ភ័យនឹងផាវផ្ទុះ ខ្លាមួយក្បាលស្ទុះហក់ពីអាគារ ធ្លាក់ស្លាប់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ កុម្ភៈ ២០១៤
- កែប្រែចុងក្រោយ: February 27, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្លាឈ្មោលមួយក្បាល ដែលមានអាយុប្រមាណជា ៧ខែ បានស្លាប់ នៅខាងក្រោមអាគារស្នាក់នៅមួយ ក្នុងខេត្ត សានដុង (Shandong) ភាគខាងកើត នៃប្រទេសចិន បន្ទាប់ពីវាបានលោតចេញពីបន្ទប់ កន្លែងដែលវាបានរស់នៅមុននេះ។ ខ្លាវ័យជំទង់មួយក្បាលនេះ ទំនងជាបានភ័យនឹងសម្លេងដុតផាវ នាឱកាសចូលឆ្នាំចិន កន្លងមកនេះ។
អ្នកដែលឃើញ ហេតុការណ៍នេះមុនគេ គឺប្ដីប្រពន្ធពីរនាក់ ដែលបានវិលត្រឡប់ ពីអាហារពេលល្ងាច នាពេលចូលឆ្នាំថ្មី ថ្ងៃទី១៨ ខែកុម្ភៈ ហើយបានវិលត្រឡប់មកផ្ទះវិញ។ នៅក្នុងចំណតរថយន្ដ ខាងក្រោមអាគារ ពួកគេបានប្រទះឃើញ សាកសពសត្វមួយក្បាល ដែលអ្នកទាំងពីរគិតដំបូងឡើងថា ជាសាកសព្វ របស់សត្វឆ្កែដ៏ធំមួយ។ នេះបើតាមសារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃ នៅក្នុងតំបន់ឈ្មោះ Bandao Dushi Bao។ ប៉ុន្តែ នៅពេលដើរទៅជិត ទើបអ្នកទាំងពីរយល់ថា ជាសត្វខ្លាជំទង់មួយក្បាល ដូចរូបថតជាច្រើន ត្រូវបានគេយកមកបង្ហោះ ពេញបណ្ដាញសង្គម។
សារព័ត៌មានចិនថ្មី បានរាយការណ៍ថា សត្វខ្លាបានរើខ្លួន រួចពីចំណងច្រវាក់ និងទ្រុងរបស់វា ហើយបានលោតចេញពីបន្ទប់ ដែលមានកំពស់ដ៏ខ្ពស់។ សត្វខ្លា ទំនងជាភ័យខ្លាច នឹងសម្លេងដុតផាវ ដែលមានលក្ខណៈជាប្រពៃណី របស់ជនជាតិចិន ក្នុងពេលចូលឆ្នាំថ្មីម្ដងៗ។ សារព័ត៌មាន បានរាយការណ៍ទៀតថា នៅពេលនេះ នគរបាលចិនកំពុងធ្វើការស៊ើបអង្កេត ទៅលើករណីបង្ខាំងខ្លានេះ នៅក្នុងអាគារស្នាក់នៅបែបនេះ។
នៅក្នុងប្រទេសចិន ចំនួនសត្វខ្លាដែលត្រូវបានចាប់មកចិញ្ចឹម មានចំនួនកើនឡើងយ៉ាងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ។ របាយការណ៍មួយបានឲ្យដឹងថា ចំនួនសត្វខ្លា ដែលត្រូវបានយកមកចិញ្ចឹមនោះ មានចំនួនដល់ទៅ ៦០០០ក្បាល នៅក្នុងកសិដ្ឋានចំនួនជាង២០០។
ប៉ុន្តែផ្ទុយមកវិញ សត្វកំណាចនេះបែរជាមានចំនួនកាន់តែតិចទៅៗ នៅក្នុងធម្មជាតិទៅវិញ។ កាលពីមួយសតវត្សមុន សត្វខ្លានៅក្នុងប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង១សែនក្បាល ខណៈក្នុងពេលបច្ចុប្បន្ន មានចំនួនត្រឹមតែ៣ពាន់ក្បាលប៉ុណ្ណោះ។ ការបាត់បង់នេះ ដោយសារមកពី មូលហេតុច្រើនយ៉ាង៖ ការបំផ្លាញព្រៃដែលជាជរកសត្វ ការពង្រីកដីដើម្បីសង់ផ្ទះ និងការប្រមាញ់ខុសច្បាប់៕