សភាផ្តល់អំណាច«លើសលុប» ឲ្យក្រសួងយុត្តិធម៌គ្រប់គ្រងតុលាការ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទងង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 26, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រព័ន្ធយុត្តិធម៌ - ក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់ទាំងបីខាងលើ ក្នុងចំណោមសមាជិករដ្ឋសភា ដែលមានវត្តមាន៦៥រូបនោះ មានតែពីររូបប៉ុណ្ណោះ ដែលបានឡើងមាន«មតិ» ក្នុងនោះមានលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស និងលោក ឡូយ សុផាត តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង។
បន្ទាប់ពីមានការពិភាក្សាដេញដោលមក លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឡើងមកការពារថា ច្បាប់នេះនឹងអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការតម្រែតម្រូវនូវប្រព័ន្ធយុត្តិធម៌ជាសាធារណៈ នាំឲ្យតុលាការកម្ពុជាមានភាពឯករាជ្យ ដើម្បីចូលរួមក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
ដោយឡែកលោក ឡូយ សុផាត តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលស្ទឹងត្រែង មកពីគណបក្សប្រជាជនកម្ពុជា ជាមួយនឹងការមិនបន្ទន់ឥរិយាបទរបស់ខ្លួន លោកនៅតែការពារនូវអ្វី ដែលលោកបានចោទជាសំនួរទៅកាន់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅនឹងភាពមិន«ឯករាជ្យ» និងការមិនផ្តល់នូវ«យុត្តិធម៌»សម្រាប់ជាតិ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន នាពេលកន្លងមក។ លោកក៏បានស្នើ ឲ្យលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធានាថា ភាពឯករាជ្យរបស់តុលាការ ការផ្តល់យុត្តិធម៌សម្រាប់រាស្រ្ត និងអាចកើតមានក្រោយពីច្បាប់ទាំងបីត្រូវបានប្រកាសឲ្យប្រើនោះ។
យ៉ាងណាក៏ដោយ លោកឈាង វុន បានឡើងការពារនូវសេចក្តីព្រាងច្បាប់ទាំងបីនោះ ដោយបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាអាណាប័ក្រដើមខ្សែ ដែលអាចមានសិទ្ធិក្នងការសម្រេចលើថវិការ និងការគ្រប់គ្រង ឬធានានូវដំណើរការល្អនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ទោះយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ នៅតែបន្តមិនចូលរួមប្រជុំក្នុងរដ្ឋសភា ព្រោះតែពុំទាន់ទទួលបានការដោះស្រាយ ផ្នែកវិបត្តិនយោបាយនៅឡើយនោះ។ ទាំងលោក សុន ឆ័យ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ ទាំងអង្គការសង្គមស៊ីវិល ទាំងសាធារណៈមតិ បានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងបីខាងលើ បានផ្តល់អំណាចច្រើនទៅឲ្យក្រសួងយុត្តិធម៌ ជាអ្នកសម្រេចទៅលើជោគវាសនារបស់ចៅក្រម និងព្រះរាជអាជ្ញា តាមរយៈការដាក់គំនាបផ្នែករដ្ឋបាល ដែលរួមមានការគ្រប់គ្រង់ថវិកា (ប្រាក់ខែមន្រ្តីតុលាការ) ក៏ដូចជាការសម្រេចតែងតាំង និងផ្លាស់ប្តូរទីន្លែង មុខងារ និងទួនាទីជាដើម។
ក្នុងពេលដេញដោលអនុម័តនោះ គេសង្កេតឃើញថា«អំណាច»ទាំងអស់ តាមសេចក្តីព្រាងច្បាប់នោះ ត្រូវបានធ្លាក់ទៅលើការគ្រប់គ្រងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ក្នុងកិច្ចពិភាក្សានោះ គេឃើញថាទីមួយ សេចក្តីព្រាងច្បាប់ស្តីការរៀបចំអង្គការតុលាការ បានផ្តល់«អំណាច»ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រួតពិនិត្យកិច្ចការរដ្ឋបាល និងចាត់ចែងថវិការបស់សាលាក្តីទាំងអស់។ ទីពីរសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមក៏បានផ្តល់«សិទ្ធិអំណាច»ដ៏លើសលុប ទៅឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដដែល ដើម្បីចូលរួមកិច្ចការដឹកនាំ និងដំណើរការធ្វើសេចក្តីសម្រេច របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ទីបីសេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ផ្តល់«សិទ្ធិអំណាច»ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងការដំឡើងឋានន្តរស័ក្តិរបស់ចៅក្រម និងព្រះរាជអាជ្ញា ហើយច្បាប់នេះ ក៏បានបញ្ញត្តិពីការដាក់ចៅក្រម និងព្រះរាជអាជ្ញា ឲ្យស្ថិតក្រោមក្របខ័ណ្ឌរដ្ឋបាលកណ្តាល របស់ក្រសួងយុត្តិធម៌ទៀតផង។
ថ្មីៗនេះអង្គការ សមាគមន៍ជាតិ និងអន្តរជាតិប្រមាណ៣៤អង្គការ-សមាគម បានចោទប្រកាន់ និងស្នើឲ្យ«រដ្ឋសភាឯកបក្ស»នេះ ពន្យារពេលក្នុងកិច្ចពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងតុលាការនេះសិន។ ចំពោះការលើកឡើង និងចោទប្រកាន់ដោយសង្គមស៊ីវិលនេះ ត្រូវបានលោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ធ្លាប់បានលើកឡើងថា រដ្ឋសភាបច្ចុប្បន្ននេះ មិនមែនជាសភាឯកបក្សទេ ជាសភាពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ។ លោកថា កៅអីនៅក្នុងរដ្ឋសភាមានគ្រប់ចំនួន។ តែតំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិទេ ដែលមិនព្រមចូលមករដ្ឋសភា។ ហើយគណបក្សនេះ ក៏មិនបានបោះបង់កៅអីចោលដែរ គ្រាន់តែមិនចូលមកប្រជុំប៉ុណ្ណោះ។
ដូច្នេះអំណាចហាក់បីដូចជា នៅក្រោមការគ្រប់គ្រង របស់ក្រសួងយុត្តិធម៌ទាំងស្រុង ហើយក្រសួងយុត្តិធម៌ជាសេនាធិការរបស់រដ្ឋាភិបាល (ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការនិតិប្រតិបត្តិ) មានន័យស្មើនិងស្ថាប័នតុលាការក៏ត្រូវស្ថិតក្រោមអង្គនីតិប្រតិបត្តិដែរ។ ករណីនេះ ត្រូវបានសារធារណៈមតិលើកឡើងថា ជាការសម្រេចផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ត្រង់មាត្រា៥១ ដែលបានចែងយ៉ាងច្បាស់ នូវភាពឯករាជ្យនិងអំណាចដាច់គ្នានៃ«អង្គ»ទាំងបី។
សូមរំលឹកថា សេចក្តីព្រាងច្បាប់ទាំងបី រួមមានសេចក្តីព្រាងច្បាប់ នៃការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានរដ្ឋសភាជាតិកម្ពុជាអាណត្តិទីប្រាំ ធ្វើការពិភាក្សា និងអនុម័តក្នុងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ដែលមានតំណាងរាស្ត្រចំនួន៦៥រូប មកពីគណបក្សប្រជាជនកម្ពុជា ស្របពេលនឹងស្ថានការណ៍នយោបាយនៅមានវិបត្តិ និងការធ្វើពហិការមិនចូលរដ្ឋសភា របស់ក្រុមតំណាងរាស្រ្តជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ៕