ឆេះម៉ាស៊ីនប្រតិកម្មយន្ដហោះ «Korean Air» ត្រូវជម្លៀសអ្នកដំណើរជាបន្ទាន់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 27, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះប្រភេទប៊ូអីង (Boeing 777-300 ) នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកូរ៉េខាងត្បូង ឈ្មោះ «Korean Air» បានគ្រោងនឹងហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ «Tokyo-Haneda» នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ ២០១៦នេះ នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់។ យន្ដហោះដែលមានផ្ទុកមនុស្ស ចំនួន៣១៨នាក់នេះ នឹងត្រូវទៅចុះចត នៅព្រលានយន្ដហោះ «Seoul-Gimpo» របស់ប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែនៅពេលយន្ដហោះ ហៀបងើបខ្លួនពីដីនោះ ហេតុការណ៍ដ៏ភ័យភិតមួយបានកើតឡើង។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង បានឲ្យដឹងថា អគ្គិភ័យបានកើតឡើង ទៅលើម៉ាស៊ីនប្រតិកម្មលេខ១ នៅនឹងស្លាបផ្នែកខាងឆ្វេង ខណៈយន្ដហោះកំពុងរត់ នៅលើផ្លូវព្រលានយន្ដហោះ។ ការបង្ហើបខ្លួនពីដីរបស់យន្ដហោះ ត្រូវបានបញ្ឈប់ភ្លាម ហើយអ្នកដំណើរទាំងអស់ ត្រូវបានជម្លៀសចេញតាមរយៈពោងសង្គ្រោះបន្ទាន់ មុននឹងត្រូវបានទទួលបន្ទុក ដោយក្រុមអ្នកជួយសង្គ្រោះ។
មិនមានអ្នករងរបួស ឬរងគ្រោះណាមួយ ត្រូវបានរាយការណ៍ឲ្យដឹងទេ។ តែសារព័ត៌មានក្នុងស្រុក បានលើកឡើងថា មានមនុស្សជាង៣០នាក់ បានវិលមុខ ឬឈឺក្បាល។ រីឯអគ្គិភ័យវិញ ត្រូវបានពន្លត់ដោយកងកម្លាំងលត់អគ្គិភ័យរបស់ព្រលានយន្ដហោះ ដោយប្រើរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ក្រុមហ៊ុនអាកាសចរណ៍ «Korean Air» បានអះអាងទៀតថា អ្នកដំណើរទាំងអស់ ត្រូវបានអញ្ជើញឲ្យឡើងយន្ដហោះប៊ូអ៊ីង (Boeing 747-400) មួយទៀត ដែលនឹងត្រូវចាកចេញ ពីរាជធានីតូក្យូ នៅម៉ោង១៦ រសៀលថ្ងៃដដែល។ យន្ដហោះក្រោយនេះ នឹងទៅដល់ព្រលានយន្ដហោះ «Seoul-Gimpo» នៅវេលាម៉ោង១៨ និង០៥នាទី។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា មូលហេតុដែលបង្កឲ្យមានហេតុការណ៍នេះ នឹងត្រូវអង្កេតឲ្យបានល្អិតល្អន់ នៅក្នុងពេលខាងមុខ។
យន្ដហោះ« Boeing 777-300» ដែលរងអគ្គិភ័យនេះ បានហោះហើរជាលើកដំបូង នៅឆ្នាំ១៩៩៨។ គ្រោះថ្នាក់លើកមុន របស់ក្រុមហ៊ុនអាកាសចរណ៍ កូរ៉េអ៊ែរ បានកើតឡើងតាំងពីខែធ្នូ ឆ្នាំ១៩៩៩ តែមិនមែនជាយន្ដហោះដឹកអ្នកដំណើរទេ ជាយន្ដហោះដឹកទំនិញ ចេញពីរាជធានី ឡុងដ៍ ប្រទេសអង់គ្លេស ឆ្ពោះទៅកាន់ក្រុង មីឡង់ (Milan) ប្រទេសអ៊ីតាលី។ យន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ «KE8509»នោះ បានធ្លាក់បោកខ្លួន នៅលើវាលស្រែ បន្ទាប់ពីបានងើបខ្លួនពីដី បានប្រមាណជា៦០វិនាទីប៉ុណ្ណោះ។ មនុស្សបួននាក់នៅលើយន្ដហោះ បានស្លាប់ទាំងអស់។
ប៉ុន្តែបើរំលឹកឡើងវិញ ពីរយៈពេល៣០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនកូរ៉េអ៊ែរ បានបាត់បង់យន្ដហោះចំនួន១៦គ្រឿង ជាមួយនឹងមនុស្សស្លាប់ ច្រើនជាង៧០០នាក់៕
» វីដេអូបង្ហាញពីទិដ្ឋភាពឆេះម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះនៃក្រុមហ៊ុន កូរ៉េអ៊ែរ នៅថ្ងៃសុក្រនេះ៖