បទយកការណ៍៖ ព្រៃព្រះរការ នៅមុនក្លាយជា«ព្រៃឡង់ទី២»
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មីនា ២០១៤
- កែប្រែចុងក្រោយ: October 20, 2014
- ប្រធានបទ: ជំនួញឈើ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បទល្មើសព្រៃឈើ - ឈើជាច្រើនកំណាត់បានបន្សល់ទុក នៅកណ្តាលព្រៃអមសងខាងតាមផ្លូវ ឆ្ពោះទៅកាន់ព្រៃព្រះរការ ផ្លូវចូលទៅក្នុងតំបន់នោះ បានស្រុតជាអន្លើរៗ ដោយសារតែការដឹកឈើចេញពីសំណាក់ឈ្មួញរកស៊ីទិញឈើ។ ចំណែកឯសំលេងរណាង៉ោងៗ ដែលតែងតែលឺរំពងព្រៃ ចាប់ពីព្រឹកព្រលឹមម៉ោង៧ ប៉ុន្តែបែរជាស្ងាត់ជ្រងំ ក្រោយពីប្រជាសហគមន៍ចុះល្បាតព្រៃ។
ជនជាតិដើមភាគតិចគួយ ដែលបានចុះល្បាតព្រៃ និងបំបួសព្រៃ អ្នកស្រី នួន ម៉ុន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន ទី្រភាព ជួលមនុស្សមកពីចម្ងាយ ឲ្យមកកាប់ដើមឈើនៅក្នុងតំបន់នេះ ជាពិសេសគេកាប់ដើមច្បោះរបស់ជនជាតិ ទើបប្រជាសហគមន៍នាំគ្នាចូលបំបួសព្រៃឈើ ដើម្បីសុំឲ្យអារក្សអ្នកតាជួយការពារធនធានធម្មជាតិ ពីព្រោះព្រៃឈើ គឺជាអាយុជីវិតរបស់មនុស្សសត្វ ហើយពលរដ្ឋជនជាតិរស់នៅក្នុងតំបន់នេះ ពឹងពាក់លើអនុផលពីព្រៃឈើដូច ជាដងជ័រទឹកជាដើម។ អ្នកស្រីបានថ្លែងថា៖ «បំផ្លាញព្រៃឈើ គឺបំផ្លាញអាយុជីវិតពួកយើងទាំងអស់គ្នា»។
កាប់ឈើ នាំចេញទៅប្រទេសវៀតណាម?
អ្នកស្រីបានថ្លែងឲ្យដឹងបន្តទៀតថា ប្រពៃណីជនជាតិដើមភាគតិច នៅពេលដែលឃើញបំបួសដើមឈើ គេមិនហ៊ានកាប់ដើមឈើនោះទេ ប៉ុន្តែចំពោះអ្នកកាប់អានាធិបតេយ្យនោះអ្នកស្រី មិនថាតើគេខ្លាចដែររឺអត់នោះទេ។ ព្រៃព្រះរការនេះ គឺជាព្រៃមួយធំទីពីរ បន្ទាប់ពីព្រៃឡង់ដែលសំបូរទៅដោយដើមច្បោះ។ អ្នកស្រីបានថ្លែងថា៖ «គេកាប់ឈើទាំងនោះ នាំចេញទៅប្រទេសវៀតណាម»។
បើទោះជាប្រជាសហគមន៍ ខំប្រឹងការពារព្រៃយ៉ាងណាក៏ដោយ ក៏គ្មានអាជ្ញាធរណា ចេញមុខមកជួយប្រជាសហគមន៍នោះឡើយ។ អ្នកស្រីបានថ្លែងថា នៅពេលករណីណាមួយកើតឡើង គឺប្រជាសហគមន៍រាយការណ៍ ទៅគ្រប់សមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចណាមួយ ចេញមុខមកអន្តរាគមន៍ រឺក៏យកចិត្តទុកដាក់អំពីការកាប់ជ័រច្បោះ របស់ប្រជាពលរដ្ឋនោះទេ។ អ្នកស្រីថា៖ «សមត្ថកិច្ចជួយ ប៉ុន្តែមិនមែនជួយពួកយើងទេ គឺគេជួយពួកអនាធិបតេយ្យទាំងនោះ នៅពីក្រោយខ្នង នេះគឺជាឧបសគ្គដែលយើងពិបាកការពារឈើ នៅពេលណាដែលគេដឹងថាចុះល្បាត គេរាយការណ៍ទៅពួកអាណាធិបតេយ្យ»។
មេត្តាទុកព្រៃនេះដើម្បីជាកេរ្តិ៍ដំណែល ដល់កូនចៅជំនាន់ក្រោយ
លោក ភឿង សារឿន ពលរដ្ឋមួយរូបដែលចូលរួមការពារព្រៃព្រះរការនេះ បាននិយាយថា ព្រៃព្រះរការបច្ចុប្បន្ន កំពុងតែត្រូវបានកាប់បំផ្លាញ ដូច្នេះលោកសូមអំពាវនាវទៅដល់រដ្ឋាភិបាល មេត្តាជួយការពារព្រៃនេះ សម្រាប់សហគមន៍ជនជាតិគួយផង ពីព្រោះជនជាតិទាំងអស់ ពឹងអាស្រ័យលើជ័រទឹកនៅក្នុងព្រៃនេះ។ លោកថា៖ «ពលរដ្ឋជនជាតិគួយរាប់ម៉ឺននាក់ រស់ដោយសារព្រៃនេះ មេត្តាទុកព្រៃនេះដើម្បីជាកេរ្តិ៍ដំណែល ដល់កូនចៅជំនាន់ក្រោយរកស៊ីបន្តពីពួកយើង»។
លោកបានត្អូញត្អែរថា ប្រជាសហគមន៍បើចង់កាប់ឈើធ្វើផ្ទះ ប៉ូលីសគេចាប់ លុះណាតែបង់លុយឲ្យគេ ចំណែកឯពួកអាណាធិបតេយ្យ គេដឹកទាំងឡានធំៗ អត់ហ៊ានចាប់គេទេ។ លោកអះអាងទៀតថា៖ «ពួកឈ្មួញដឹកឡើងខូងផ្លូវអស់ហើយ គេដឹកទាំងយប់ទាំងថ្ងៃ ពួកគេគ្មានខ្លាចអ្នកណានោះទេ»។
លោកបានបន្តថា ជនជាតិភាគតិច មិនចង់ក្លាយជាអ្នកស៊ីឈ្នួលគេទើប នាំគ្នាការពារព្រៃឈើ ពលរដ្ឋទាំងអស់ចង់បាន ព្រៃដើម្បីរក្សារវប្បធម៌ប្រពៃណី ចង់បានការងារធ្វើដោយម្ចាស់ការលើខ្លួនឯង។ លោកថ្លែងថា៖ «មិនដែលមានអ្នកណា ក្លាយជាអ្នកមាន ដោយសារតែធ្វើជាកម្មករឲ្យគេ មួយថ្ងៃ២ម៉ឺនរៀលនោះទេ»។
លោក លាង ឆាត អាយុ ៥៣ ឆ្នាំ ជាជនជាតិគួយ ដែលបានប្រកបរបរជាអ្នកដួសជ័រទឹកតាមឪពុកម្តាយ បានថ្លែងឲ្យដឹងថា ជនជាតិគួយទាំងអស់ត្រូវតែពួតដៃគ្នា ដើម្បីការពារព្រៃកុំឲ្យក្រុមហ៊ុនគេមកបំផ្លាញទៀត ពីព្រោះនេះគឺជាព្រៃសល់ចុងក្រោយនៅក្នុងខេត្តព្រះវិហារ។ ហើយបច្ចុប្បន្ននេះ ប្រសិនបើប្រជាជននៅតែពឹងទៅលើសមត្ថកិច្ចទៀតនោះ គឺអស់ឈើតែម្តង លោកបានឲ្យដឹងថា៖ «យើងសព្វថ្ងៃនេះសង្ឃឹមភាគតិចណាស់ ថាអាចការពារព្រៃព្រះរការនេះបាន ដោយសារតែពេលយើងត្រឡប់ទៅផ្ទះវិញ គេចាប់ផ្តើមមកកាប់ព្រៃទៀត»។
ជ័រច្បោះប្រមាណជា៧ពីដុងដាក់ នៅលើគោយន្តនោះផង លោកបានថ្លែងឲ្យដឹងថា នៅក្នុងមួយខែគាត់ត្រូវដួសជ័រទឹក៦ដង ហើយនៅក្នុងមួយដងទទួលបានជ័រ ៦កាន ចំណែកឯតម្លៃចម្បោះ តែងតែមានការប្រែប្រួលតាមពេលវេលា ពេលខ្លះមួយកានលក់បាន៨ម៉ឺន តែពេលខ្លះ១កាន លក់បាន៩ម៉ឺន។ លោកបានឲ្យដឹងទៀតថា៖ «សព្វថ្ងៃនេះគេកាប់ឈើខ្លាំងណាស់ បើសិនជាបាត់ដើមជ័រទឹកអស់ មានតែដាច់បាយ»។
យោងតាមរបាយការណ៍ របស់អង្គការពន្លកខ្មែរ បានឲ្យដឹងថា ព្រៃព្រះរការគឺជាព្រៃធំទីពីរបន្ទាប់ពីព្រៃឡង់ ដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកបី នៃខេត្តព្រះវិហារដូចជាស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និង ស្រុកឆែប ដែលលាតសន្ធឹងលើផ្ទៃដី ៩៥៩០៥ ហិកតា ដែលសម្បូរទៅដោយជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ និងឈើប្រណិតជាពិសេសដើមឈើទាល ដើមជ័រទឹក ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ១៥០៤៦នាក់ ក្នុងភូមិចំនួន២១។ ព្រៃនេះធ្លាប់ប្រឈមនឹងគ្រោះថ្នាក់នៅក្នុងឆ្នាំ ១៩៩៧ ដោយសារក្រុមហ៊ុនព្រៃសម្បទានឈ្មោះ និន្តាហ្លាយវូត ប៉ុន្តែដោយមានចលនាតវ៉ាពីប្រជាជនរស់នៅជុំវិញ ក្រុមហ៊ុនមួយនេះបានផ្អាកសកម្មភាពនៅឆ្នាំ ២០០២ ហើយបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងការគំរាមកំហែង ពីការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ អ្នកមានអំណាចមួយចំនួន ដែលបានលើកទឹកចិត្តឲ្យពលរដ្ឋចូលទៅកាប់ឈើលក់ឲ្យពួកគេ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ បានមានប្រសាសន៍ថា ព្រៃព្រះរការកំពុងតែស្ថិតនៅក្រោមការគំរាមកំហែង និងប្រឈមនិងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ជាពិសេសក្រុមឈ្មួញបានលើកទឹកចិត្តឲ្យសហគមន៍ មកពីកន្លែងផ្សេងចូលមកកាប់ឈើនៅក្នុងតំបន់នេះ។ លោកបានថ្លែងឲ្យដឹងថា៖ «តាមដែលយើងដឹងគឺក្រុមហ៊ុនទ្រីភាព បានដាក់ពង្រាយមនុស្ស ឲ្យចូលមកកាប់ឈើលក់ឲ្យពួកគេយ៉ាងគគ្រឹកគគ្រេង ពុំមានអាជ្ញាធរណាទប់ស្កាត់នោះទេ»។
លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។ រីឯលោក អ៊ីត ភូម្រា ប្រធានរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានបដិសេធពុំធ្វើការអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ។
«ក»លោក ហ៊ុន សែន នៅឯណាពេលនេះ?
សូមរំលឹកថា កាលពីខែ មករា ឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់បទបញ្ជាជាលើកទី១ និងព្រមានខ្លាំងៗ ទៅលើមន្ត្រីយោធាទាំងអស់ ឲ្យបញ្ឈប់សកម្មភាពកាប់ព្រៃឈើ និងបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដី រឺគាំទ្រអ្នករកស៊ីឈើខុសច្បាប់។ លោក ហ៊ុន សែន ថែមទាំងសន្យា នឹង«កាត់ក»របស់លោក ប្រសិនណាជាការអនុវត្តនូវបទបញ្ជាទាំងនេះ មិនបានសម្រេចនោះផងទៀត។
លោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែប្រើល្បិច ដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋ ថាមានការពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើ បែបអនាធិបតេយ្យ តាមពិតអ្នកដែលកាប់ឈើទាំងនោះ គឺជាកម្មកររបស់ក្រុមហ៊ុន ដែលគេជួលមកកាប់ឈើឲ្យគេតែប៉ុណ្ណោះ។ លោកឲ្យដឹងថា៖ «បើទោះជាឈ្មួញប្រមូលទិញឈើមកពីណាក៏ដោយ គឺប្រមូលទិញដើម្បីលក់ឲ្យក្រុមហ៊ុនតែមួយ គឺក្រុមហ៊ុនទ្រីភាព ដើម្បីនាំយកទៅលក់នៅក្រៅប្រទេស»។
យោងតាមរបាយការណ៍រូបភាពផ្កាយរណប ដែលចេញកាលពីខែធ្នូ ឆ្នាំ ២០១៣ ផែនទីដែលមានលក្ខណៈចលនា គេហទំព័រ Open Development Cambodia (ODC) បានបង្កើតពីរូបភាពផ្កាយរណបណាស្សា (NASA) បានបង្ហាញលម្អិត អំពីការបំផ្លាញខ្លាំងក្លាទៅលើព្រៃឈើរបស់ប្រទេសកម្ពុជា ដែលជាការបំផ្លាញ ដែលបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះ។ គេហទំព័រ ODC បានឲ្យដឹងថា ការវិភាគរូបភាពផ្កាយរណបបង្ហាញថា ក្នុងឆ្នាំ១៩៧៣ ប្រហែល ៧២.១១ភាគរយនៃប្រទេសកម្ពុជា ត្រូវបានគ្រប់ដណ្តប់ដោយព្រៃឈើ។ រូបភាពថ្មីៗបានបង្ហាញថា គម្របព្រៃឈើបច្ចុប្បន្នមានតិចទៅៗគឺចំនួន ៤៦,៣៣ ភាគរយ ដោយរួមបញ្ចូលទាំងចម្ការកៅស៊ូ៕