វិភាគ​តាម​ព្រឹត្តិការណ៏៖ បក្ស​ទាំង​ពីរ​គ្មាន​ឆន្ទៈពិត ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ

ទាំងសង្គមស៊ីវិល ទាំងអ្នកវិភាគឯករាជ្យ និងគណបក្សប្រឆាំងតែងតែលើកឡើង ពីបញ្ហាវិបត្តិ និងភាពជាប់គាំង ខាងនយោបាយនៅកម្ពុជា នាពេលច្ចុប្បន្ននេះថា ជារឿងត្រូវធ្វើការដោះស្រាយ និងកែទម្រង់។ ដោយឡែកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅតែអះអាងថា កម្ពុជាគ្មានជាប់គាំងបញ្ហានយោបាយឡើយ មកទល់ហ្នឹងពេលនេះ។
វិភាគ​តាម​ព្រឹត្តិការណ៏៖ បក្ស​ទាំង​ពីរ​គ្មាន​ឆន្ទៈពិត ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញថ្ងៃទី២៧ មីនា ២០១៤
  • កែប្រែចុងក្រោយ: March 28, 2014
  • ប្រធានបទ: វិភាគនយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិភាគនយោបាយ - ទោះជាយ៉ាងនេះក្តី គណបក្សធំៗទាំងពីរ ដែលទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ចូលរួមក្នុងរដ្ឋសភាជាតិ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមកនេះ បានព្យាយាមខិតរកគ្នា ក្នុងការដោះស្រាយនូវភាពប្រទាំងប្រទើស ក្នុងការមើលមុខគ្នាមិនចំនេះ។

ហាក់ដូចជាគាំទ្រនូវវិបត្តិនយោបាយ ក្រោយការបោះឆ្នោត ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ព្រះអង្គបានមានព្រះតម្រិះដ៏ខ្ពង់ខ្ពស់ បង្កើតឲ្យមានជំនួប ប្រជុំពិភាក្សាគ្នា រវាងប្រតិភូគណបក្សប្រជាជនកម្ពុជា និងប្រតិភូគណបក្សសង្គ្រោះជាតិ ក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រទេសជាតិ។

ជាលទ្ធផល នៃព្រះរាជតម្រិះរបស់អង្គព្រះមហាក្សត្រ ប្រតិភូគណបក្សប្រជាជនកម្ពុជា និងប្រតិភូគណបក្សសង្គ្រោះជាតិ បានចាប់ដៃគ្នា ចូលរូមពិភាក្សាក្នុងជំនួបកំពូល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។ ភាគីទាំងពីរបានឯកភាព គោរព និងអនុវត្តយ៉ាងហ្មតចត់ តាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលបានអំពាវនាវដល់ជនរួមជាតិ ទាំងបាតុករ និងសមត្ថកិច្ច បញ្ឈប់ការប្រើប្រាស់អំពើហិង្សា តាមគ្រប់រូបភាព ដែលបណ្តាលឲ្យរបួស និងបាត់បង់ជីវិត ជាហេតុនាំឲ្យមានវិបត្តិ កាន់តែធ្ងន់ធ្ង ដល់ប្រទេសជាតិទាំងមូល។

ក្រោយកិច្ចជំនួបកំពូល កាលពីថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៣ ប្រតិភូគណបក្សទាំងពីរ ក៏បានឯកភាពគ្នា ប្រកាន់យកប្រពៃណីអហិង្សា យោគយល់ រាប់អាន ក្នុងនាមជាខ្មែរ ស្ថិតក្រោមការអត់ធ្មត់ខ្ពស់ ដើម្បីរកឱកាសពិត ក្នុងការដោះស្រាយបញ្ហាជាតិ តាមរយៈបង្កើតយន្តការមួយ ដើម្បីកែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។ ហើយគណបក្សទាំងពីរ បានសម្រេចបន្តជួបចចារតទៅទៀត តាមគ្រប់កម្រិត ក្នុងគោលបំណងដោះស្រាយបញ្ហាជាតិ។

បន្ទាប់ពីចរចារ និងឯកភាពគ្នា ពីការបញ្ឈប់ការប្រើប្រាស់ នូវអំពើហិង្សា និងការដាក់ខ្លួន ស្ថិតក្នុងភាពអត់ធ្មត់ខ្ពស់ ដោយស្វាគមន៍ចំពោះឆ្នាំថ្មី គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានបញ្ជូល នូវកម្លាំងប្រដាប់អាវុធចម្រុះរបស់ជាតិ ជាមួយនិងការប្រើប្រាស់ នូវអាវុធជាតិផ្ទុះ រួមជាមួយគ្រាប់ពិត បានធ្វើឲ្យកម្មករស្លាប់ និងរបួស បាត់ខ្លួន និងការចាប់ដាក់ពន្ធនាគារជាច្រើន អំឡុងពេលមានបាតុកម្ម ទាមទារតម្លើងប្រាក់ខែ របស់កម្មករនៅលើកំណាត់ផ្លូវវ៉េងស្រេង និងលើកំណាត់ផ្លូវជាតិលេខបួន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។

ក្រុមអ្នកវិភាគមើលឃើញថា ជាបន្តបន្ទាប់មកទៀត រដ្ឋាភិបាលក៏នៅបន្តការប្រើប្រាស់ នូវកម្លាំងចម្រុះ ដែលជាសមត្ថកិច្ចរបស់ជាតិ រារាំងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលអនុញ្ញាតិដោយច្បាប់ជាតិ ពិសេសច្បាប់រដ្ឋធម្មនុញ្ញ។ ជាងនេះទៅទៀត អាជ្ញាធរក្រុង ក៏ដូចជាក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួន បានបញ្ជូនជាបន្តបន្ទាប់ នូវកម្លាំងបុគ្គល «ឯកជន» មកវាយដុំ និងចាប់ខ្លួនប្រជាពលរដ្ឋ ក្នុងពេលពួកគាត់ប្រើប្រាស់សិទ្ធិស្របច្បាប់ និងអហិង្សានោះ។

ក្រោយពីមានវិបត្តិនេះ នៅមិនទាន់ត្រូវបានបញ្ចប់ និងដោះស្រាយដោយអាជ្ញាធររដ្ឋាផិបាល គណបក្សនយោបាយទាំងពីរ នៅតែបង្កើតឲ្យមានជំនួប ក្នុងគោលបំណងដោះស្រាយបញ្ហា ដែលកើតមានកន្លងមក។ ចាប់តាំពីកិច្ចប្រជុំលើកទីមួយ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា ក្នុងវិមានរដ្ឋចំការមន និងជាបន្តបន្ទាប់ មកដល់ជំនួបលើកទីប្រាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤នេះ ឃើញថា «ការសម្រេចរៀបចំស្ថាប័នបោះឆ្នោត ឲ្យស្ថិតនៅជាឯករាជ្យ»នោះ មិនទាន់មានការចុះសម្រុងគ្នា រវាងគណបក្សទាំងពីរតាមយន្តការ ដែលបានព្រមព្រៀងគ្នា ក្នុងរយៈកាលកន្លងមកនៅឡើយទេ។

អ្នកតាមដានស្ថានការនយោបាយ នៅកម្ពុជា បានចាត់ទុកថា ភាពមិនត្រូវគ្នា ក្នុងជំនួបប្រជុំជាបន្តបន្ទាប់មកនេះ ឃើញជជែកគ្នាច្រើន លើ«ស្ថាប័នបោះឆ្នោត» ដែលខាងគណបក្សសង្គ្រោះជាតិស្នើ ឲ្យធ្វើយ៉ាងណា ដាក់ស្ថាប័នមួយនេះ ស្ថិតក្នុងភាពឯករាជ្យ។ ឯ គណបក្សប្រជាជនកម្ពុជាវិញ នៅតែប្រកាន់ជំហរថា ស្ថាប័ន គ.ជ.ប មួយនេះកំពុងស្ថិតនៅឯករាជ្យហើយ មិនចាំចាច់ធ្វើការផ្លាស់ប្តូរនោះទេ។

សម្រាប់អ្នកវិភាគសង្គម និងក្រុមសង្គមស៊ីវិល បានចាត់ទុកថា រាល់ជំនួបទាំងអស់ នៅមិនទាន់មានគោលដៅ ច្បាស់លាស់នៅឡើយ។ លោក កែម ឡី បានលើកឡើងថា ការចរចារត្រូវមានគោលការណ៍ គោលដៅ និងការរំពឹងទុកឲ្យបានច្បាស់លាស់។ លោកបន្តថាទាំងមុខងារ ទាំងពេលវេលានៃក្រុមចចារ ត្រូវស្ថិតក្នុងកម្មវត្ថុជាចំបង។ លោកបានបង្ហាញថា បើគ្មានការជាប់គាំងផ្នែកនយោបាយទេ ក៏គ្មានការចចារដែរ។ ហើយធ្វើយ៉ាងណា ត្រូវរកចំណុច នៃការជាប់គាំងនយោបាយនោះឲ្យឃើញ និងធ្វើការដោះស្រាយ។ ជាមួយគ្នានេះ ក្នុងនាមលោកជាអ្នកវិភាគឯករាជ្យ លោកចង់ឲ្យមានស្ថាប័នបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ស្ថិតនៅជាឯករាជ្យ និងត្រូវមានអាជ្ញាកណ្តាល ក្នុងកិច្ចចចារ។

ឯលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីត្រឡប់មកពីក្រៅប្រទេស កាលពីថ្ងៃទី២៦ ខែមីនា ក្នុងសន្និសិទសារព័ត៌មានម្សិលម៉ិញនេះ លោកបានចាត់ទុកថា ទោះជាដំណើរការចរចា របស់គណៈកម្មការចម្រុះនេះ មានចំណុចភាគច្រើនមិនត្រូវគ្នា ពិសេសលើការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត។ លោកលើកឡើងថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ ព្យាយាមរកដំណោះស្រាយ ទៅតាមគ្រប់មធ្យោបាយ ដោយសន្តិវិធី និងគោរពឆន្ទៈប្រជារាស្ត្រ។ លោកថា៖ «ការកែទម្រង់ស្ថាប័នបោះឆ្នោត ជាវិធីតែមួយគត់ អាចបញ្ចប់វិបត្តិនយោបាយ នៅកម្ពុជា»។

សម្រាប់មន្រ្តីជាន់ខ្ពល់​គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនចង់ប៉ះពាល់ ឬសើរើស្ថាប័នបោះឆ្នោតនោះទេ ព្រោះវាអាចបន្តឲ្យមានភាពជាប់គាំង ខាងនយោបាយកាន់តែធ្ងន់។ លោកបន្តថា ការសម្រេចយ៉ាងណា ពាក់ពន័្ធនឹងស្ថាប័នបោះឆ្នោត នោះ (វា) អាស្រ័យលើថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា។

សូមរំលឹកថា ជំនួបទាំងប្រាំកន្លងមក រវាងគណបក្សធំៗទាំងពីរ ក្នុងវិមានព្រឹទ្ធសភា រួមមានក្នុងកិច្ចប្រជុំដំបូងថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៤ មានការឯកភាពគ្នានូវចំណុចមួយចំនួន រួមទាំងការចេញនូវសេចក្តីថ្លែងការរួម។ ជំនួបលើកទីពីរ កាលពីថ្ងៃទី៣ ខែមីនា គណបក្សទាំងពីរ ក៏បានឯកភាគគ្នា លើបីចំណុច។ មកដល់ជំនួបលើកទីបី ថ្ងៃទី១០ ខែមីនា គណបក្សទាំងពីរមិនបានឯកភាគគ្នា ក្នុងកិច្ចជំនួបនោះឡើយ ហើយក៏មិនបានចេញ នូវសេចក្តីថ្លែងការណ៍រួមដែរ។ លុះក្នុងជំនួប លើកទីបួន ថ្ងៃទី១៧ ខែមីនា គណបក្សទាំងពីរបានឯកភាគគ្នា រហូតដល់១៤ចំណុច។ ដោយឡែក ក្នុងជំនួបទីប្រាំ ថ្ងៃទី២៤ ខែមីនា គណបក្សទាំងពីរ បែរជាប្រកាន់ជំហររៀងៗខ្លួន មិនអនុវត្តតាមការព្រមព្រៀងគ្នា ក្នុងជំនួបមុនៗ ពិសេសជំនួបកំពូល មិនឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងការធ្វើកំណែរទម្រង់ ស្ថាប័នបោះឆ្នោត ហើយសម្រេចផ្អាកការចចារទៅវិញ៕ ដោយ អ៊ុម វ៉ារី

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...