យន្ដហោះប៊ូអីងនៃក្រុមហ៊ុន «Emirates» បានបោកខ្លួនផ្ទុះ ពេលចុះចត
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៣ សីហា ២០១៦
- កែប្រែចុងក្រោយ: August 03, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យន្ដហោះប្រភេទប៊ូអីង «Boeing 777» របស់ក្រុមហ៊ុនអាកាសចរណ៍ «Emirates» ដែលហោះចេញពីប្រទេសឥណ្ឌា បានទទួលរងគ្រោះថ្នាក់មួយ នៅពេលធ្វើការចុះចត នៅនឹងព្រលានយន្ដហោះអន្តរជាតិ នៃទីក្រុង ឌុយបៃ ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម ក្នុងថ្ងៃពុធនេះ។ នេះបើតាមការប្រកាស របស់ការិយាល័យព័ត៌មាន របស់រដ្ឋាភិបាលរបស់ប្រទេសនេះ ភ្លាមៗនៅក្រោយឧប្បត្តិហេតុ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៤៥នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង៩ និង៤៥នាទី ម៉ោងនៅបារាំង ឬម៉ោង ១៤ និង៤៥នាទី ម៉ោងនៅកម្ពុជា)។ អ្នកដំណើរនៅក្នុងយន្ដហោះទាំងអស់ ត្រូវបានជម្លៀសខ្លួនចេញពីយន្ដហោះ ទាំងព្រលឹងចុងសក់ តែមិនមានរបាយការណ៍ណាមួយ រាយការណ៍ពីជនរងរបួសនោះឡើយ។
ក្រុមហ៊ុនអាកាសចរណ៍ «Emirates» ក៏បានអះអាងពីគ្រោះថ្នាក់នេះ តាមរយៈទំព័រទ្វីសធើររបស់ខ្លួនដែរ តែនៅមិនទាន់ឲ្យដឹង ពីមូលហេតុដែលបណ្ដាល ឲ្យមានគ្រោះថ្នាក់នេះនៅឡើយ។
រូបភាពដែលត្រូវបានបង្ហោះភ្លាមៗ នៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីអណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់ ហោះចេញពីតួយន្ដហោះ។ យន្ដហោះទំនងជារងគ្រោះនៅចំកណ្ដាលខ្លួន ហើយពោងសង្គ្រោះដើម្បីរំដោះមនុស្សចេញ ត្រូវបានគ្រលាស់ចេញទាំងអស់។ រដ្ឋាភិបាលរបស់ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម បានប្រកាសទៀតថា ពីរម៉ោងក្រោយពីហេតុការណ៍នោះ អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងហើយ។
បើតាមការិយាល័យព័ត៌មានដដែល បានរាយការណ៍ថា អ្នកដំណើរពីប្រទេសឥណ្ឌា មានចំនួន២៧៥នាក់ និងបុគ្គលិកបម្រើនៅលើយន្ដហោះ ចំនួន១២នាក់ផ្សេងទៀត។ សេចក្ដីប្រកាសព័ត៌មាននោះ បានអះអាងពីបទបញ្ជាបិទផ្លូវហោះហើរនានា ដែលត្រៀមនឹងចុះចត ឬត្រៀមហោះឡើង នៅនឹងព្រលានយន្ដហោះនេះជាបណ្ដោះអាសន្នសិន មុននឹងមានបទបញ្ជាថ្មី ដាក់ចុះមកតាមក្រោយ។
កាលពីថ្ងៃអង្គារម្សិលម៉ិញ យន្ដហោះប្រភេទប៊ូអីងដូចគ្នា ដែលបានហោះឆ្ពោះទៅកាន់ប្រជុំកោះម៉ាឌីវ បានប្ដូរផ្លូវហោះហើររបស់ខ្លួន ហើយបានហោះទៅចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះក្រុង ប៊ុមបៃ ប្រទេសឥណ្ឌា។ ក្រុមហ៊ុន «Emirates» បានលើកពីមូលហេតុមកបញ្ជាក់ថា យន្ដហោះបានជួបបញ្ហារអាក់រអួល ផ្នែកបច្ចេកទេស។ រីឯរាល់អ្នកដំណើរវិញ ក៏ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាពដែរ។
គ្រោះថ្នាក់យន្ដហោះ នៅថ្ងៃពុធនេះ បានកើតឡើងនៅបួនខែ ក្រោយពីគ្រោះថ្នាក់លើកមុន របស់យន្ដហោះប៊ូអីង (Boeing 737-800) នៃក្រុមហ៊ុនអាកាសចរណ៍ «flydubai» ដែលជាក្រុមហ៊ុនមួយទៀត របស់ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម។ យន្ដហោះនោះ បានហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ នៃក្រង ឌុយបៃ ( នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៨និង២០នាទី (ម៉ោងក្នុងស្រុក) និងគ្រោះថ្នាក់បានកើតឡើង នៅព្រលានយន្ដហោះ ក្រុង «Rostov-sur-le-Don» ប្រទេសរ៉ូស្ស៊ី ក្នុងយប់ថ្ងៃសុក្រ ចូលមកព្រឹកថ្ងៃសៅរ៍ វេលាម៉ោង០០ និង៥០នាទី (ម៉ោងក្នុងស្រុក)។ ក្នុងហេតុការណ៍ដ៏សោកសៅនេះ អ្នកដំណើរ៦២នាក់ បានស្លាប់៕
--------
» ទិដ្ឋភាពមួយចំនួន ពីគ្រោះថ្នាក់យន្ដហោះ ក្នុងថ្ងៃពុធនេះ៖
The moment #EK521 came to a halt at DXB after landing from India. Appears to show one engine parted with aircraft⚠ pic.twitter.com/kSd4PtTGKe
— Flight Alerts ⚠ (@FlightAlerts777) 3 août 2016