អ្នកអង្កេតអាមេរិក សង្ស័យអ្នកបើកយន្ដហោះបាត់ខ្លួន ថាជាដើមហេតុ
ក្រុមមេធាវីអាមេរិក និងក្រុមអ្នកស៊ើបអង្កេត អេហ្វប៊ីអាយ (FBI) ងាកមកសំលឹងមើលការស៊ើបអង្កេត ដែលត្រូវធ្វើទៅលើ លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ដែលបាត់ខ្លួនតាំងពីជិតបីសប្ដាហ៍មកហើយ។ ពួកគេបានរកឃើញចំនុចជាច្រើន ដែលឈានទៅដាក់ការសន្និដ្ឋានថា មេបញ្ជាការរូបនេះ ទំនងជាបានកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងរបស់យន្ដហោះ ពីបន្ទប់ត្រួតពិនិត្យជើងហោះហើរ នៅលើផែនដី ហើយបានបង្វិលទិសរបស់យន្ដហោះ ដោយការប៉ុនប៉ងមួយ។
លោក ហ្សាហារី អាមេដ សារ មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ៧៧៧ ដែលបាត់ខ្លួន។ (រូបថតហ្វេសប៊ុក)
បាត់យន្ដហោះ - ចំណុចសង្ស័យទាក់ទងនឹងអំពើអស់សង្ឃឹមក្នុងជីវិត របស់អ្នកបើកបរយន្ដហោះ បានទាក់ទាញការចាប់អារម្មណ៍របស់ក្រុមអ្នកស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុថា ហេតុអ្វីបានជាប្រព័ន្ធទំនាក់ទំនងចំនួនពីរគ្រឿងនៅលើយន្ដហោះ ត្រូវបានកាត់ផ្ដាច់ជាបន្តបន្ទាប់ ចន្លោះរវាងតែប៉ុន្មាននាទីប៉ុណ្ណោះ?
រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់រកឃើញ នូវចំនុចសង្ស័យថា ការចាប់ពង្រត់យន្ដហោះនេះ ថាជាស្នាដៃរបស់អ្នកដំណើរសមញ្ញណាម្នាក់នៅឡើយ។ ម្យ៉ាងទៀត ការសង្ស័យដែលទាក់ទងនឹងបញ្ហាបច្ចេកទេស (ដូជា ម៉ាស៊ីនខូច) ក៏នៅមិនទាន់មានឃើញតម្រុយរឹងមាំណាមួយ មកបញ្ជាក់បានដូចគ្នា។ ដោយសារតែហេតុនេះ ទើបអ្នកស៊ើបអង្កេតបានគិតថា គឺអ្នកបើកបរយន្ដហោះផ្ទាល់នេះតែម្ដង ដែលមានបំណងចង់ប្ដូរទិសដៅ របស់យន្ដហោះ។ ប៉ុន្តែដើម្បីអ្វី ក្នុងមូលហេតុអ្វី? អ្នកស៊ើបអង្កេតទាំងនោះ បានបង្ហើបទៀតថា ទំនងជាលទ្ធផល នៃក្ដីអស់សង្ឃឹម។
កាលពីសប្ដាហ៍មុន អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី បានប្រគល់ទៅឲ្យភ្នាក់ងារស៊ើបអង្កេតអាមេរិក អេហ្វប៊ីអាយ នូវប្រព័ន្ធកំព្យូទ័រ ដែលរៀបជាការបើកបរយន្ដហោះសាកល្បង របស់លោក ហ្សាហារី អាមេដ សារ មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ដើម្បីស្រាវជ្រាវឆែកឆេរ។ លោក ជេម ខូម៉ី (James Comey) នាយកគ្រប់គ្រងរបស់ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) របស់អាមេរិកនេះ បានប្រកាសកាលពីថ្ងៃពុធកន្លងមកថា «ការពិនិត្យរុករកក្នុងម៉ាស៊ីនបើកបរសាកល្បងតាមប្រព័ន្ធកំព្យូទ័រ របស់អ្នកបើកបរយន្ដហោះ នឹងអាចរួចរាល់នៅរវាងពី១ឬ២ថ្ងៃខាងមុខនេះ»។
ទិន្និន័យជាច្រើនត្រូវបានលប់ចេញ ពីម៉ាស៊ីនបើកបរសាកល្បង
អ្នកស៊ើបអង្កេត ចងយកត្រឡប់មកវិញនូវទិន្នន័យទាំងនោះ ដែលត្រូវបានលប់ចេញពីអង្គផ្ទុករបស់កំព្យូទ័រ កាលពីអំឡុងដើមខែកុម្ភះ។ ការសែតម៉ាឡេស៊ី បានដកស្រង់នូវអ្វី ដែលគេបានរកឃើញនៅក្នុង ម៉ាស៊ីនបើកបរសាកល្បងនោះ មកសរសរថា មេបញ្ជាការបើកបរយន្ដហោះប៊ូអីង បានរៀនបើកជាញឹកញយ ឆ្ពោះទៅកាន់ព្រលានយន្ដហោះផ្សេងទៀត ដែលស្ថិតនៅក្នុងឬនៅក្បែរមហាសមុទ្រឥណ្ឌា។ ព្រលានយន្ដហោះទាំងនោះ មានចំងាយផ្លូវសម្រាប់ចុះចតតែ១០០០ម៉ែត្រប៉ុណ្ណោះ បើប្រៀបធៀបមកព្រលានយន្ដហោះជាទូទៅ ដែលមានចម្ងាយផ្លូវសម្រាប់ការចុះចត រហូតដល់ទៅ២៥០០ម៉ែត្រ។ គេឆ្ងល់ថា ហេតុអ្វីបានអ្នកបើកបរយន្ដហោះប៊ូអីង ៧៧៧ រូបនេះ ព្យាយាមហ្វឹកហាត់យកការចុះចត នៅលើព្រលានដ៏ខ្លីរបៀបនេះ?
យន្ដហោះដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង បានងាកចេញពីផ្លូវរបស់វា នៅក្រោយបន្តិច ពីពេលយន្ដហោះបានបង្ហើបជើង ចេញព្រលានយន្ដហោះអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី។ យន្ដហោះបានបន្តដំណើរឆ្ពោះទៅកាន់ទិសខាងត្បូង រហូតដល់ធ្លាក់ក្នុងទឹកសមុទ្រ ដែលទំនងជាបណ្ដាលមកពី«អស់សាំង»។ បើតាមការគណនារបស់ក្រុមអ្នកជំនាញ ពីពេលដែលបានបង្ហើបខ្លួន រហូតធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូងនោះ យន្ដហោះបានប្រើរយៈចម្ងាយ៥៥០០គីឡូម៉ែត្រ ដែលដូចជាខ្លីពេក បើប្រៀបធៀបនឹងចំងាយផ្លូវហោះហើរជាធម្មតា របស់យន្ដហោះប្រភេទនេះ ដែលអាចមានរហូតដល់ទៅ ៩៦០០គីឡូម៉ែត្រ។
យន្ដហោះ«ខ្មោច» ...
ក្រុមមេធាវីអាមេរិក ដែលបានការពារក្ដី ក្នុងបណ្ដឹងរបស់ជនជាតិឥណ្ឌូនេស៊ីមួយរូប ប្រឆាំងនឹងក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ និងក្រុមហ៊ុនផលិតយន្ដហោះ ប៊ូអីង បានគិតថា អគ្គិភ័យឬសម្ពាធខុសប្រក្រតីនៅក្នុងបន្ទប់បើកបរយន្ដហោះ បានធ្វើឲ្យអ្នកបើកបរទាំងពីររូបបាត់បង់ស្មារតី ហើយបន្ទាប់ពីនោះយន្ដហោះប៊ូអ៊ីង បានក្លាយជាយន្ដហោះ«ខ្មោច» (គ្មានអ្នកបើក)។
កូនប្រុសចេញមុខការពារឪពុក
សម្រាប់កូនប្រុសរបស់ លោក ហ្សាហារី អាមេដ សារ បានបដិសេធចោលនូវរាល់ការលើកឡើងទាំងឡាយ ដែលថាគ្រោះថ្នាក់នៃយន្ដហោះប៊ូអីង បណ្ដាលមកពីឪពុកខ្លួន។ យុវជនកូនអ្នកបើកបរយន្ដហោះ បានថ្លែងប្រាប់សារព័ត៌មានមួយរបស់ម៉ាឡេស៊ីថា ៖ «ខ្ញុំមិនគិតដូចអ្វី ដែលគេចោទប្រកាន់ឪពុកខ្ញុំនោះទេ។ ខ្ញុំស្គាល់ឪពុកខ្ញុំច្បាស់ណាស់។»
លោក ហ្សាហារី អាមេដ សារ ត្រូវបានសាច់ញាតិ និងមិត្តរួមអាជីពបញ្ជាក់អះអាងថា លោកជាអ្នកមានជំនក់ចិត្តមួយរូប ខាងផ្នែកអាកាសចរណ៍។ សហសេវិកមួយរូប ដែលបានធ្វើជាជំនួយការបើកយន្ដហោះជាមួយលោក បានថ្លែងឲ្យដឹងថា លោក ហ្សាហារី អាមេដ សាដ៍ ស្គាល់យន្ដហោះប៊ូអ៊ីង ៧៧៧ ដូចហោប៉ៅរបស់លោកយ៉ាងអញ្ចឹង៕
---------------------------------------------------------
ដោយ សុបិន្ត (ទំនាក់ទំនង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ មីនា ២០១៤