលធ្វើបាតុកម្មបិទផ្លូវផ្លូវជាតិលេខ៣ និងផ្លូវលេខ៤។
សូមបញ្ជាក់ថា មន្រ្តីសហជីព សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ចំនួន៨រូប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ដោយអាជ្ញាធរខេត្តតាកែវ។ ការចាប់ខ្លួនមន្រ្តីសហជីពទាំង៨នេះ ធ្វើឡើងនៅក្នុងពេលទៅសម្របសម្រួល កម្មករនៅរោងចក្រជេអេសឌី ដែលបានធ្វើកូដកម្មជាង១សប្តាហ៍ ដើម្បីទាមទារលក្ខខណ្ឌការងារ១៨ចំណុច។ ក្នុងនោះ រួមមាន ទាមទារប្រាក់បាយថ្ងៃត្រង់៤០០០រៀល ប្រាក់រង្វាន់ទៀងទាត់ ១៥ដុល្លារ និងទាមទារមិនគុំគួន ឬ រើសអើងមន្ត្រីសហជីព និងកម្មករដែលចូលរួមតវ៉ាជាដើម។
កាលពីថ្ងៃអាទិត្យទី២៥ ខែឧសភា ម្សិលម៉ិញដដែលនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់លើមន្ត្រីសហជីព ស៊ីខៅឌូ ទាំង៨រូបដែលចាប់ខ្លួន ចំនួន០៤ករណី បន្ទាប់ពីបើកការសាកសួរជាថ្មីម្តងទៀត។ បទចោទទាំង៤នោះមាន ទី១. ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស តាមមាត្រា ៤៩៥ - ទី២. គំរាមកំហែងនិងធ្វើឲ្យខូចខាតដោយចេតនា តាមមាត្រា៤២៣ - ទី៣. ផ្តើមគំនិតក្នុងអំពើ ធ្វើឲ្យខូចខាតដោយចេតនា មាត្រា២៨ និងទី៤ មិនអនុវត្តន៍សេចក្តីសម្រេចតុលាការ មាត្រា៥២៣ នៃក្រុមព្រហ្មទណ្ឌ។
តែបន្ទាប់ពីបានចោទប្រកាន់នេះហើយ មន្ត្រីសហជីពទាំងនេះ ត្រូវបានដោះលែងវិញនៅពេលយប់។ មូលហេតុដែលឈានទៅដល់ ការដោះលែងឲ្យនៅក្រៅឃុំនេះ នៅមិនទាន់ឲ្យដឹងនៅឡើយ៕