សាលាដំបូងរាជធានី សម្រេចមិនចាត់ការបណ្តឹងប្តឹង ហ៊ុន សែន
បើទោះជាយុវជន នាង សុឃុន មានឯកសារជាច្រើនជាភស្តុតាងដែលអាចអោយតុលាការចាត់ការ និងស៊ើបអង្កេតទៅលើបណ្តឹង ប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន របស់លោក យ៉ាងណាក៏ដោយ តែទីបំផុតទៅ សាលាដំបូងរាជធានីភ្នំពេញ នៅតែសម្រេចមិនចាត់ការ ទៅលើបណ្តឹងរបស់លោកដដែល។
ទឹកធ្លាក់ នៅលើកោះត្រល់។ (រូបថត ឯកសារ)
ប្រព័ន្ធយុត្តិធម៌ - លិខិតជូនដំណឹងរបស់លោក មាស ច័ន្ទពិសិទ្ឋ ជាព្រះរាជអាជ្ញារង និងជាតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងលេខ៣៤២ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ របស់យុវជន នាង សុឃុន ដែលប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង អោយទៅយួនដោយខុសច្បាប់នោះ អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់រឿងទុកឥតចាត់ការ តាមដីកាសម្រេចលេខ១៨០ អយឆ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤។
យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន ជាម្ចាស់បណ្តឹង បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោកមិនបានដឹងថាមូលហេតុអី បានជាអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់រឿងទុកឥតចាត់ការនោះទេ ហើយលោក មាស ច័ន្ទពិសិទ្ធ ក៏មិនបានបញ្ជាក់អោយច្បាស់ដែរ គ្រាន់តែចេញជាលិខិតជូនដំណឹងតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ពីបំណងរបស់លោក ថានឹងប្តឹងទាស់ទៅសាលាឧទ្ធណ៍ នៅពេលឆាប់ៗខាងមុខនេះ។
នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៤ នេះ ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋបានទេ។ ករណីនេះ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ធ្លាប់អះអាងដែរថា «តាមបទពិសោធន៍របស់យើងកន្លងមក ឃើញថាអោយតែមានពាក្យបណ្តឹងណាដែលប្តឹងតទល់ ជាមួយនាយករដ្ឋមន្រ្តី មិនដែលឃើញតុលាការចាត់ការទេ។»
លោក នាង សុឃុន បានអោយដឹងទៀតថា នៅថ្ងៃខាងមុខ លោកនឹងសរសេរលិខិតទៅកាន់ លោក បាន គីមមូន អគ្គលេខាអង្គការសហប្រជាជាតិ អោយលោក បំភ្លឺលើរឿងការបាត់ទឹកដីរបស់ខ្មែរថាតើ ព្រះករុណាសីហនុ យកផែនទីតម្កល់នៅឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៨នោះ តើទឹកដីកោះត្រល់ជាទឹកដីរបស់ខ្មែរ ឬជាទឹកដីរបស់យួន? តើព្រះករុណា នរោត្តម សីហនុ ជាអ្នកកាត់អោយយួន ឬបុគ្គលផ្សេងជាអ្នកកាត់អោយ? លោក បន្តថា «នៅក្នុងនោះ យើងសួមអោយ លោកបាន គីមមូន បញ្ចេញនូវផែនទីដែលព្រះករុណាសីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិអោយបានដឹងដែរ»។
បន្ទាប់មកទៀត យុវជន«ថ្លើមតូចតែចិត្តធំ»រូបនេះ ក៏គ្រោង នឹងសរសេរលិខិតទៅព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ដើម្បីអោយបំភ្លឺពីលើបញ្ហានេះដូចគ្នាដែរ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៥ មិនា ២០១៤