អង្គ វង្សវឌ្ឍានា៖ ការឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រម គ្មានតម្លាភាព
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការភ្ញាក់ផ្អើលមួយ សម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្រោយពីសាលាឧទ្ទណ៍ បានបដិសេធការសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ហើយនៅតែបន្តការឃុំខ្លួនជាបណ្ដោះអាសន្ននោះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី ២៥ ខែមីនានេះ បានថ្លែងទទួលស្គាល់ថា ការសម្រេចឃុំខ្លួនបណ្ដោះអាសន្នរបស់មន្ត្រីតុលាការកន្លងមក មានភាពលំអៀង និងមិនមានតម្លាភាព។ ការថ្លែងទទួលស្គាល់ ដែលហាក់ដូចជាយឺតពេលណាស់ទៅហើយ សម្រាប់ជនរងគ្រោះ និងអ្នកតាមដានស្ថានភាពសង្គម។
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ (រូបថត MONOROOM.info/ S. Tith)
ច្បាប់ស្តីពីការឃុំខ្លួន - លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងរយៈពេល៤ឆ្នាំ ក្រោយពីច្បាប់ព្រហុ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ ត្រូវបានប្រកាសឲ្យប្រើប្រាស់ តែការអនុវត្តនៅមិនទាន់បានពេញលេញនៅឡើយនោះទេ។ លោកបន្តរថា មានបញ្ញត្តិមួយចំនួនមិនត្រូវបានអនុវត្ត ដែលជាមូលហេតុនាំឲ្យក្រសួងយុត្តិធម៌សម្រេចចេញនូវគោលការណ៍ និងសារាចរណែនាំ ដើម្បីជាជំនួយក្នុងការអនុវត្ត។
លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងដូច្នេះ ក្នុងសន្និសិទថ្នាក់ជាតិមួយ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន និងជម្រើសជំនួសឲ្យការឃុំខ្លួន ថ្ងៃទី២៥ ខែមីនានេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ លោកបានថ្លែងបញ្ជាក់ពីគោលការណ៍ និងសារាចរណែនាំនោះ គឺដើម្បី«ជំរុញចៅក្រមឲ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចឃុំខ្លួនបុគ្គលណាមួយ ដែលជាការធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ទូទៅ ដែលមានបញ្ញត្តិក្នុងមានត្រា២០៣ នៃក្រមនីតិព្រហ្មទណ្ឌថា “ជាគោលការណ៍ជនត្រូវចោទ ត្រូវតែមានសេរីភាព”។»
ក្រៅពីរូបមន្តពិសេសនេះ លោករដ្ឋមន្រ្តីលើកឡើងថា ក្រសួងបានចេញនូវសារាចរចំនួនបី សម្រាប់ណែនាំ អនុវត្តបទប្បញ្ញត្តិ នៃក្រមព្រហ្មទណ្ឌ ដែលមានដូចជា សារាចរណែនាំបទប្បញ្ញត្តិស្តីពី ការដាក់ជនជាប់ចោទ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ សារាចរណែនាំបទប្បញ្ញត្តិស្តីពី ការព្យួរទោសសាកល្បង និងសារាចរណែនាំបទប្បញ្ញត្តិស្តីពីទោសការងារសហគមន៍។ រដ្ឋមន្រ្តីរូបនេះ ក៏ទទួលស្គាល់ទៅការការអនុវត្តច្បាប់ ដោយលំអៀង របស់មន្រ្តីតុលាការមួយចំនួនធំ ដែលមិនគោរពតាមគោលការណ៍ គ្មានតម្លាភាព។
មានវត្តមាន នៅក្នុងសន្និសីទនោះដែរ លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា បានថ្លែងដែរថា ការដកហូតនូវសិទ្ធិសេរីភាពបុគ្គលដោយបំពាន ជាផ្នែកមួយនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។ លោកស្រីបន្តថា ករណីនេះ ក៏បានចែងក្នុងច្បាប់អន្តរជាតិ ដែលកំពុងអនុវត្តនៅកម្ពុជាបច្ចុប្បន្នដែរ តាមន័យថា «មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល»។
លោកស្រីបន្ថែមថា «ការធ្វើកំណែទម្រង់ដំណើរការឃុំខ្លួនបណ្តោះអាសន្ន វាមិនត្រឹមតែជាការងារបច្ចេកទេសទេ តែវាជាការការពារសិទ្ធិមនុស្ស និងប្រឆាំងនឹងការឃុំខ្លួនដោយបំពាន។ (…) វាបង្ហាញផងដែរពីតម្លាភាព និងគណនេយ្យភាពថែមទៀត តាមរបៀបដែលសេចក្តីសម្រេចរបស់តុលាការត្រូវបានធ្វើ។ ដូច្នេះកំណែទម្រង់នៃការឃុំខ្លួន បណ្តោះអាសន្ននេះ ជាផ្នែកមួយដ៏សំខាន់នៃដំណើរការកំណែទម្រង់ ច្បាប់និងប្រព័ន្ធតុលាការនៅកម្ពុជា។»
សម្រាប់អ្នកវិភាគឯករាជ្យលោក កែម ឡី បានចាត់ទុកការអនុវត្តនៃមន្រ្តីតុលាការបច្ចុប្បន្ននេះថា ជារឿងកំប្លែង។ ករណីនេះលោកលើកឡើងថា មិនយូទេ នឹងបណ្តាលឲ្យបាត់បង់នូវសក្តានុពលរបស់ខ្លួន។ លោកចាត់ទុកថា «ក្នុងរដ្ឋមួយ តុលាការជាជំហរដ៏រឹងមាំ សម្រាប់ជំនឿរបស់ប្រជាពលរដ្ឋ។ (...) ការប្រព្រឹត្តបែបនេះ ជាការសម្លាប់នូវវិជ្ជាជីវៈខ្លួនឯងក្នុងនាមជាតុលាការ។ (...) ក្នុងមានជាចៅក្រម ព្រះ រាជអាជ្ញា ត្រូវធ្វើការងារដោយសុច្ចរិត។»
ចៅក្រមត្រូវតែ«សិក្សា»ស្វែងយល់ ...
ទោះជាការអនុវត្តក្នុងពេលបច្ចុប្បន្ននេះ ចៅក្រម ឬព្រះរាជអាជ្ញាមានកំហុសយ៉ាងណាក៏ដោយ សម្រាប់លោក អង្គ វង្សវឌ្ឍានា នៅតែសង្ឃឹមលើមន្រ្តីតុលាការទាំងអស់ នឹងអនុវត្តបទបញ្ញត្តិទាំងបីខាងលើ ហើយចៅក្រមត្រូវតែសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ ឲ្យបានហ្មត់ចត់ ជៀសវាងការបកស្រាយប្រាសចាកពីគោលការណ៍ជាមូលដ្ឋាន។
ជុំវិញការលើកឡើងនេះ លោក កែម ឡី បានថ្លែងបែបចំអកថា «មិនបាច់រៀនសូត្រអ្វីទេ គ្រាន់តែយកអ្នកស្រែចំការ យកមកធ្វើជាចៅក្រម ចាំស្តាប់ទូរស័ព្ទ មើលមាត្រា និងការចំណារសាលក្រមតាមទូរស័ព្ទក៏បាន មិនចាំបាច់មានជំរះអ្វីទេ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ មីនា ២០១៤