កម្លាំង​ខណ្ឌ​ច្បារ​អំពៅ​ដេញ​កម្មករ​រោង​ចក្រ​ខួយ ស៊ីង មិនឲ្យ​ប្រជុំ​គ្នា​សួរ​ពី​ការ​សន្យា​របស់​ខណ្ឌ

ក្រុមកម្មកររោងចក្រ ខួយ ស៊ីង ត្រូវបានកងកម្លាំងខណ្ឌដេញចេញពីមុខ សាលាខ័ណ្ឌច្បារអំពៅ ខណៈពេល​ដែល​ពួក​គាត់​បាន​ទៅ​សួរ​នាំ អំពីដំណើរការនៃការដោះស្រាយបញ្ហា ដែលរោងចក្រ ខួយ ស៊ីង មិនបើកប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ បន្ទាប់​ពី​រោង​ចក្រ​នេះ បាន​បិទ​ទ្វា​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 27, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាលើកទី ៣ ហើយ ដែលក្រុមកម្មកររោងចក្រ ខួយ ស៊ីង បានមកប្រមូលផ្ដុំគ្នា នៅមុខសាលាខណ្ឌច្បារអំពៅ ដើម្បី​ឲ្យ​អភិបាលខ័ណ្ឌនេះ ជួយដោះស្រាយរឿងរោងចក្ររបស់ខ្លួន ដែលបានបិទទ្វា ដោយមិនបានប្រាប់ដំណឹង និងមិនបើក​ប្រាក់​អត្ថប្រយោជន៍មួយចំនួន ឲ្យកម្មករ។ កម្មករ ដែលមានចំនួនប្រមាណជាង ២០០នាក់ បានរត់រប៉ាត់រប៉ាយ បន្ទាប់ពី​ក្រុមកងកម្លាំងសមត្ថកិច្ច ជាង ២០នាក់ បានបើករថយន្ត និងម៉ូតូដេញពួកកម្មករ ឲ្យចេញពីមុខសាលាខណ្ឌច្បារអំពៅ ដោយមិនឲ្យពួកគាត់ នៅឈរស្រែកតវ៉ានៅទីនោះទៀត នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈនេះ។

កម្មការិនីនៅរោងចក្រ ខួយ ស៊ីង មួយរូប អ្នកស្រី សែម មុន្ថា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូទាំងសំឡេងញ័រ និង​ភ័យ​ខ្លាចថា ពេលនេះ នៅមុខសាលាខណ្ឌច្បារអំពៅ កងសន្តិសុខកំពុងតែបើករថយន្ត ដេញពួកគាត់ ឲ្យចេញពីកន្លែង​នោះ ហើយបានគំរាមចាប់ប្រុសៗ ដាក់រថយន្តទៀតផង។ អ្នកស្រីថា ពួកគាត់មកសាលាខណ្ឌនេះ ព្រោះកាលពីថ្ងៃទី ២៥ ខែកុម្ភៈ សាលាខណ្ឌបានប្រាប់ពួកគាត់ថា នឹងដោះស្រាយបញ្ហាឲ្យ ចំពោះករណីដែលរោងចក្របិទទ្វា ទាំងមិនជូន​ដំណឹង និងមិនបើកប្រាក់ឲ្យកម្មករ។ ប៉ុន្តែនៅពេលដែលមកដល់ បែជាអ្នកផ្សេង ចេញមុខមកឆ្លើយតប ប្រាប់ពួកគាត់​ទៅ​វិញ ដែលខុសពីមនុស្ស ដែលបានសន្យាថា នឹងដោះស្រាយឲ្យនៅថ្ងៃនេះទៅវិញ ហើយថាថ្ងៃអង្គារអាទិត្យក្រោយ ទើប​សាលាខណ្ឌ ដោះស្រាយបញ្ហានេះជូនពួកគាត់។

ក្រោយពីត្រូវបានក្រុមកងកម្លាំងបណ្ដេញ ឲ្យចេញពីមុខសាលាខណ្ឌ ក្រុមកម្មករ បានត្រឡប់មកយាមរោងចក្របន្តទៀត ដោយខ្លាចម្ចាស់រោងចក្រ ចូលមកលួចដឹកម៉ាស៊ីនដេរទៅអស់ ហើយក្រុមកម្មករ នឹងមិនមានអ្វីជាថ្នូរ សំរាប់ជម្រុញឲ្យ​រោង​ចក្រ បើកប្រាក់អត្ថប្រយោជន៍ឲ្យខ្លួននោះទេ។ អ្នកស្រី សែម មុន្ថា បានត្អូញត្អែរដាក់សាលាខណ្ឌទៀតថា៖ «កាល​ពី​លើក​ទីមួយ ក៍ថាដូចគ្នានេះដែរ ថាចាំថ្ងៃនេះថ្ងៃនោះ ប៉ុន្តែគ្មានដំណោះស្រាយ»។

អ្នកស្រី ស៊ីន អាំមីរស់ ជាកម្មករមួយរូបទៀត បានរៀបរាប់ប្រាប់ទស្សនាមនោរម្យ.អាំងហ្វូថា អ្នកស្រីបានធ្វើការនៅទីនោះ ៨ឆ្នាំជាងមកហើយ ហើយប្រាក់ខែគុណរបស់គាត់ ក៍ច្រើនគួសមដែរ។ ប៉ុន្តែរោងចក្រមិនបានបើក ឲ្យពួកគាត់នោះទេ ទើប​គាត់សុខចិត្ត ទៅគេងយាមរោងចក្រ ជាមួយនឹងកម្មកររោងចក្រស្រីៗ ជាច្រើននាក់ទៀត ដើម្បីកុំឲ្យម្ចាស់​រោងចក្រ​ដឹក​ម៉ាស៊ីន ចេញពីរោងចក្របាន។ អ្នកស្រីនិយាយថា៖ «ពួកគាត់មានការភ័យខ្លាចណាស់ដែរ ដែលមកប្រថុយគេង​យាម​រោងចក្រ ប៉ុន្តែវាគ្មានដំណោះស្រាយណា ក្រៅពីនេះទៀតទេ បើសិនជាដឹកម៉ាស៊ីនយកទៅអស់ ពួកគាត់គឺត្រូវចប់ត្រឹម​ណ្នឹងហើយ»។ ការមកគេងនៅរោងចក្រនេះ ពួកគាត់ត្រូវប្រឈមច្រើន ពាក់ព័ន្ធនឹងសុខភាព និងខាតបង់ពេលវេលា​ធ្វើការ។

កម្មការិនីរូបនេះ បានបន្ថែមយ៉ាងដូច្នេះថា ក្រុមពួកគាត់នឹងរងចាំការដោះស្រាយ ពីសាលាខ័ណ្ឌច្បារអំពៅ ត្រឹមថ្ងៃអង្គារទី ៣ ខែកុម្ភៈម្តងទៀត។ លើកកាលកំណត់នេះ ហើយបើសិនជាសាលាខ័ណ្ឌ មិនអាចដោះស្រាយបញ្ហានេះបានទេ ពួក​គាត់​នឹងទៅរកគណៈកម្មការនៃរដ្ឋសភា ឲ្យជួយដោះស្រាយវិញម្តង។

មិនអាចទាក់ទងមន្ត្រីទទួលខុសត្រូវ របស់សាលាខណ្ឌច្បារអំពៅ ដើម្បីធ្វើការបកស្រាយបានទេ នៅពេលនេះ។

គួរបញ្ជាក់ថា រោងចក្រ ខួយ ស៊ីង ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបិទទ្វាមិនដំណើរការ តំាងពីថ្ងៃទី ៣១ ខែមករា ២០១៥មកម្លេះ ដោយមិនបានប្រាប់នយោជិករបស់ខ្លួននោះទេ ថែមទាំងមិនបានគិត​ប្រាក់​ឈ្នួល​អត្ថប្រយោជន៍ ៣ចំណុច តាមច្បាប់ការងារឲ្យកម្មករទៀតផង ទើបកម្មកររោងចក្រនេះ នាំគ្នាទៅតវ៉ា សុំការ​អន្តរាគមន៍​ពីសាលាខ័ណ្ឌ ជាច្រើនដងដូច្នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...