ច្រឡំចុចទូរស័ព្ទហៅនគរបាល... ដូចរាយការណ៍ពីដំណាំ«កញ្ឆា»ខ្លួនឯង
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីដើមសប្ដាហ៍មុន បុរសម្នាក់បានទូរស័ព្ទដោយច្រឡំ ទៅលេខទូរស័ព្ទសង្គ្រោះបន្ទាប់របស់នគរបាល។ ប៉ុន្តែហេតុការណ៍ដ៏អាក្រក់បានកើតឡើង ត្រឡប់ទៅរកបុរសនោះវិញ។ ព្រោះការច្រឡំនេះ បានធ្វើឲ្យកងកម្លាំងនគរបាល រកឃើញនូវដំណាំ«កញ្ឆា»យ៉ាងធំមួយ នៅក្នុងផ្ទះរបស់បុរស។
រូបប្រៀបធៀប ដំណាំកញ្ឆា នៅក្នុងចំការ។ (រូបថត ឯកសារ)
គ្រឿងញៀន ជាការបំបែកសំនុំរឿង ដោយមិនពិបាក និងដោយកម្រ ដែលអាជ្ញាធរនៃប្រទេសអង់គ្លេស ក្នុងតំបន់ឆេសៀរ (Cheshire) មិនដែលជួបប្រទះ។ ការហួសចិត្ត របស់កងកម្លាំងនគរបាល រហូតចុះផ្សាយហេតុការណ៍ នៃការចាប់ខ្លួននេះ នៅក្នុងទំព័រទ្វីសធើររបស់ខ្លួន ដូចខាងក្រោម (ជាភាសាអង់គ្លេស)៖
Epic fail of the day goes to the man in Crewe who rang 999 by accident. We arrived to check he was safe... and found his cannabis farm!
— Crewe Police (@CreweNPU) 16 Juin 2014
កាលពីថ្ងៃចន្ទ កន្លងមក នៅវេលាប្រមាណជាពីររសៀល បុរសម្នាក់អាយុ៤២ឆ្នាំ បានច្រឡំចុចហៅទៅលេខ ៩៩៩ ដែលជាលេខសង្គ្រោះបន្ទាប់របស់នគរបាលអង់គ្លេស។ បន្ទាប់ពីដឹងនៅពេលភ្លាមៗនោះ ថាខ្លួនបានចុចច្រឡំលេខ បុរសរូបនេះបានទម្លាក់ទូរស័ព្ទចុះភ្លាម។ ប៉ុន្តែទម្លាក់ទូរស័ព្ទ មិនមែនមានន័យថា គាត់បានបំបាត់ដាន ធ្វើដូចជាមិនដឹងរឿងនោះទេ។
នគរបាលដែលមានជំនាញនៅក្នុងករណីនេះស្រាប់ មិនត្រឹមតែបានដឹងពីលេខទូរស័ព្ទប៉ុណ្ណោះទេ តែថែមទាំងដឹងពីអស័យដ្ឋានរបស់បុរសនេះទៀត ហើយបានសម្រេចចិត្តចាត់កម្លាំង ឲ្យទៅធ្វើការត្រួតពិនិត្យ។
អ្នកនាំពាក្យនគរបាល នៅតំបន់ ឆេសៀរ បាននិយាយប្រាប់សារព័ត៌មានអង់គ្លេស Mirror ថា៖ «យើងចង់ដឹងឲ្យច្បាស់ថា តើអ្នកដែលបានទូរស័ព្ទមកលេខសង្គ្រោះបន្ទាន់នោះ ស្ថិតនៅក្នុងគ្រោះថ្នាក់ឬយ៉ាងណា?»
ប៉ុន្តែនៅពេលកងកម្លាំងនគរបាលបានចូលទៅដល់ ការភ្ញាក់ផ្អើលបានកើតឡើង៖ នោះគឺពួកគេបានរកឃើញ នូវចំការដំណាំ«កញ្ឆា»លាក់ខ្លួនមួយ នៅក្នុងគេហដ្ឋានរបស់បុរសរូបនោះ។ ដើមកញ្ឆា ដែលត្រូវបានបុរសនេះលួចដាំនោះ មានសភាពរីកធំធាត់គួរសម ហើយល្មមដល់ពេលនឹងបេះយកមកធ្វើអាជីវកម្មបាន។ បើគិតជាទឹកប្រាក់ ដំណាំកញ្ឆាទាំងនេះ អាចតម្លៃដល់ទៅ ជាង២ម៉ឺនអ៊ឺរ៉ូ (៣ម៉ឺនដុល្លារ)។
អ្នកនាំពាក្យដដែល បាននិយាយទៀតថា៖ «វាជារឿងមួយ ដ៏អស្ចារ្យណាស់ ព្រោះកម្រនឹងមាននរណាម្នាក់ ជួយសម្រួលដល់ការងាររបស់នគរបាល ដល់ថ្នាក់នេះឡើយ»៕