មេភូមិអត់ចេះអក្សរ៖ អ្នកភូមិព្រៃព្រិច អត់ទុកចិត្តសង្កាត់
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៧ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 27, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការស៊ើបអង្កេតរបស់សង្កាត់ ប៉ោយប៉ែត ទៅលើករណីបណ្ដឹងពលរដ្ឋ ឲ្យដកមេភូមមួយរូបចេញ នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ នៅមិនទាន់ចេញ ជាផ្លែផ្កាអ្វីនៅឡើយ។ សម្រាប់ពលរដ្ឋ អ្នកភូមិព្រៃព្រិចវិញ បានសម្ដែងការសង្ស័យថា ខាងសង្កាត់អាចនឹងឃុបឃិត ជាមួយមេភូមិនោះទៀត។
អ្នកភូមិម្នាក់ បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹង ក្នុងព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះថា អ្នករស់នៅក្នុងភូមិនេះទាំងអស់ ហាក់មិនមានទំនុកចិត្ត ទៅលើសង្កាត់ឡើយ ព្រោះការតវ៉ា ពីបញ្ហាមេភូមិនេះ មិនមែនទើបនឹងធ្វើ ជាលើកទីមួយនោះទេ តែវាជាលើកទីបីហើយ តែនៅមិនទាន់បាន ទទួលលទ្ធផល ដែលប្រជាពលរដ្ឋ អាចទទួលយកបានទៀត។ អ្នកភូមិ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនប្រាប់ឈ្មោះ បានថ្លែងទៀតថា មានអ្នកខ្លះ មិនហ៊ានធ្វើដំណើរទៅមកណា ដោយមិនប្រុងប្រយ័តនោះទេ ព្រោះធ្លាប់មានពាក្យគម្រាមកំហែង ពីអ្នកប្លែកមុខ ដែលចេញចូលផ្ទះមេភូមិនេះ មកពីកន្លែងផ្សេង។ នៅមានរឿងមួយចំនួនទៀត ដែលអ្នកភូមិម្នាក់នេះ បានបង្ហើបឲ្យដឹងទៀតថា អ្នកខ្លះ មានឈ្មោះនៅក្នុងបញ្ជីខ្ចីប្រាក់ ពីធនាគារ ហេតុនេះ ទោះជាពួកគាត់មិនពេញចិត្តមេភូមិនេះ ក៏ត្រូវតែទៅសុំហត្ថលេខាពីគាត់ដែរ។
អ្នកភូមិម្នាក់ទៀត អ្នកស្រី តឿន វិត បានប្រាប់ទស្សនាវដ្តីដឹងដែរថា អ្នកភូមិកំពុងរស់នៅ ជាមួយនឹងភាពភ័យខ្លាច។ អ្នកស្រីបានបញ្ជាក់ថា អ្នកភូមិមួយចំនួនហ៊ានចេញមុខតវ៉ា តែអ្នកខ្លះមិនហ៊ានទេ ព្រោះខ្លាចអំណាចនៃការសម្លុត ជាពិសេសមានការបារម្ភ នៅពេលដែលមានកិច្ចការ ត្រូវសុំការបញ្ជាក់ពីមេភូមិរូបនោះ ខ្លាចមានការ យកលុយកាក់ច្រើនជាដើម។ អ្នកស្រីថា តាំងពីពេលដែលសាលាសង្កាត់ ទទួលយកមកដោះស្រាយ នូវពាក្យបញបណ្តឹងអ្នកភូមិនោះ មានរយៈពេល៤ថ្ងៃហើយ តែពួកគាត់បានទទួលត្រឹមតែពាក្យថា ឲ្យនៅស្ងៀមសិនទៅ ចាំធ្វើការដោះស្រាយឲ្យ។ អ្នកស្រីថ្លែងថា៖ «សម្តីនេះ ដូចកាលពី ២លើក មុនៗអញ្ចឹង»។
ព្រមានបន្តសំនុំរឿង...
អ្នកស្រីបានបញ្ជាក់ ពីជំហរដ៏រឹងមាំថា អ្នកស្រីនិងអ្នកភូមិផ្សេងទៀត នឹងមិនបញ្ឈប់នោះទេ ទោះជាគ្មានការដោះស្រាយ ពីសាលាសង្កាត់ប៉ោយប៉ែតក៏ដោយ ពួកគាត់នឹងបន្តដាក់ពាក្យបណ្តឹង ទៅកាត់សាលាខេត្តបន្តទៀត ដើម្បីទទួលបានភាពយុត្តិធម៌សមរម្យ។ អ្នកស្រីបានបន្ថែមថា បើពលរដ្ឋរស់នៅ ចង់មានសេចក្តីសុខ តែបើនៅក្នុងទឹកដីខ្លួនឯង បែជាមានទុក្ខទៅវិញនោះ អ្នកភូមិមិនស្ងប់ចិត្តទេ។
ទស្សនាវដ្តីមិនអាចទាក់ទង ទៅមេភូមិព្រៃព្រិច អ្នកស្រី ហុក លឿម បានទេ ព្រោះទូរស័ព្ទរបស់អ្នកស្រីបានបិទ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកស្រីធ្លាប់បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅផ្ទះអ្នកស្រីមានអ្នកចេញចូលច្រើនមែន ហេតុនេះ អ្នកភូមិគិតថាជាជនចម្លែកមុខ ហើយថាជាបក្សពួក។ តែអ្នកស្រីមិនបានឲ្យដឹង ពីទំនាក់ទំនងនោះថា ជាសាច់ញាតិ ឬយ៉ាងណានោះទេ។ ចំណេកឯចៅសង្កាត់ប៉ោយប៉ែត លោក នុត លី ក៏មិនអាចសុំការបំភ្លឺ ពីក្តីបារម្ភរបស់អ្នកភូមិនេះបាន ក្នុងពេលនេះដែរ ដោយទូរស័ព្ទរបស់លោក គ្មានអ្នកទទួល៕