AirAsia៖ សារទម្លុះបេះដូងចុងក្រោយ របស់ស្ត្រីបម្រើការលើយន្ដហោះ
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០២ មករា ២០១៥
- កែប្រែចុងក្រោយ: January 03, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រកបជំនាញជាអ្នកបម្រើការនៅលើយន្ដហោះ ជាក្ដីស្រម័យតែមួយគត់ នៅក្នុងជីវិតរបស់នាង។ អញ្ចឹងហើយបានជា នាង ឃែរូនីហ្សា ហ្វូស្សី (Khairunnisa Fauzi) មានសេចក្ដីអំណរណាស់ តាំងពីនាងបានក្លាយ ជាស្ត្រីបម្រើការនៅលើយន្ដហោះ អ៊ែរអេសៀ ពីប៉ុន្មានខែមុន។ ប៉ុន្តែគួរឲ្យអនិច្ចាជាពន់ពេកណាស់ ព្រោះព្រហ្មលិខិតដ៏ឬស្យា មិនបានផ្ដល់ឱកាសឲ្យនាង និងអ្នកដែលនៅជុំវិញនាង អាចទទួលសុភមង្គលនេះបានយូរប៉ុន្មានឡើយ។
ក្នុងចំណោមសាកសពដំបូងគេ ដែលត្រូវបានស្រង់ពីសមុទ្រ ហ្សាវ៉ា (Java) មកនោះ មានសាកសពមួយត្រូវបានគេស្គាល់ថា ជានារីបម្រើការវ័យក្មេង អាយុទើបនឹង២២ឆ្នាំរូបនេះ។
ខុសពីស្ត្រីបម្រើការជាច្រើននាក់ផ្សេងទៀត នៅលើយន្ដហោះ នាង ឃែរូនីហ្សា តែងចូលចិត្តបង្ហោះនៅលើបណ្ដាញសង្គម អ៊ិនស្តាហ្គ្រាម (Instagram) នូវរាល់អ្វីៗ ដែលនាងបានធ្វើ ជាពិសេសសកម្មភាពអាជីព ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ ដែលនាងបានបម្រើការ។ ប៉ុន្តែនៅមុននាងបានឡើងយន្ដហោះ អ៊ែរប៊ូស (Airbus A320-200) នាងបានបង្ហោះសារចុងក្រោយមួយ ដែលនាងបានសរសេររួចថតជារូប ដាក់បង្ហោះនៅលើបណ្ដាញសង្គម។
នោះគឺពាក្យចាក់ទម្លុះបេះដូង ដែលមានន័យ (ដូចនៅក្នុងរូបថត) ថា៖ «អូនស្រឡាញ់បង នៅកំពស់១០ ០០០ ម៉ែត្រ» ដែលទំនងជាឧទ្ទិសទៅដល់សង្សាបណ្ដូលចិត្តរបស់នាង នៅមុនពេលនាងឡើងយន្ដហោះ។
អតីតនិស្សិតច្បាប់ នាង ឃែរូនីហ្សា រូបនេះ បានចូលមកធ្វើការនៅក្នុងក្រុមហ៊ុន អ៊ែរអេសៀ មិនជាយូរប៉ុន្មានទេ។ ប៉ុន្តែបទពិសោធន៍ និងការទទួលខុសត្រូវរបស់នាង ទំនងជាមានច្រើនជាងអ្វី ដែលគេប្រៀបធៀបទៅនឹងពេលវេលា ដែលនាងទើបនឹងចូលមកប្រកបអាជីពនេះ។ ព្រោះថា ប្រសិនបើសាកសពរបស់នាង ត្រូវបានរកឃើញមុនគេនេះ វាអាចជាប់ទាក់ទងទៅនឹងសេចក្ដីសន្និដ្ឋានជាច្រើន ដែលអ្នកជំនាញបានពន្យល់ថា នាងអាចជាមនុស្សមុនគេម្នាក់ ដែលស្គាល់ពីវិធីសាស្ត្រជម្លៀសមនុស្សចេញពីយន្ដហោះ ហើយព្យាយាមបើកទ្វាសង្គ្រោះបន្ទាន់របស់យន្ដហោះភ្លាម បន្ទាប់ពីយន្ដហោះបានមកចុះចតដោយសន្សឹមៗ នៅលើផ្ទែទឹកសមុទ្រ។
សម្ភារៈជាច្រើន ដែលគេបានស្រង់ពីក្នុងទឹក មានដូចជាទ្វាយន្ដហោះ ពោងបណ្ដែតនៅលើទឹក និងគ្រឿងប្រដាប់ការពារផ្សេងទៀត បានអនុញ្ញាតឲ្យអ្នកជំនាញគិតថា មនុស្សទាំងអស់កំពុងត្រៀមជម្លៀសខ្លួនចេញពីយន្ដហោះ តាមច្រកទ្វាយន្ដហោះសង្គ្រោះបន្ទាន់នោះ ប៉ុន្តែពួកគេទំនងជាត្រូវបានរលកសមុទ្រធំៗ វាយពន្លិចជាមួយនឹងយន្ដហោះ ទៅបាតសមុទ្រ។ ប៉ុន្តែមនុស្សប៉ុន្មាននាក់ ដែលនៅក្បែរនឹងទ្វាយន្ដហោះមុនគេ ទំនងជាបានហក់ចេញមកក្រៅបានមុនអ្នកដទៃ ឬក៏ពួកគេត្រូវបានរលកបុកឲ្យរបូតខ្លួនមកក្រៅ។
យ៉ាងណាក៏ដោយ ក៏សេចក្ដីសន្និដ្ឋានទាំងនេះ ស្ថិតជាការវិភាគមួយប៉ុណ្ណោះ ដរាបណាប្រអប់ខ្មៅរបស់យន្ដហោះ នៅមិនទាន់រកឃើញនៅឡើយនោះ៕