AirAsia៖ សាកសពចំនួនប្រាំទៀត រកឃើញជាប់ជាមួយកៅអីយន្ដហោះ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ មករា ២០១៥
- កែប្រែចុងក្រោយ: January 03, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីក្នុងចំណោមសាកសពទាំង៣០ ដែលទើបនឹងរកឃើញនេះ សាកសពចំនួន២១ ត្រូវបានរកឃើញនៅក្នុងការរុករក កាលពីថ្ងៃសុក្រម្សិលម៉ិញ។ ក្នុងថ្ងៃដដែលនេះ សាកសពបីនាក់ត្រូវបានកំណត់ពីអត្តសញ្ញាណ និងពីក្នុងនោះម្នាក់ ជាសមាជិកបម្រើការនៅលើយន្ដហោះ។
ការរុករក នៅតែដំណើរការ បើទោះជាស្ថានភាពឧត្តុនិយម មានសភាពអាក្រក់យ៉ាងណាក៏ដោយ។ រីឯសម្ភារៈជាបំណែករបស់តួយន្ដហោះជាច្រើន ក៏ត្រូវបានស្រង់បានមកដែរ។ តែក្រុមអ្នកជ្រមុជទឹក នៅមិនទាន់អាចចុះទឹកបាននៅឡើយ ដោយទំនងជារងចាំដំណឹង ពីនាវាដែលមានបំពាក់ដោយឧបករណ៍ សម្រាប់រាវរករលកសញ្ញា ធ្វើការងាររបស់ខ្លួនជាមុនសិន។
អ្នកជំនាញបារាំង បានទៅដល់ឥណ្ឌូនេស៊ី
ការិយាល័យអង្កេត និងវិភាគរបស់ប្រទេសបារាំង ហៅកាត់ថា BEA ដែលមានជំនាញខាងគ្រោះថ្នាក់ផ្លូវអាកាស បានមកដល់ប្រទេសឥណ្ឌូនេស៊ី ហើយបានបំពាក់ទៅឲ្យក្រុមអ្នករុករកក្នុងស្រុក នូវសម្ភារៈពិសេសមួយ ដើម្បីរាករករលកសញ្ញា ដែលផ្ដល់ដោយ«ប្រអប់ខ្មៅ»។ ប៉ុន្តែការប្រើប្រាស់សម្ភារៈទាំងនោះ ចាំបាច់ត្រូវរង់ចាំឲ្យសមុទ្រមានសភាសស្ងប់ស្ងាត់បន្តិច។ អ្នកទទួលខុសត្រូវរបស់ប្រទេសឥណ្ឌូនេស៊ី ខាងការជួយសង្គ្រោះ និងការរុករក លោកឧត្តមសេនីយ៍ ស៊ូណាបូវ៉ូ សេនឌី (Sunarbowo Sandi) បានថ្លែងថា៖ «ត្រូវរងចាំ ដល់ពេលសមុទ្ររៀងស្ងប់បន្តិច។ យើងមិនអាចដំណើរសម្ភារៈពិសេសទាំងនេះ នៅពេលដែលមានអាកាសធាតុអាក្រក់ដូច្នេះទេ។»
អាទិភាពរបស់ក្រុមអ្នករុករក ក្នុងពេលនេះ ត្រូវធ្វើយ៉ាងណាដើម្បីរកឲ្យឃើញតួយន្ដហោះ អ៊ែរប៊ូស (Airbus A320) ដើម្បីអាចយកសាកសពផ្សេងទៀត ដែលទំនងជាជាប់នៅក្នុងនោះ។ គេបានប្រើប្រាស់នាវាចំនួន ២៩ គ្រឿង និងយន្ដហោះ ចំនួន១៧គ្រឿង នៅក្នុងយុទ្ធនាការរុករកនេះ។
សូមរំលឹកដែរថា នៅមុនកើតហេតុយន្ដហោះ QZ8501 បានហោះនៅកំពស់ ៩៧៥០ ម៉ែត្រ។ បន្ទាប់មក អ្នកបើកបរយន្ដហោះ បានសុំការអនុញ្ញាត ពីការិយាល័យត្រួតពិនិត្យការហោះហើរនៅលើដី ឲ្យយន្ដហោះខ្លួន អាចហោះបានរហូតដល់កំពស់ ១១ ៦០០ម៉ែត្រ ដើម្បីគេចចេញពីអាកាសធាតុដ៏អាក្រក់នៅខាងមុខ។ ប៉ុន្តែនៅក្រោយពេលដែល ក្រុមអ្នកត្រួតពិនិត្យការហោះហើរនៅលើដី បានអនុញ្ញាតឲ្យហោះហើរ នៅកំពស់១០ ៣៦០ម៉ែត្រនោះ គេក៏លែងទទួលបានដំណឹងសូន្យឈឹងតែម្ដង ពីយន្ដហោះ។
បើតាមក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ បានបញ្ជាក់ថា មេបញ្ជាការបើកបរយន្ដហោះ ជាអតីតអ្នកបើកបរយន្ដហោះយោធា មានបទពិសោធន៍ក្នុងការហោះហើរច្រើនជាង ៦១០០ម៉ោង នៅលើយន្ដហោះអ៊ែរប៊ូសប្រភេទនេះ ខណៈឯតួយន្ដហោះ អ៊ែរប៊ូស នេះវិញ ទើបនឹងត្រូវបានត្រួតពិនិត្យ ពីដំណើរការរបស់វា កាលពីពាក់កណ្ដាលខែវិច្ឆិកានេះប៉ុណ្ណោះ៕