បាត់យន្ដហោះ៖ ដំណឹងពីសាច់ឈាមស្លាប់«តាមSMS» ឈឺចាប់ណាស់
បន្ទាប់ពីពីរសប្ដាហ៍នៃការទន្ទឹងរងចាំយ៉ាងអន្ទះសារ នៃដំណឹងរបស់សាច់ញាតិ ដែលបានជិះនៅលើយន្ដហោះប៊ូអីង បាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ទើបតែនៅថ្ងៃចន្ទទី២៤ នេះប៉ុណ្ណោះ ដែលអាជ្ញាធរម៉ាឡេស៊ី បានផ្ដល់ដំណឹង តាមរយៈ«SMS ឬសារខ្លីក្នុងរទូរស័ព្ទដៃ» ឲ្យក្រុមគ្រួសារជនរងគ្រោះទាំងនោះ។ តើការជូនដំណឹងនេះ វាគ្រប់គ្រាន់ដែរឬទេ? សូមអាននូវការបកស្រាយ របស់ចិត្តវិទូបារាំងមួយរូប អ្នកស្រី ហេលែន រ៉ូម៉ាណូ (Hélène Romano)។
ក្រុមគ្រួសារជនរងគ្រោះជាជនជាតិចិន បានស្រែកទ្រហោយំតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤។ (រូបថត AFP)
បាត់យន្ដហោះ - ដំណឹងចុងក្រោយសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះ ស្ដីពីការស្លាប់របស់សាច់ញាតិរបស់ខ្លួន នៅលើគ្រោះថ្នាក់យន្ដហោះ ដែលគេជឿថាបានធ្លាក់នៅលំហសមុទ្រខាងត្បូង នៃមហាសមុទ្រឥណ្ឌា ត្រូវបានផ្ញើរទៅកាន់ទូរស័ព្ទរបស់ពួកគេ តាមរយៈសារខ្លីមួយ មានសេចក្ដីជាអាថ៌ថា៖ «យន្ដហោះបានធ្លាក់នៅក្នុងសមុទ្រ ហើយគ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ»។
ជាមួយនឹងសារខ្លី ដែលផ្ញើរចេញទៅតាម ទូរស័ព្ទរបៀបនេះ តើវាគ្រប់គ្រាន់ឬទេ? សួរទៀតថា តើក្រុមគ្រួសារអាចចាប់ផ្ដើមធ្វើបុណ្យសព និងអាចចាប់ផ្ដើមការកាន់ទុក្ខបានហើយឬនៅ? តើសម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះ ពួកគេត្រូវស្ថិតក្នុងស្ថានភាពបែបណា? វេជ្ជបណ្ឌិតជនជាតិបារាំង ជំនាញខាងចិត្តសាស្ត្រ អ្នកស្រី ហេលែន រ៉ូម៉ាណូ បានឆ្លើយនឹងសំនួររបស់បណ្ដាញទូរទស្សន៍ BFMTV ដើម្បីពន្យល់ពីស្ថានភាពខាងលើ។
តើការផ្ញើរជាសារខ្លី SMS ជូនដំណឹងពីយន្ដហោះធ្លាក់ មានសាច់ឈាមស្លាប់ ជាបែបផែនថ្មីសម័យទំនើបឬ?
ជារឿងដែលហួសចិត្ត និងមិនត្រូវពេល។ ជូនដំណឹងមរណភាពរបស់មនុស្សណាម្នាក់ ទៅសាច់ញាតិរបស់អ្នករងគ្រោះនោះ ជារឿងប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរណាស់។ រឿងនេះគេត្រូវរៀបចំតាំងពីពាក្យសម្ដី ការជួបដើម្បីប្រាប់ និងបង្កើតនូវបរិយាកាសបន្ធូរចិត្ត។
មិនមែនទើបតែកើតនៅប្រទេសម៉ាឡេស៊ីនេះទេ ការផ្ញើរសារខ្លីបែបនេះ មានកើតនៅទីកន្លែងផ្សេងដូចគ្នា។ ប៉ុន្តែគេមិនត្រូវយកវាមកប្រើ សម្រាប់ជូនដំណឹងពីមរណភាពនោះទេ។ ជាសភាវៈមនុស្ស ត្រូវការឲ្យមនុស្សដែលចេះនិយាយ មកប្រាប់ពីដំណឹងដ៏អកុសលបែបនេះ។ ហេតុដូច្នេះហើយ ទើបបាននៅតាមមន្ទីរពេទ្យនៅបារាំង គេតែងជ្រើសតាំង គ្រូពេទ្យណាម្នាក់ដែលចេះនិយាយ ឲ្យមកធ្វើកិច្ចការទាំងនេះ។
បន្ទាប់ពីរងចាំទាំងភាពមិនច្បាស់លាស់ អស់រយៈពេលជាងពីរសប្ដាហ៍ តើគ្រួសារជនរងគ្រោះ នៅពេលនេះ អាចមានអារម្មណ៍ធូរស្រាលឬទេ?
មិនច្បាស់ជាអញ្ចឹងទេ។ ដំណាក់កាលនេះពិសេសខ្លាំងណាស់ ព្រោះពួកគាត់ស្ថិតនៅក្នុងចំណុចកណ្ដាលមួយ នៃក្ដីសង្ឃឹម និងភាពអស់សង្ឃឹម។ វាមិនមែនជាស្ថានភាពតែមួយ ទៅនឹងដំណឹងដែលប្រាប់ថា មានអ្នកស្លាប់ភ្លាមៗនោះទេ។ ម្យ៉ាងទៀត ដំណាក់កាលនេះក៏វាកាន់តែឈឺចាប់ទៅទៀត ដោយសារតែក្រុមគ្រួសារទាំងនោះ ត្រូវរងនូវការមិនយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរ។ ចាំបាច់ណាស់ ដែលត្រូវមានពេលវេលាមួយដ៏យូរ ដើម្បីឲ្យពួកគាតយល់ពីហេតុផលទាំងនេះ។
បញ្ហាដែលសំខាន់នោះ គឺភាពទុកចិត្តទៅលើស្ថាប័នធំៗទាំងនោះ បានរលាយបាត់អស់។ ពួកគាត់លែង មានការជឿជាក់បន្តទៅទៀតហើយ។ ដូចយើងបានឃើញស្រាប់ហើយ ពួកគាត់ខ្លះថែមទាំងគិតថា គេបានកុហក យន្ដហោះត្រូវបានគេចាប់ពង្រត់ ឬត្រូវបានគេយកទៅលាក់ទុក។ល។
អាថ៌កំបាំងនៃការធ្លាក់យន្ដហោះនេះ អាចនឹងមិនដឹងជារៀងរហូត។ អញ្ចឹងក្រុមគ្រួសារ អាចនឹងស្ថិតក្នុងស្ថានភាពដ៏ពិបាក ដើម្បីការកាន់ទុក្ខឬ?
នេះជាបញ្ហាមួយទៀត ដែលនឹងត្រូវចោទឡើង នោះជាបញ្ហាសាកសព ដែលមនុស្សចាំបាច់ត្រូវការ ដើម្បីយកមកធ្វើបុណ្យ ទៅតាមប្រពៃណីរៀងៗខ្លួន។ វាសំខាន់ណាស់សម្រាប់គ្រួសារ ដើម្បីបានត្រឡប់ទៅវិញ នូវសាកសពសាច់ញាតិខ្លួនទៅវិញ។
បើទោះជាអាថ៌កំបាំងត្រូវបានរកឃើញ គ្រួសារជនរងគ្រោះ នៅតែបន្តជឿជាក់ លើអ្វីដែលពួកគេគិតតទៅទៀត ដូចជា «ឱ សាច់ញាតិខ្ញុំ វេទនាយ៉ាងណា?»ជាដើម។ បើទោះជាក្រុមហ៊ុនអាកាសចរណ៍ អាចរកឃើញដំណោះស្រាយ សម្រាប់ពួកគាត់ក៏ដោយ តែបញ្ហាផ្លូវចិត្ត នឹងនៅដិតជាប់នៅក្នុងខួរក្បាលរបស់ពួកគាត់រហូត មិនរលប់បាត់ទេ៕
វេជ្ជបណ្ឌិតជនជាតិបារាំង ជំនាញខាងចិត្តសាស្ត្រ អ្នកស្រី ហេលែន រ៉ូម៉ាណូ។
------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២៦ មីនា ២០១៤